ប្រធានប្រព័ន្ធផ្សព្វផ្សាយ CNN លោក Jeff Zucker បានប្រាប់បុគ្គលិករបស់ខ្លួនតាមរយៈលិខិតមួយថា ក្រុមហ៊ុនមិនមានគោលនយោបាយអត់ឱនចំពោះករណីបែបនេះទេ ហើយតម្រូវឱ្យនិយោជិតរបស់ខ្លួនត្រូវចាក់វ៉ាក់សាំងព្រោះថា ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច ដើម្បីអាចមកការិយាល័យ ឬធ្វើការនៅក្រៅការិយាល័យជាមួយបុគ្គលិកផ្សេងទៀតបាន។
សូមជម្រាបថា លិខិតដែលសរសេរដោយប្រធានសារព័ត៌មាន CNN នេះ ត្រូវបានទទួលដោយសារព័ត៌មាន AP បន្ទាប់ពីវាត្រូវបានបង្ហោះលើTwitterដោយអ្នកយកព័ត៌មានរបស់CNN។ ទោះយ៉ាងណាស្ថាប័នសារព័ត៌មាន CNN មិនបានផ្តល់ព័ត៌មានលម្អិតពីបញ្ហានេះទេ។
គួររំឮកថា ការិយាល័យសារព័ត៌មាន CNN ត្រូវបានបើកឡើងវិញហើយ ដោយអនុញ្ញាតឲ្យបុគ្គលិកចូលធ្វើការឡើងវិញដោយស្ម័គ្រចិត្ត ហើយប្រធានស្ថាប័នព័ត៌មាននេះ និយាយថា មានជាង១ភាគបីនៃបុគ្គលិកថ្មី បានត្រឡប់ចូលមកធ្វើការវិញហើយ។
ក្រៅតែពីការតម្រូវឲ្យបុគ្គលិកចាក់វ៉ាក់សាំងហើយនោះ ស្ថាប័នព័ត៌មាន CNN ក៏បានតម្រូវឲ្យបុគ្គលិករបស់ខ្លួនដែលធ្វើការនៅការិយាល័យក្នុងទីក្រុង អាតាល្លង់តា វ៉ាស៊ិនតោន និង ឡូសអាន់ជ័រលេស ត្រូវតែពាក់ម៉ាស់មកធ្វើការផងដែរ។
ការរឹតបន្ដឹងវិធានការទាក់ទងនឹងការការពារការឆ្លងមេរោគកូវីដ-១៩នៅសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងនៅចំពេលដែលនៅអាមេរិក កំពុងមានករណីឆ្លងកូវីដ-១៩កើនឡើងវិញគួរឲ្យបារម្ភ ពិសេស គឺវត្តមានមេរោគបំប្លែងថ្មី ឌែលតា ដែលកំពុងចរាចរណ៍យ៉ាងសកម្ម ពោលគឺ ៨០% នៃអ្នកឆ្លងថ្មីៗប្រចាំថ្ងៃនៅអាមេរិក គឺជាការឆ្លងមេរោគបំប្លែងថ្មីឌែលតា៕
អត្ថបទ៖ ស៊ើង និមល់