លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា សកម្មភាពបិទរោងចក្រចាស់ ហើយបើករោងចក្រថ្មីរបស់វិនិយោគិនមួយចំនួនបានកើតមានឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមហេតុផលផ្សេងៗគ្នាដូចជាជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ហាទីផ្សារជាដើម។ ការបិទបើករោងចក្រនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យមានការរំសាយកម្មករ ហើយក្នុងចំណោមកម្មករដែលត្រូវបានរំសាយនោះមួយចំនួនអាចត្រូវបានជ្រើសរើសឱ្យការនៅនឹងកន្លែង ខណៈកម្មករខ្លះត្រូវស្វែងរករោងចក្រ ឬកន្លែងការងារធ្វើថ្មី។ ហើយតាមរយៈនិន្នាការនេះបណ្ឌិត គី សេរីវឌ្ឍន៍ ជឿជាក់ថា កម្មករដែលមានអាយុច្រើនអាចប្រឈមនឹងបាត់បង់ការងារ ប្រសិនពួកគេគ្មានជំនាញច្បាស់លាស់ ព្រោះរោងចក្រភាគច្រើនជ្រើសរើសកម្មករដែលមានវ័យក្មេងតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងកត្តាអាយុ និងផលិតភាពការងារនៅតាមរោងចក្រនេះដែរ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា សិទ្ធិទទួលបានការងារត្រូវបានធានាការពារដោយច្បាប់ ហើយការទទួលបានកិច្ចសន្យាការងារ គឺជាការព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអះអាងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឆាំងដាច់ខាតក្នុងករណីមានការរើសអើងការងារណាមួយដោយសារកត្តាអាយុ ហើយក្នុងករណីប្រជាពលរដ្ឋចង់ស្វែងរកការងារធ្វើ សូមទំនាក់ទំនងទៅទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ ដើម្បីជួយស្វែងរកការងារជូន ខណៈបច្ចុប្បន្នមានការងារជិត៥ម៉ឺនកន្លែង កំពុងត្រូវការកម្មករនិយោជិត។
យ៉ាងណាមិញឯកឧត្តម កត្តា អ៊ន ក៏បានលើកទឹកចិត្តចំពោះយុវជន ឬកម្មករនិយោជិតដែលមិនមានជំនាញ គឺពួកគេអាចចុះឈ្មោះចូលរៀនជំនាញតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស ព្រោះថា បច្ចុប្បន្នការងារភាគច្រើនគឺត្រូវការអ្នកដែលមានជំនាញ ហើយការរៀនជំនាញនេះទៀតសោត គឺមិនតម្រូវឱ្យបង់ថ្លៃសាលានោះទេ លើសពីនេះសម្រាប់អ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលថែមទៀតផងដែរ៕