ការស្ទង់មតិរបស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ និងវិភាគអន្តរជាតិ ហ្គាឡាប់ បានបង្ហាញថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានស្ថិតក្នុងចំណោមប្រទេសឈានមុខគេទូទាំងពិភពលោក ដែលមានភាគរយពលរដ្ឋត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយខ្ពស់បំផុត ដែលនេះអាចផ្ដល់ជាគំរូដ៏ល្អ និងជំរុញឱ្យបណ្ដាប្រទេសក្រីក្រដទៃទៀតដែលរងការគំរាមកំហែងពីបញ្ហាបម្រែបម្រួលអាកាសធាតុឱ្យអនុវត្តតាម។
ក្រុមហ៊ុន ហ្គាឡាប់ បានលើកឡើងតាមរយៈរបាយការណ៍មួយរបស់ខ្លួនកាលពីសប្តាហ៍មុនថា ប្រទេសចំនួន៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ហ្វីលីពីន វៀតណាម ថៃ និងកម្ពុជា បានជាប់នៅលំដាប់កំពូលនៃការស្ទង់មតិទូទាំងពិភពលោក ដែលមានភាគរយគ្រួសារពលរដ្ឋខ្ពស់បំផុតនិយាយថា ពួកគេមានផែនការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ។
ជាធម្មតា បណ្ដាប្រទេសអ្នកមានពូកែខាងធ្វើផែនការណាស់សម្រាប់គ្រោះមហន្តរាយ ប៉ុន្តែលទ្ធផលនៃការស្ទង់មតិថ្មីនេះបង្ហាញថា សូម្បីតែបណ្ដាប្រទេសដែលមិនសូវមានធនធានតួយ៉ាងដូចប្រទេសទាំង៤ខាងលើនេះ ក៏អាចប្រើប្រាស់ប្រព័ន្ធព្រមានមុនយ៉ាងមានប្រសិទ្ធភាព និងជួយគ្រួសារពលរដ្ឋត្រៀមលក្ខណៈទុកជាមុនសម្រាប់គ្រោះមហន្តរាយផងដែរ។
ការស្ទង់មតិបង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យដែលបានជួបប្រទះគ្រោះមហន្តរាយកាលពីពេលថ្មីៗនេះនៅទូទាំងពិភពលោក មានចំនួន៧០% និយាយថា ពួកគេទទួលបានការជូនដំណឹងជាមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុន ហ្គាឡាប់ (Gallup) បាននិយាយថា តួលេខក្នុងតំបន់អាស៊ីអាគ្នេយ៍មានភាគរយខ្ពស់ជាង ដោយឈានដល់កម្រិតខ្ពស់៩២% នៅក្នុងប្រទេសហ្វីលីពីន និង៨១% នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ហើយនៅក្នុងឆ្នាំ២០២៣ កន្លងទៅ ៨៣%នៃពលរដ្ឋក្នុងប្រទេសវៀតណាម និង៦៧%នៃពលរដ្ឋក្នុងប្រទេសថៃ មានផែនការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងកម្រិតមធ្យម៣៨% នៅទូទាំងពិភពលោក៕
ដោយ: តែម សុខុម