ទោះយ៉ាងណា សាសារាជធានីភ្នំពេញមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
ឯកឧត្តម មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នគម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចការសាងសង់បានជាង៩០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងខែមីនា ឆ្នាំ២០២២ នេះ។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងសម្រុកសាងសង់ផ្លូវស្ពានលើអាកាស និងតុបតែងលម្អលើផ្នែកមួយចំនួន ខណៈផ្លូវក្រោមដីបានបញ្ចប់ការសាងសង់ស្ទើរតែ១០០% ហើយ។ តែយ៉ាងណា ឯកឧត្តម មិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
ទោះបីការដ្ឋានកំពុងដំណើរការសាងសង់ តែបច្ចុប្បន្នផ្លូវក្រោមដី ផ្លូវអាកាស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៃគម្រោងនេះ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់នោះ។
គម្រោងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិកត្រូវបានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ដែលមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់ ដោយគ្រោងចំណាយពេលសាងសង់៣០ខែ។
បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ។ បន្ថែមលើនេះ ក៏មានគម្រោងស្ពានអាកាសមួយចំនួនកំពុងដំណើរការសាងសង់ និងគ្រោងសាងសង់ជាច្រើនកន្លែងទៀតផងដែរ។ ក្រៅពីនេះរាជធានីភ្នំពេញមានស្ពានអាកាសសម្រាប់ថ្មើរជើងជាច្រើនកន្លែងទៀត៕