ថ្លែងក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងថ្លែងអំណរគុណចំពោះប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមជាមួយសហគមន៍អឺរ៉ុប ដែលបានផ្តល់ជំនួយ និងកម្ចីដ៏មានសារ:សំខាន់ សម្រាប់អនុវត្តគម្រោងដ៏ធំហៅថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាតសរុបចំនួន៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ឯកឧត្ដម បានសង្កត់ធ្ងន់ថា នេះជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានប្រើបច្ចេកទេសការខួងដាក់បំពង់មេនាំទឹកស្អាតក្រោមបាតទន្លេសាប ពីព្រោះមានមិនលើសពី១០ប្រទេសទេនៅលើពិភពលោក ដែលមានដាក់បំពង់មេធំបែបនេះ ហើយនេះក៏ជាគម្រូមួយសម្រាប់ប្រទេសក្នុងតំបន់ផងដែរ។ ឯកឧត្ដម បានបន្ថែមថា បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រនេះ ត្រូវបានប្រសិទ្ធិនាមថា «មហាបំពង់ទុយោ ប៊ុន រ៉ានី ហ៊ុន សែន»។
ឯកឧត្ត ចម ប្រសិទ្ធ ក៏បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា គម្រោងបាក់ខែងទី៣ នឹងលេចជារូបរាងឡើងជាបន្តទៀត បន្ទាប់ពីគម្រោងបាក់ខែងទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅខែឧសភា ឆ្នាំនេះ និងគម្រោងបាក់ខែងទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់នាត្រីមាសទី១ឆ្នាំ២០២៤ ខាងមុខ។
បើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក នៃអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ គ្រោងផលិតទឹកស្អាតចំនួន៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺ៦០% នៃសមត្ថភាពផលិតនាពេលបច្ចុប្បន្ន ដោយបានបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណជាង ២៦ម៉ឺនគ្រួសារ។ ឯកឧត្តម បានបន្ថែមថា ការដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំង២ជំហាននេះ នឹងធ្វើឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញទទួលបានការផ្គត់ផ្គង់ទឹកស្អាត ដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវនិន្នាការកង្វះទឹកប្រើប្រាស់ត្រឹមឆ្នាំ២០២៤ ផងដែរ៕