នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកបញ្ហាបម្រែម្រួលអាកាសធាតុ គឺជាក្តីកង្វល់ថ្មីមួយទៀតសម្រាប់វិស័យកសិកម្មកម្ពុជា បើទោះបីបញ្ហានេះបានកើតមានជាយូរហើយមកហើយក៏ដោយ។ ជាក់ស្តែងបញ្ហាបម្រែបម្រួលអាកាសធាតុនេះបានជះផលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ តាមរយៈការបង្កឱ្យកើនឡើងកម្តៅ កង្វះខាតទឹកស្រោចស្រព កើតមាននូវសត្វល្អិតចង្រៃនានា និងបញ្ហាទឹកជំនន់ជាដើម ហើយវាបានបង្កឱ្យដំណាំមួយចំនួនបានបាត់បង់នូវទិន្នផល ក៏ដូចជាគុណភាពផងដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកបញ្ហាខាងលើ គឺជាសញ្ញាមួយដែលទាមទារឱ្យកម្ពុជា ត្រូវត្រៀមខ្លួនទប់ស្កាត់ ក៏ដូចជាសម្របខ្លួនជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុនេះ តួយ៉ាងក្រសួងកសិកម្មតែងតែស្វែងរកនូវបច្ចេកទេស និងធនធានផ្សេងៗពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់ប្រជាកសិករ ដើម្បីជួយការពារពួកគេពីបញ្ហានេះ។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងពិចារណា និងពិនិត្យលទ្ធភាពធ្វើយ៉ាងណាដាក់បញ្ចូលការធានារ៉ាប់រងកសិកម្មលើបញ្ហាបម្រែបម្រួលអាកាសធាតុនេះ នៅក្នុងគម្រោងកសហគមន៍កសិកម្មទំនើប ដើម្បីជួយកាត់បន្ថយហានិភ័យរបស់ប្រជាកសិករ។
គួរជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រង ហ្វេតេ បាននិងកំពុងដាក់ឱ្យដំណើរការនូវសេវាកម្មធានារ៉ាប់រងនៅក្នុងវិស័យកសិកម្មលើបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ដោយបានធានាទៅលើដំាំណាំស្រូវ ស្វាយចន្ទី និងដំណាំមួយចំនួនទៀត៕