Advertisement
ក្រុមហ៊ុន​អាមេរិក ត្រៀមរើការផលិត​ចេញពីចិន

Google និង Apple អះអាងថា ត្រៀមខ្លួនរួចហើយ ក្នុងការ​រើការផលិតចេញ​ពីចិន បើសិនចាំបាច់!


ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិក គឺ Google និង Apple ដែលមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកនៅប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរើការផលិតចេញពីប្រទេសចិន បើសិនជាចាំបាច់។ ការលើកឡើង​របស់​ក្រុមហ៊ុនទាំងពីរនេះ ធ្វើឡើង ក្រោយពេល​​រដ្ឋាភិបាល​អាមេរិក គំរាមកំហែង​ដំឡើង​ពន្ធគយ​លើទំនិញចិន ៣០០ ពាន់លានដុល្លារអាមេរិក​បន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន ដូចជា Bloomberg, Reuters និង South China Morning Post ជាដើម។
Google និង Apple អះអាងថា ត្រៀមខ្លួនរួចហើយ ក្នុងការ​រើការផលិតចេញ​ពីចិន បើសិនចាំបាច់!
ដោយ
Advertisement

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស គំរាមថា អាច​នឹង​ដំឡើង​ពន្ធ​លើទំនិញចិន ៣០០ ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត បន្ទាប់ពីកិច្ចប្រជុំ ​G20 ដែលនឹង​ធ្វើឡើង​នៅចុង​ខែនេះ។ ការគំរាមកំហែងរបស់លោកត្រាំនេះ គឺត្រូវបានគេមើលឃើញថា ហាក់ចង់​ឲ្យ​លោក​ប្រធានាធិបតីចិន លោក ស៊ីជិនពីង ជួបចរចាជាមួយលោក នៅអំឡុង​កិច្ចប្រជុំ G20 នោះ  ហើយបើគ្មាន​ការជួបចរចាគ្នាទេនោះ លោកនឹងសម្រេចចិត្ត​អនុវត្ត​ការដំឡើង​ពន្ធ​លើទំនិញចិន ៣០០ ពាន់លាន​ដុល្លារ​នោះ​ជាក់ជា​មិនខាន។

ស្ថិតក្នុងស្ថានការណ៍នេះដែរ ក៏មានក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗរបស់អាមេរិក ដូចជា Google និងក្រុមហ៊ុន​ផលិតគ្រឿងបង្គុំទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាន​ផលិត​នៅប្រទេស​ចិន បាន​ប្រកាសថា ពួកគេ​បានត្រៀមលក្ខណៈសម្បត្តិ​រួចរាល់ហើយ ក្នុងការ​រើផលិតកម្ម ចេញពី ប្រទេសចិន បើអាមេរិក​ពិតជា​ដំឡើង​ពន្ធ​លើទំនិញចិន ៣០០ ពាន់លាន​ដុល្លារ​នេះមែន។

ក្រុមហ៊ុន Google បានប្រកាសថា នឹង​ផ្លាស់ប្តូរការផលិត​គ្រឿងបង្គុំអេឡិចត្រូនិក​ចេញពីប្រទេសចិន ដើម្បីគេចផុតពីការ​ដំឡើង​ពន្ធរបស់អាមេរិក។ សារព័ត៌មាន South China Morning Post បានឲ្យដឹងថា ក្រុមហ៊ុន Google ក៏បាន​ផ្លាស់ប្តូរ​ការផលិត​គ្រឿងបង្គុំអេឡិចត្រូនិក​របស់ខ្លួន ជាច្រើនរួច​ហើយដែរ ចេញពីចិនដីគោក ទៅកោះតៃវ៉ាន់ ដើម្បី​ចៀសផុតពីការ​បង់ពន្ធ គយ ២៥% ។ ប្រភពព័ត៌មាន​ដដែលបានឲ្យដឹងទៀតថា ការដំឡើង​ពន្ធ​ពីសំណាក់ រដ្ឋាភិបាល​អាមេរិក ក៏បាន​ជំរុញ​ឲ្យក្រុមហ៊ុន​ផលិតគ្រឿង​បង្គុំអេឡិចត្រូនិក​អាមេរិក​ជាច្រើន បានរើចេញពី​ចិនដីគោក ទៅកោះតៃវ៉ាន់ និងប្រទេស​ម៉ាឡេស៊ីជាដើម។ 

មិនមែនតែ Google ទេ ដែលរើការផលិតរបស់ខ្លួន​បណ្ដើរៗចេញពីប្រទេសចិន ដៃគូផលិតគ្រឿងបង្គុំឲ្យ​ក្រុមហ៊ុន Apple គឺ Foxconn ឯណោះវិញ ក៏បាន​ប្រកាស​ឲ្យដឹងកាលពីពេល​ថ្មីៗនេះដែរថា ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​ ដើម្បីផលិត​គ្រឿងបង្គុំទាំងអស់ សម្រាប់​ទូរស័ព្ទ iPhone របស់អាមេរិក ដោយការរើការផលិត​ចេញ​ពីប្រទេសចិន បើវាពិតជាមានការចាំបាច់មែននោះ។ ទោះយ៉ាងណា មកទល់ពេលនេះ ក្រុមហ៊ុន Apple មិនទាន់បាន​ស្នើ​ឲ្យក្រុមហ៊ុន​ Foxconn ដែលជាដៃគូផ្គត់ផ្គង់​គ្រឿងបង្គុំ​របស់ខ្លួននោះ ឲ្យរើចេញពីប្រទេសចិន​នៅឡើយទេ។

តំណាង​ក្រុមហ៊ុន Foxconn បានឲ្យដឹងថា បច្ចុប្បន្ន​ ការផលិត​គ្រឿងបង្គុំ​សម្រាប់​ iPhone នៅក្រៅប្រទេស​ចិន គឺមាន ២៥% តែក្រុមហ៊ុននេះ បញ្ជាក់ថា ខ្លួន​អាចជួយ​រាប់រង​ការផលិត​គ្រឿងបង្គុំ​ទាំងអស់ឲ្យ ​Apple បាន ដោយមិនចាំបាច់​​ពឹងលើការផលិត​ក្នុងប្រទេសចិន​នោះឡើយ បើសិន​មានការ​ចាំបាច់។ តំណាងក្រុមហ៊ុន Foxconn បញ្ជាក់ទៀតថា បច្ចុប្បន្ន ការវិនិយោគ​រោងចក្រ​ផលិត​គ្រឿងបង្គុំសម្រាប់ Apple នៅប្រទេសឥណ្ឌា ក៏កំពុងតែចាប់ផ្ដើមផងដែរ។ 

គួរ​បញ្ជាក់ថា ក្រោយពីមានការអនុវត្ត​ដំឡើងពន្ធលើ​ទំនិញចិន នាពេលកន្លង បានជំរុញ​ឲ្យរោងចក្រ​ដែលមាន​មូលដ្ឋាន​ផលិត​នៅប្រទេសចិន​ជាច្រើន ​បាន​ចាកចេញពី​ប្រទេសចិន ទៅកាន់ប្រទេសមួយចំនួន នៅតំបន់​អាស៊ីអាគ្នេយ៍​ពិសេស គឺប្រទេស​ឥណ្ឌូនេស៊ី និងវៀតណាម​ជាដើម។ ក្នុងន័យនេះ វាក៏បានធ្វើឲ្យ​ការវិនិយោគផ្ទាល់​ពីក្រៅប្រទេស និងការនាំចេញ​របស់ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍ទាំងនេះ មានសន្ទុះកើនឡើង​យ៉ាងខ្លាំង។

ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ តាមការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម នារយៈចុងក្រោយនេះ គឺមានទំនិញ​ផលិត​នៅប្រទេសចិន​មួយចំនួន​បាន​ក្លែងបន្លំ​ប្រភពដើម និងបិទតែម ដាក់ថា បានផលិតក្នុងប្រទេស​វៀតណាម ដើម្បីនាំចេញទៅអាមេរិក គេចវេះពី​ការ​ដំឡើង​ពន្ធ​ពីសំណាក់រដ្ឋាភិបាលអាមេរិក។ ជុំវិញនឹង​បញ្ហានេះដែរ រដ្ឋាភិបាលវៀតណាម ក៏កំពុងដុតដៃដុតជើង តាមប្រមាញ់​ផលិតផល​ខុសច្បាប់ទាំងនោះផងដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ស ខេង៖ កម្ពុជា​នឹង​«ងាប់» បើ​សិន​ជា​មិន​បង្រ្កាប​ការ​លាង​លុយ​កខ្វក់

ព័ត៌មាន
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ (ទី១២ មិថុនា)នេះ ថា ប្រទេស​កម្ពុជា​នឹង​​«ងាប់» បើ​សិន​ជា​មិន​មាន​ការ​...

ក្រោយ​បញ្ចប់​ទស្សនកិច្ច​លើកទីពីរនៅ​កម្ពុជា គណៈកម្មការអឺរ៉ុប​ផ្ញើ​សារ​អំពី​អនាគត EBA

ព័ត៌មាន
កាលពីថ្ងៃ​ទី៣ ដល់ទី១០ ខែ​មិថុនា ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​បានមក​បំពេញ​ទស្សនកិច្ច​ស្វែងរក​ការពិត​លើក​ទីពីរ នៅកម្ពុជា ដើម្បីវាយតម្លៃ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ