ចំណែកគ្រូបង្រៀននិងគ្រូពេទ្យ ចាប់ពីខែមករា ឆ្នាំ២០១៨ នឹងទទួលបាន ១.០១៤.៤៥០រៀល និងចាប់ពីមេសា ឆ្នាំ២០១៨ នឹងឡើងដល់ ១.១១៤.៤៥០រៀល។ ដោយឡែក បៀវត្សរ៍នគរបាល (សម្រាប់ពលបាលត្រី) ៩៩៨ ៩២៧ រៀល នៅខែមករា ឆ្នាំ២០១៨ ហើយចាប់ពីខែមេសា ឆ្នាំ២០១៨ នឹងឡើងដល់ ១ ០៩៨ ៩២៧រៀល។ ឯបៀវត្សរ៍យោធិនសម្រាប់ឆ្នាំ២០១៨ នឹងទទួលបាន ៨៧៦ ៥៥០ដុល្លារ ហើយនៅខែមេសា ឆ្នាំ២០១៨ នឹងឡើងដល់ ៩៧៦ ៥៥០រៀល។
នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី៖ «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨» របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយកាលពីចុងខែតុលា ឆ្នាំ២០១៧។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដំឡើងប្រាក់ខែជូនមន្រ្តីរាជការជាបន្តបន្ទាប់។ ក្រៅពីប្រាក់ខែ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀតជាច្រើន ដើម្បីលើកកម្ពស់ជីវភាពមន្រ្តីរាជការ។
បើតាមសេចក្តីប្រកាសខាងលើ នៅឆ្នាំ២០១៨ខាងមុខនេះ រដ្ឋាភិបាលបានដំឡើងប្រាក់មាតុភាពសម្រាប់មន្រ្តីរាជការ ដោយសម្រាលកូនបានម្នាក់ នឹងទទួលបាន ៨០ម៉ឺនរៀល ២នាក់ បាន ១លាន៦០ម៉ឺនរៀល ៣នាក់ ទទួលបាន ២លាន២៤ម៉ឺនរៀល ព្រមទាំងដំឡើងប្រាក់មរណភាពសម្រាប់មន្រ្តីរាជការដោយជំងឺពី ១លាន ២សែន ដល់ ២លានរៀល និងមរណភាពដោយការបំពេញបេសកកម្មពី ១លាន៥សែន ទៅ ៤លានរៀល។
ទាក់ទងនឹងការដំឡើងប្រាក់ខែនេះ កញ្ញា នេត ស្រីរ័ត្ន គ្រូបង្រៀននៅសាលាបឋមសិក្សាត្បែងខ្ពស់ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសម្តែងការសាទរនិងរីករាយចំពោះការដំឡើងប្រាក់ខែជូនគ្រូបង្រៀន។
បើតាមកញ្ញា ស្រីរ័ត្ន ការដំឡើងនេះនឹងធ្វើឲ្យជីវភាពកញ្ញាមានភាពល្អប្រសើរជាមុន។ យ៉ាងណាក៏ដោយ ស្រីរ័ត្ន ថា ការដំឡើងប្រាក់ខែនឹងធ្វើឲ្យមន្រ្តីរាជការមានជីវភាពប្រសើរឡើងបាន លុះត្រាតែទំនិញនៅលើទីផ្សារមិនឡើងថ្លៃ ប្រដេញតាមការដំឡើងប្រាក់ខែ។
កញ្ញា នេត ស្រីរ័ត្ន បញ្ជាក់យ៉ាងដូច្នេះថា៖ «បើឡើងប្រាក់ខែ ហើយទំនិញមិនឡើងថ្លៃ ១លានហ្នឹង គឺធូរធារហើយ ប៉ុន្តែ បើទំនិញនៅតែឡើងថ្លៃដែរនោះ ដូចអត់ដំឡើងអីចឹង»។
ស្រដៀងគ្នាដែរ លោក មាន សារុំ មន្រ្តីរាជការម្នាក់ទៀត បានឲ្យដឹងថា លោកសប្បាយចិត្តពេលឮដំណឹងនៃការដំឡើងប្រាក់ខែនៅឆ្នាំ២០១៨។ លោកអត្ថាធិប្បាយថា៖ «ដំឡើងល្អតើ វាគ្រាន់ជាងអត់ដែរ។ តែសម្រាប់ពូ ពូមិនសូវពឹងលើប្រាក់ខែប៉ុន្មានទេ បើមិនខំធ្វើការនៅក្រៅទេ ចិញ្ចឹមកូនមិនរស់ទេ។ បើនាំគ្នាទប់ស្កាត់ថ្លៃទំនិញ ប្រាក់ខែប៉ុណ្ណឹង នឹងអាចចាយគ្រប់ហើយ តែឥឡូវ ទំនិញថ្លៃគ្រប់មុខ ចាយយ៉ាងម៉េចសល់?»។
ដោយឡែក កញ្ញា ចេន ចន្ទ្រា មន្រ្តីរដ្ឋបាលនៃរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ បានអបអរសាទរ និងរីករាយជាមួយមន្រ្តីរាជការ ដែលទទួលបានការដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។ កញ្ញា ចេន ចន្ទ្រា ដែលធ្វើការងារក្នុងវិស័យឯកជន បញ្ជាក់យ៉ាងដូច្នេះថា៖ «បើការងារឯកជន មានការដំឡើងប្រាក់ខែ និងផ្តល់ប្រាក់មាតុភាពដូចមន្រ្តីរាជការដែរ ក៏ល្អដែរ ព្រោះ ប្រាក់នេះ អាចជួយសម្រួលបានមួយចំនួនផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ បានអត្ថាធិប្បាយថា ការដំឡើងប្រាក់ខែដល់មន្រ្តីរាជការ បើទោះដំឡើងញឹកញាប់ មានច្រើនភាគរយពិតមែន ប៉ុន្តែ ប្រាក់ខែមន្រ្តីរាជការនៅតែតិចនៅឡើយ។
បើតាមលោក ង៉ែត ជូ ប្រាក់ខែដែលសមរម្យសម្រាប់មន្រ្តីរាជការនៅកម្ពុជា គឺជាមធ្យមគួរតែប្រមាណ ៥០០ដុល្លារសហរដ្ឋអាមេរិក។ លោកពន្យល់យ៉ាងដូច្នេះថា៖ «ខ្ញុំអត់មានទិន្នន័យជាក់លាក់ទេ ប៉ុន្តែ មន្រ្តីរាជការ គួរតែទទួលបានប្រាក់ខែអប្បបរមា ៥០០ដុល្លារក្នុងមួយខែ ដោយយោងលើការចំណាយប្រចាំថ្ងៃ។ គ្រួសារខ្មែរ ចាយក្នុងមួយថ្ងៃជាមធ្យម ១០ដុល្លារ ស្មើ ៣០០ដុល្លារក្នុងមួយខែ នេះសម្រាប់តែអាហារ ប៉ុន្តែ មិនគិតចូលលើការចំណាយសម្រាប់សេវាសុខភាព កូនរៀន ទំនាក់ទំនងសង្គម ដូចជា កម្មវិធីការ ឬបុណ្យផ្សេងៗជាដើម»។
យ៉ាងក៏ដោយ លោក ង៉ែត ជូ បានចូលរួមអបអរចំពោះការដំឡើងនេះ ពីព្រោះ ប្រាក់ទាំងនេះអាចជួយលើកទឹកចិត្តមន្រ្តីរាជការ និងធ្វើឲ្យជីវភាពពួកគាត់បានប្រសើរជាងមុន។ ទន្ទឹមនឹងដំឡើងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ លោក ង៉ែត ជូ លើកឡើងថា រដ្ឋាភិបាលគួរតែពង្រឹងកិច្ចការរបស់មន្រ្តី ដើម្បីធ្វើឲ្យការងាររបស់រដ្ឋមានប្រសិទ្ធភាព ខណៈលោកសង្កេតឃើញថា មន្រ្តីរាជការខ្លះ ខ្វះការទទួលខុសត្រូវចំពោះការងារ រីឯមន្រ្តីរាជការខ្លះទៀត យកម៉ោងការងារទៅធ្វើការងារគណបក្សនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងាររាជការ៕