មូលបត្រ​បំណុល

ក្រុមហ៊ុន RMA Cambodia បោះផ្សាយលក់បណ្ណបំណុល ៨០ម៉ឺនបណ្ណ តម្លៃសរុប២០លានដុល្លារ


ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនធំមួយនៅកម្ពុជារកស៊ីពហុវិស័យ ដូចជាលក់រថយន្ដ គ្រឿងចក្រកសិកម្ម សេវាកម្ម រួមមានផ្នែកភោជនីយដ្ឋាននោះ បានម្រេចនឹងបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន ចំនួន ៨០ម៉ឺនបណ្ណ ដែលមានតម្លៃសរុប ២០ លានដុល្លារអាមេរិក នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីក្រុមហ៊ុនទើបទទួលបានការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរពីគណៈកម្មការមូលបត្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងមួយរបស់ក្រុមហ៊ុន RMA Cambodia។
ក្រុមហ៊ុន RMA Cambodia បោះផ្សាយលក់បណ្ណបំណុល ៨០ម៉ឺនបណ្ណ តម្លៃសរុប២០លានដុល្លារ

តាមការគូសបញ្ជាក់​របស់ក្រុមហ៊ុននេះ តម្លៃ​មូលបត្រ​បំណុល ដែលត្រៀមនឹង​បោះផ្សាយនេះ គឺមានតម្លៃ ១០ម៉ឺនរៀល ស្មើ​នឹងប្រមាណ ២៥ ដុល្លារអាមេរិក​ក្នុងមួយបណ្ណ ខណៈដែលអត្រា​គូប៉ុងសញ្ញាបណ្ណ​សាជីវកម្ម (ការប្រាក់) គឺមាន​អត្រា ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹង​ឥណទាន​ប្រតិទាន​រយៈពេល ៥ឆ្នាំ ហើយការទូទាត់​ធ្វើឡើង​ជាប្រាក់ដុល្លារ។

ទោះយ៉ាងណា សម្រាប់​ការវិនិយោគ​ទិញសញ្ញាបណ្ណនេះបាន គឺខាងក្រុមហ៊ុន​តម្រូវ​ឲ្យទិញ​ចាប់ពី ៥លាន​ដុល្លារអាមេរិក​ឡើងទៅ និងបន្ថែម​១លាន​ដុល្លារអាមេរិក​ នៅលើ​ទំហំទឹកប្រាក់​វិនិយោគ​បន្ទាប់ ផ្ដល់ជូនតែ​សម្រាប់​វិនិយោគិនគុណវុឌ្ឍិ។

លោក ងន សាំង នាយក​ប្រតិបត្តិ ក្រុមហ៊ុន RMA Cambodia បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន ខេមបូណូមីស​តាមទូរស័ព្ទថា ក្រុមហ៊ុន RMA Cambodia បានមានប្រតិបត្តិការ​នៅកម្ពុជា​ជាង ២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ និងបានវិនិយោគ​ជាច្រើននៅកម្ពុជា។ យ៉ាងណាមិញ ការ​សម្រេច​បោះផ្សាយ​លក់​មូលបត្រ​បំណុល​នាពេលនេះ គឺដើម្បី​ទទួលបាន​មូលនិធិ​ជាដើមទុន បន្តការវិនិយោគ​កាន់តែ​ច្រើន​បន្ថែម​ទៀត។

លោក ងន សាំង លើកឡើងយ៉ាងដូច្នេះ «យើងមានការរីក​ចម្រើនច្រើន​ហើយយើង​នឹងបន្ដ​វិនិយោគបន្ថែមទៀត​ សម្រាប់​ក្រុមហ៊ុន RMA នៅក្នុង​ប្រទេស​កម្ពុជា​យើងហ្នឹង។ អញ្ចឹង​យើងត្រូវការ​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​ទាំងអស់​ហ្នឹង​ វិនិយោគបន្ថែម​ទាំងអស់ហ្នឹង។ អញ្ចឹងហើយ​បានជាយើង​បង្វែរ​ក្រុមហ៊ុន​យើង​ទៅជា​​ក្រុមហ៊ុន​សាជីវកម្ម​ ហើយដែល​យើងលក់​បណ្ណ​បំណុល​ដែលយើង​ហៅថា Bond ហ្នឹង!»

បើទោះបីជា​ការបោះផ្សាយ​លក់​បណ្ណ​បំណុល​របស់ក្រុមហ៊ុន RMA Cambodiaនេះ គឺធ្វើឡើង​នៅចំពេល​មាន​បញ្ហា​ Covid-19 ក៏ដោយ ប៉ុន្ដែលោក ងន សាំង ជឿជាក់ថា ស្ថានភាពនេះ នឹង​ធូរស្បើយឡើង​នៅពេល​ខាងមុខនេះ ហើយក្រុមហ៊ុន​ក៏មិនមាន​ផែនការ​កាត់បន្ថយ​ការពង្រីក​អាជីវកម្ម​របស់ខ្លួននោះដែរ។

លោក ងន សាំង បញ្ជាក់យ៉ាងដូច្នេះថា «យើងយល់ថា ការប៉ះពាល់​ដោយ កូវីដនេះ គឺជាការប៉ះពាល់​ជាបណ្ដោះអាសន្ន​ វាមិនអាច​បន្ដ​អញ្ចឹង​រហូតទេ! អញ្ចឹង​វានឹង​បញ្ចប់​នៅថ្ងៃណាមួយ ក្នុងពេល​ឆាប់ៗ។ អញ្ចឹង​អ្វីដែលជា​ផែនការ​របស់យើង​ក្នុងការពង្រីក​អាជីវកម្មនេះ គឺយើង​អត់មាន​កាត់បន្ថយ​ទេ​ រក្សាគោលដៅ​យើង​ដដែល»។

នាយកប្រតិបត្តិ​ក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ដែរថា សម្រាប់ការលក់​បណ្ណបំណុល​នេះ គឺធ្វើឡើង​សម្រាប់​តែក្រុមហ៊ុន RMA Cambodia ប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន EFG ដែលជាបុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន RMA Group​នោះឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានកម្ចី ២០លានដុល្លារ​ពីធនាគារពិភពលោក សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

ព័ត៌មាន
ធនាគារ​ពិភព​លោក​​បានសម្រេច​ផ្ដល់​ឥណទាន​ទឹកប្រាក់ ២០លានដុល្លារ​អាមេរិក ឲ្យ​ប្រទេស​កម្ពុជា ដើម្បីប្រើប្រាស់​នៅក្នុង​ការងារ​ប្រយុទ្ធប្រឆាំងនឹ…

រដ្ឋាភិបាលដាក់ឲ្យដំណើរការគម្រោងមូលនិធិកម្ចីការប្រាក់ទាបទំហំ ១០០លានដុល្លារ សម្រាប់ SME

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានដាក់ចេញឲ្យដំណើរការនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសខ្នាតតូច និងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ