ការទិញភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

អ្នកឧកញ៉ា គិត ម៉េង ទិញភាគហ៊ុនជាង៤០% របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងតម្លៃជាង១៦លានដុល្លារ


ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក ខេមបូឌា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុមរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនជាង៤០% តម្លៃជាង១៦លានដុល្លារ ពីក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី(តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) ដែលជាក្រុមហ៊ុនសាធារណៈ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។
តំបន់សេដ្ឋកិច្ចភ្នំពេញថតពីខាងលើ។ រូបភាព៖ ក្រុមហ៊ុន Royal Group

អ្នកឧកញ៉ា គិត ម៉េង ដែលទើបត្រូវបានបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថ្មី ចាត់ទុកការទិញភាគហ៊ុននេះជាការបោះជំហានមួយកម្រិតទៀតរបស់ក្រុមហ៊ុនខ្លួន និងសន្យាថា នឹងពាំនាំប្រព័ន្ធបច្ចេកវិទ្យា យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រង និងអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកាន់តែល្អប្រសើរ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានផ្ទៃដីជាង៣រយហិកតា និងមានក្រុមហ៊ុនផលិត និងសេវាកម្មជាតិ និងអន្តរជាតិជាង៩០កំពុងប្រតិបត្តិការ។

ក្រុមហ៊ុនអ៊ិនធើឡូជីស្ទីក(ខេមបូឌា)ដែលគេស្គាល់ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់មហាសេដ្ឋីដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង បានក្លាយជាភាគហ៊ុននិកធំជាងគេមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានទិញភាគហ៊ុនជាង ៤៥% ដែលមានតម្លៃជាង១៦លាន៧សែនដុល្លារអាមេរិករបស់ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិតភីអិលស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា ដែលបានគូសបញ្ជាក់ថា ការទិញលក់ភាគហ៊ុននេះត្រូវបានធ្វើឡើងនៅផ្សារមូលបត្រកម្ពុជា ដោយប្រើប្រាស់វិធីសាស្ត្រជួញដូរតាមការចរចា។ 

ក្រោយក្លាយជាភាគហ៊ុននិកធំជាងគេ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានអង្គប្រជុំវិសាមញ្ញរបស់ម្ចាស់ភាគហ៊ុននិក បោះឆ្នោតជ្រើសតាំងឲ្យធ្វើជាប្រធានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយអ្នកឧកញ៉ាចាត់ទុកការធ្វើជាប្រធានថ្មីលើកដំបូងជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្លួន។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះសង្ឃឹមថា ខ្លួននឹងអាចពាំនាំប្រព័ន្ធបច្ចេកវិទ្យា យុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រង និងអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញមួយកម្រិតទៀត។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៣៥៧ហិកតា ដោយមានក្រុមហ៊ុនផលិត និងសេវាកម្មជាតិ និងអន្តរជាតិជាង៩០ក្រុមហ៊ុនមកពី១២ប្រទេសកំពុងប្រតិបត្តិការ ហើយផ្តល់ការងារជូនបុគ្គលិកជាង៣ម៉ឺន២ពាន់នាក់។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការលើកទឹកចិត្ត និងប្រយោជន៍ដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគ តាមរយៈការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងទៀត។ បន្ថែមលើនេះ គឺដើម្បីចូលរួមកាត់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗទៀត សំដៅលើកកម្ពស់ការប្រកួតប្រជែងការនាំចេញ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោក បង្កើនការវិនិយោគរាប់ពាន់លានដុល្លារជំរុញការផលិតដែលកំពុងខ្វះខាត

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបធំៗជាច្រើននៅជុំវិញពិភពលោកកំពុងរៀបចំការវិនិយោគធំៗ តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួននៅក្នុងកន្លែងស្រាវជ្រាវ និងអភិវឌ្…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបាន «ពានរង្វាន់និយោជកឆ្នើមក្នុងព្រះរាជាណាចក្រកម្ពុជា» (Cambodia’s Best Employer Brand Awards) សម្រាប់ឆ្នាំ2022 ពីស្ថាប័នអន្តរជាតិ!

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឱ្យ​ដឹង​នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២ ថា ខ្លួន​មានមោទកភាពយ៉ាងខ្លាំងដែលទទួលបាន «ពានរង្វាន់និយោជក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ