ប្រធានធនាគារចិនធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ

ប្រធានធនាគារចិនធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ចំពេលមានការប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិក


កាលពីថ្ងៃព្រហស្បតិ៍ ធនាគារចិនបានបោះជំហានឆ្ពោះទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងដែលមានការប្រជែងគ្នាផ្នែកយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
ប្រធានធនាគារចិនធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ចំពេលមានការប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិក

វត្តមានដំបូងនៃការិយាល័យតំណាងធនាគារនេះនៅលើកោះប៉ាស៊ីហ្វីកត្រូវបានចាត់ទុកថាជាបុព្វហេតុនៃការពង្រីកឥទ្ធិពលផ្នែកសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ ព្រមទាំងជាផ្នែកមួយនៃការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណចិនជាអន្តរជាតិ នៅពេលដែលសហរដ្ឋអាមេរិកផ្តោតលើសន្តិសុខនៅទីនោះ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិជាមួយប៉ាពូអាស៊ីនូវែលហ្គីណេកាលពីសប្ដាហ៍មុន។

ទីភ្នាក់ងារសារព័ត៌មានរើយធឺបានរាយការណ៍ឱ្យដឹងថា ប្រធានធនាគារចិន លោក ចេ ហៃចៅ (Ge Haijiao) បានធ្វើដំណើរទៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ស្របពេលដែលធនាគារធំទីបួនរបស់ពិភពលោកនេះកំពុងសុំអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការក្នុងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកំពុងព្យាយាមជំរុញពាណិជ្ជកម្មជាមួយប្រទេសចិន ទន្ទឹមនឹងការពង្រីកទំនាក់ទំនងផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនថូនី ប្លីងឃិន (Antony Blinken) បានធ្វើដំណើរទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដែលបង្កឱ្យមានការរិះគន់នយោបាយក្នុងស្រុក និងការតវ៉ារបស់និស្សិត ដោយសារមានការព្រួយបារម្ភថាប្រទេសកោះនេះនឹងក្លាយទៅជាទីលានប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ មុននេះទៀត ប្រទេសចិនដែលជាអ្នកផ្តល់ប្រាក់កម្ចីនិងជាម្ចាស់បំណុលដ៏សំខាន់ សម្រាប់គម្រោងហេដ្ឋរចនាសម្ព័ន្ធនៅតាមបណ្ដាកោះប៉ាស៊ីហ្វិកវិញ បានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយកោះសូឡូម៉ុងដែលជាអ្នកជិតខាងរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកាលពីឆ្នាំមុន។

នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក ចេមស៍ ម៉ារ៉ាប៉េ (James Marape) នៅក្នុងសុន្ទរកថាមួយនៅចំពោះមុខលោក ចេ ហៃចៅ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននិយាយក្នុងសម្ដីផ្ទាល់ថា ប្រទេសរបស់លោកជា"មិត្តចំពោះទាំងអស់គ្នា ហើយមិនមែនសត្រូវចំពោះនរណាម្នាក់ឡើយ»។ លោក ម៉ារ៉ាប៉េ បានបន្តថា៖ «យើងមានគុណតម្លៃរបស់យើង ដែលមានន័យថាយើងនឹងមិនធ្វើឱ្យខូចទំនាក់ទំនងឡើយ»។

លោក ម៉ារ៉ាប៉េ បាននិយាយថា "ក្រុមហ៊ុនចិន រដ្ឋាភិបាលចិន និងប្រជាជនចិន ជាដៃគូដ៏សំខាន់សម្រាប់វឌ្ឍនភាពរបស់យើងអស់រយៈពេល ៤៨ ឆ្នាំមកហើយ" ដោយលោកគូសបញ្ជាក់បន្ថែមអំពីកំណើនពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ លោកនាយករដ្ឋមន្ត្រី ម៉ារ៉ាប៉េ បានបង្ហាញក្ដីសង្ឃឹមថា ធនាគារចិនមិនត្រឹមតែចូលមកធ្វើប្រតិបត្តិការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយសម្រួលដល់ប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ព្រមទាំងរវាងប្រទេសនិងប្រទេសថែមទៀត។

ប៉ាពូអាស៊ីនូវែលហ្គីណេជា​ប្រទេសមានប្រជាជន ១០ លាននាក់ សម្បូរដោយ​ធនធាន ប៉ុន្តែ​មិន​មានការ​អភិវឌ្ឍទេ។ ប្រទេសនេះស្ថិត​នៅ​ភាគ​ខាងជើង​ច្រក​សមុទ្រតូរ៉េស (Torres) របស់ប្រទេស​អូស្ត្រាលី តែប៉ុន្មាន​គីឡូម៉ែត្រប៉ុណ្ណោះ​។ បច្ចុប្បន្ន ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេមានធនាគារស្របច្បាប់ចំនួន ៤ គ្រឹះស្ថាន ប៉ុន្តែ ២ ក្នុងចំណោមនេះ ដែលជាកម្មសិទ្ធិរបស់អូស្ត្រាលី បានព្យាយាមកាត់បន្ថយប្រតិបត្តិការនៅក្នុងប្រទេសកោះនេះ។

លោក ម៉ារ៉ាប៉េ បាននិយាយទៀតថា ពី ៦០% ទៅ ៧០% នៃប្រជាជន មិនប្រើប្រាស់សេវាធនាគារទេ ហើយសហគ្រាសធុនតូចនិងមធ្យមភាគច្រើនមិនទាន់ប្ដូរទៅកាន់សេដ្ឋកិច្ចផ្លូវការនៅឡើយ។ ធនាគាររដ្ឋនៃប្រទេសចិនបានដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ហើយសំណុំឯកសារកំពុងស្ថិតក្នុងដំណើរការនីតិវិធីនៅឡើយ។ លោក ម៉ារ៉ាប៉េ ធ្លាប់បាននិយាយថា ប្រទេសរបស់លោកអាចក្លាយជាទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ធនាគារចិនសម្រាប់បណ្ដាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្ត្រី ម៉ារ៉ាប៉េ បានកត់សម្គាល់ឃើញថា ប្រទេសចិនបានរីកចម្រើនពីសេដ្ឋកិច្ចកសិកម្មទៅជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅលើផែនដី ហើយលោកក៏បានជំរុញឱ្យធនាគារចិនបំពេញចន្លោះប្រហោងក្នុងទីផ្សារធនាគាររបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។

ធនាគារចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាខាដំបូងរបស់ខ្លួននឹងបើកនៅក្នុងប្រទេសកោះប៉ាស៊ីហ្វិក ហើយវានឹងដើរតួនាទីជួយស្តារសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសកោះនេះឡើងវិញ។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា ការបង្កើតការិយាល័យតំណាងរបស់ធនាគារចិននៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ជា"ការឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីការស្ថាបនារួមគ្នានូវ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ជាមួយធនាគារចិនដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវជាគោលនយោបាយដែលដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងឆ្នាំ ២០១៣។

វត្តមានរបស់ធនាគារចិននៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ នឹង"ធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅនៅក្នុងការទូទាត់ជារូបិយប័ណ្ណចិន" ហើយក៏នឹង"បន្ថែមកម្លាំងជំរុញថ្មីដល់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែនរវាងប្រទេសទាំងពីរ"ដែរ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែល។

សូមជម្រាបថា ប្រទេសចិនបាននិងកំពុងលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ ឬប្រាក់ រ៉េនមិនប៊ី (Renminbi) របស់ខ្លួន ដើម្បីទូទាត់ការជួញដូរឆ្លងដែន។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើអន្តរជាតូបនីយកម្មការប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួន៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឲ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងជិត ១០០% នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី១ឆ្នាំ២០២៣នេះ ពោលគឺមានដល់ទៅជិត ៦៦ពាន់លានរៀល ឬស្មើនឹងប្រមា…

ក្រុមហ៊ុនកំពូលខាងអាជីវកម្មធ្យូងថ្មហ្វីលីពីនបានងាកទៅជប៉ុន ដើម្បីបន្ថយការពឹងផ្អែកតែលើចិន

ព័ត៌មាន
ក្រុមហ៊ុនអាជីវកម្មជីករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន គឺក្រុមហ៊ុនថាមពល និងរ៉ែ សឺមីរ៉ារ៉ា (Semirara) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ