កោះសូឡូម៉ុន

មន្ត្រីជាន់ខ្ពស់អាមេរិកទស្សនកិច្ចនៅកោះសូឡូម៉ុង ក្រោយកោះនេះមានកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន


មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក លោក ឃឺត ខាមបេល (Kurt Campbell) បានទៅដល់កោះ សូឡូម៉ុងហើយនៅថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើងក្រោយមានការព្រួយបារម្ភ ពីលោកខាងលិចថា កិច្ចព្រមព្រៀងសន្តិសុខដែលប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ បានចុះហត្ថលេខាជាមួយប្រទេសចិន កាលពីពេលថ្មីៗ អាចជាការគំរាមកំហែងសម្រាប់សណ្ដាប់ធ្នាប់តំបន់។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានរ៉យទ័រ។
មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនទស្សនកិច្ចនៅកោះសូឡូម៉ុន!
ដោយ

ថ្វីបើមានការអំពាវនាវយ៉ាងព្រោងព្រាតពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនព្យាយាមរារាំងកោះសូឡូម៉ុងមិនឱ្យចុះកិច្ចព្រមព្រៀងក៏ដោយ ក៏ប្រទេសចិន និងរដ្ឋាភិបាលកោះមួយនេះ នៅតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្រង់ទ្រាយធំមួយរួចហើយដែរ។ ប៉ុន្តែប្រមុខដឹកនាំកោះសូឡូម៉ុង ដែលមានលោក ម៉ាណាសេ សូកាវារី(Manasseh Sogavare) នាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់លោកខាងលិចវិញថា វានឹងមិនធ្វើឱ្យខូចដល់សន្តិភាព និងគម្រាមកំហែងសណ្តាប់ធ្នាប់ក្នុងតំបន់នោះទេ។

មុនទៅដល់កោះសូឡូម៉ុង មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះ និងក្រុមការងារបានចំណាយពេល២-៣ថ្ងៃ តាមបណ្តាប្រទេសកោះក្បែរខាងសូឡូម៉ុង ដូចជាកោះហ្វីជី និងប្រទេសប៉ាពូញូគីណេ ដើម្បីពិភាក្សាពីសំណុំរឿងកិច្ចព្រមព្រៀងរវាងចិន និងសូឡូម៉ុងនេះ។ វត្តមានរបស់លោក Campbell ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យនាយករដ្ឋមន្ត្រីសូឡូម៉ុងលោក សូកាវារី(Sogavare) ផ្លាស់ប្តូរគោលជំហរលើកិច្ចព្រមព្រៀងសន្តិសុខនេះ។ ក្រៅពីនោះ គណៈប្រតិភូរបស់លោក Campbell ក៏នឹងពិភាក្សាអំពីផែនការបើកស្ថានទូតអាមេរិកនៅក្រុង ហូនីរ៉ា (Honiara) នៃកោះសូឡូម៉ុងផងដែរ។

គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានលោកខាងលិច អះអាងថា ជាការបើកផ្លូវ ដ៏សំខាន់មួយសម្រាប់ប្រទេសចិន បន្ថែមឥទ្ធិពលនិងវត្តមាននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈ ការរំពឹងទុកនៃវត្តមានយោធាចិន ដែលនឹងមាននៅក្នុង ចំងាយ ជាង ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រទេសអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តធំមួយរបស់លោកខាងលិច។

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជា អូស្ត្រាលី ញូហ្សេឡេន និងប្រទេសកោះផ្សេងទៀតក្នុងតំបន់ បានសម្តែងការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះនឹងរំខានដល់សន្តិសុខក្នុងតំបន់ ដោយអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹករបស់ចិនបង្ហាញវត្តមានគ្រប់ពេលវេលា។ គេនៅចាំបានថាកោះ សូឡូម៉ុងក្នុងឆ្នាំ ២០១៩ បានប្តូរទំនាក់ទំនងការទូតពីកោះតៃវ៉ាន់មកចាប់ដៃជាមួយក្រុងប៉េកាំងវិញ ហើយបានបើកស្ថានទូតថ្មីមួយ នៅមួយឆ្នាំបន្ទាប់តែម្តង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងប៉េកាំង និងសូឡូម៉ុង និងបើកផ្លូវឲ្យប៉េកាំងបញ្ជូនប៉ូលិស ទាហាន កម្លាំងយោធាផ្សេងៗ និងពិសេសកងទ័ពជើងទឹក និងនាវាចម្បាំងរបស់ចិន ទៅជួយរក្សាសណ្ឋាប់ធ្នាប់ ក្នុងក្របខណ្ឌដែលមានអស្ថិរភាព និងក្រោមមូលហេតុផ្សេងទៀតក្នុងដែនកោះមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើសង្គ្រាមនៅក្រុងម៉ារីយ៉ូប៉ូល

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសជ័យជំនះលើក្រុងម៉ារីយ៉ូប៉ូល តែទ័ពអ៊ុយក្រែននៅសេសសល់មិនទាន់ទម្លាក់អាវុធ! ក្រោយការវាយសង្គ្រប់ បាញ់ផ្លោងយ៉…

ទីប្រឹក្សាសេតវិមានបង្ហាញ៖ អាមេរិកអាចនឹងបន្ថយពន្ធសម្រាប់ចិនដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
មន្ត្រីសន្តិសុខជាតិរបស់សេតវិមានបាននិយាយ ថា ទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងពីការកាត់បន្ថយពន្ធគយលើទំនិញ ដែលមិនមែនជាយុទ្ធសាស្ត្រនាំចូលមកព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ