ដឹកជញ្ជូន

សេវា​រថភ្លើង"​លឿន​ទាន់ចិត្ត​" នឹងជួយ​សម្រួល​ចរាចរណ៍​​ភ្នំពេញ-​ព្រលានយន្តហោះ


អំណេះ​តទៅ បញ្ហា​ខកជើង​យន្តហោះ​ដោយសារតែ​​ការកក​ស្ទះ​ចរាចរណ៍ ឬដំណើរ​មិនអាច​ព្យាករ​បាន​ អាច​នឹង​លែង​មាន​តទៅ​ទៀត​ហើយ បន្ទាប់ពី​សេវា​«រថភ្លើង​លឿន​ទាន់​ចិត្ត» របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​​អ្នក​ឧកញ៉ា គិត ម៉េង ត្រូវបាន​ដាក់​ឲ្យ​ដំណើរការសាកល្បង​​ពី​ថ្ងៃទី១០ មេសា នេះ​តទៅ​។
សេវា​រថភ្លើង​លឿន​ទាន់ចិត្ត របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​អ្នក​ឧកញ៉ា គិត ម៉េង ដាក់​ឲ្យ​ដំណើរការ​សាកល្បង ដឹកអ្នក​ដំណើរ​ទៅ​មក រាជធានី-​ព្រលាន​យន្តហោះ។
ដោយ

នៅថ្ងៃ១០ មេសា ២០១៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ស៊ុន ចាន់ថុល រួមទាំង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​សេវា​រថភ្លើង​លឿន​ទាន់ចិត្ត ដែល​រត់នៅ​លើ​កំណាត់​ផ្លូវ​ប្រមាណ ១០​គីឡូម៉ែត្រ ទៅ​មក​ពីស្ថានីយ​​រថភ្លើង​រាជធានី​ភ្នំពេញ និងព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ផ្លូវ​រថភ្លើង​មួយ​​កង់​នេះ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) សហការជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

តាមពិត ការ​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​នេះ គ្រាន់តែជា​ការ​សាកល្បង​បណ្ដោះ​អាសន្ន​ ដោយ​នៅ​ប្រើ​រថភ្លើង​ចាស់​ដែលមានស្រាប់សិន ប៉ុន្តែ នៅ​ខែ​មិថុនា ឆ្នាំ​២០១៨ ទើប​ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​សម្ពោធ​ផ្លូវការ​ដាក់​ឲ្យ​ប្រើ​​ប្រាស់​រថភ្លើង​ប្រភេទ​ទំនើប ល្បឿន​លឿន​ទាន់ចិត្ត ដែល​ក្រុមហ៊ុន​កុម្មង់ទិញ​ពី​ប្រទេស​មិចស៊ិកូ ហើយ​នឹង​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ពេល​ពីរ​ខែ​ទៀត។ 

យោង​ឯកសារ​និង​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ក្នុង​ដំណាក់កាល​សាកល្បង ក្រុមហ៊ុន​​នឹង​ដាក់​ឲ្យ​ដំណើរការ​ទូ​រថភ្លើង​ចំនួនពីរ (ទូ​រថភ្លើង​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន) ដោយ​មួយ​ទូៗ ផ្ទុក​មនុស្ស​បាន ១០០នាក់ ក្នុង​នោះ​អង្គុយ​បាន ៥៥នាក់ និង​ឈរ ៤៥នាក់ តែ​បើ​ក្នុង​ករណី​ចង្អៀត​ អាច​ឈរ​បាន​ដល់​ទៅ ៦៥នាក់។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​សាធារណការ​និងដឹក​ជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ត្រូវគេមើលឃើញថា ជា​រដ្ឋមន្ត្រី​កំណែទម្រង់​ដ៏​មាន​ប្រសិទ្ធភាពរបស់​រដ្ឋាភិបាល។

ក្នុង​ពេល​សាកល្បង​នេះដែរ ការធ្វើ​ដំណើរ​សម្រាប់ទាំង​អ្នកដំណើរ​ក្នុងស្រុក​ និង​​បរទេស គឺ​មិន​គិត​ថ្លៃ​ទេ ប៉ុន្តែ ទោះ​យ៉ាងណា ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឲ្យ​ដឹងអំពី​ថ្លៃសំបុត្រ​ដែលត្រូវគិត​ពី​អ្នក​ដំណើរ នៅពេល​សេវា​នេះ​បើក​ដំណើរការជាផ្លូវការ​នៅ​ឡើយ​ទេ។ 

បច្ចុប្បន្ន ជាមួយ​នឹងទូ​រថភ្លើង​ចាស់ ការធ្វើ​ដំណើរអាច​នឹង​ចំណាយពេល​ដល់​ទៅ ៣០នាទី​ក្នុង​មួយ​ជើងៗ នៅ​លើ​ផ្លូវ​ប្រហែល ១០គីឡូម៉ែត្រ​នេះ។ ប៉ុន្តែ នៅ​ពេល​រថភ្លើង​ទំនើប ល្បឿនលឿន​មក​ដល់​នៅ​ខែ​មិថុនា ការធ្វើ​ដំណើរ​ជាមួយ​ទូ​រថភ្លើង​ថ្មី នឹង​ចំណាយពេល​តែពី ២២ ទៅ ២៥នាទី​ប៉ុណ្ណោះ។ 

ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ឲ្យ​ដឹងថា រថភ្លើង​ទំនើប​ថ្មី ល្បឿន​លឿន ដែល​ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​មិចស៊ិកូ ត្រូវ​បាន​ផលិត​ឡើង​តាមស្តង់ដារ​បច្ចេកវិទ្យា​របស់​សមាគម​ផ្លូវ​ដែក​អាមេរិកាំង ដែល​ត្រូវ​បាន​ពិភព​លោក​ទទួលស្គាល់។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ដឹក​ជញ្ជូន ស៊ុន ចាន់ថុល និង​អ្នក​ឧកញ៉ា គិត ម៉េង ក្នុង​ពេល​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​សេវា​រថភ្លើង​លឿន​ទាន់ចិត្ត នាថ្ងៃទី១០ មេសា ២០១៨។

តើ​សេវា​រថភ្លើង«លឿនទាន់ចិត្ត រាជធានី-​អាកាសយានដ្ឋាន»នេះ ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ?

ចាប់ផ្ដើម​នៅ​ម៉ោង ៧កន្លះ​ព្រឹក សម្រាប់​ខ្សែ​ទី១ និង​ម៉ោង ៨ និង៥នាទី សម្រាប់​ខ្សែ​ទី២ ការធ្វើ​ដំណើរ​ពី​ទៅ​មក​ រាជធានី-​ព្រលានយន្តហោះ ចំណាយ​ពេល​ពី ២២ ទៅ ២៥នាទី​ប៉ុណ្ណោះ ហើយ​រថភ្លើង​មាន​រត់​រៀងរាល់​ ៣០នាទី​ម្ដង ២៤ម៉ោង​លើ​ ២៤ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយសប្ដាហ៍។ គេ​រំពឹងថា ក្នុង​មួយ​ថ្ងៃ រថភ្លើង​នឹង​ទទួល​អ្នក​ដំណើរ ១០០០នាក់។

សេវា​រថភ្លើង​លឿន​ទាន់ចិត្ត រាជធានី-​អាកាសយានដ្ឋាន ក៏​នឹងជួយ​ដល់​អ្នក​ដំណើរ​ចំណេញ​ពេលវេលា មាន​សុវត្ថិភាព គ្មាន​ការ​រំខាន មិនមាន​ការ​ខក​ការ​ឡើង​យន្តហោះ កាត់​បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ ជាដើម៕




អត្ថបទបន្ទាប់


មហា​សេដ្ឋី​៣​រូប​កំពុង​ក្ដោប​ឱកាស​វិនិយោគ​សាងសង់​អគារ​រោងការ

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា បាន​និង​កំពុង​មាន​សន្ទុះ…

យុវជន​រូបនេះ​​បង្កើត GAME ផ្សព្វផ្សាយ​អត្តសញ្ញាណ​ខ្មែរ​​ទៅ​កាន់​​ពិភព​លោក

លោក ឈួម ពិសិដ្ឋ ជា​កូន​ខ្មែរ​មួយ​រូប ដែល​បាន​ដឹកនាំ​ក្រុម DirectPlay បង្កើត GAME ដោយ​បញ្ចូល​អត្តសញ្ញាណ​ខ្មែរ ដូចជា ក្បាច់គុណ ទីតាំង​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ