លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង មើលឃើញថា ភាពជោគជ័យនៃប្រតិបត្តិការរបស់ធនាគារជីបម៉ុងបានជំរុញឲ្យធនាគារបន្ដបង្កើនដើមទុនរបស់ខ្លួនបន្ថែមទៀត ហើយវាជាមោទកភាពមួយរបស់ធនាគារ ជីប ម៉ុង។ ប្រធានធនាគាររូបនេះ បានលើកឡើងថា ធនាគារបង្កើតឡើង ដោយភាគទុនិកជាកូនខ្មែរ និងមានទុន ១០០ភាគរយ ជារបស់ខ្មែរ និងបច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក ចន ប៊ែល ជឿជាក់ថា ការដាក់ទុនបន្ថែមនេះនឹងជួយផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ តាមរយៈបច្ចេកវិទ្យាទំនើប និងសេវាកម្មឆាប់រហ័សដល់អ្នកប្រើប្រាស់។ អគ្គនាយកធនាគារជីប ម៉ុងបានបញ្ជាក់ថា បើទោះបីវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តក្ដី តែធនាគារ ជីប ម៉ុង នៅតែសម្រេចដាក់ទុនបន្ថែម ដើម្បីគាំទ្រតម្រូវការអ្នកប្រើប្រាស់ ដោយគោរពតាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិ និងធានាផ្ដល់ទំនុកចិត្តជូនអ្នកប្រើប្រាស់របស់ខ្លួន។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជិត ៧០០លានដុល្លារអាមេរិក។ ក្នុងនោះឥណទានសរុបកើនឡើងជិត ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជន ជាង ៦០០លានដុល្លារអាមេរិក។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានសាខាចំនួន៨ នៅទីក្រុងភ្នំពេញ និង៣សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប៕