ការនាំចូលប្រេងដូងទៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះមកនៅត្រឹមជាង ៤ សែនតោនកាលពីខែឧសភា ដោយបានធ្លាក់ចុះ ១៤% បើធៀបនឹងការនាំចូលកាលពីខែមេសាដែលមានចំនួនជាង ៥ សែនតោន។ នេះបើតាមការប៉ាន់ស្មានជាមធ្យមពីក្រុមឈ្មួញដែលឱ្យដឹងបន្ថែមថា ការនាំចូលកាលពីខែឧសភាមានកម្រិតទាបជាងគេបំផុត គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១។
ការធ្លាក់ចុះនៃការទិញប្រេងចម្អិនអាហារក្នុងប្រទេសឥណ្ឌាដែលជាទីផ្សារនាំចូលប្រេងសាកជាតិដ៏ច្រើនជាងគេបំផុតលើពិភពលោកនេះ អាចប៉ះពាល់ដល់តម្លៃប្រេងដូងប្រភេទ FCPOc3 ដែលកំពុងជួញដូរក្នុងតម្លៃមួយថោកជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣០ ខែមកនេះ។
ប្រទេសឥណ្ឌាបានទិញប្រេងដូងភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី ដែលជាកំពូលអ្នកផលិតប្រេងដូងទាំង២ និងទិញពីប្រទេសថៃផងដែរ ហើយឥណ្ឌាបាននាំចូលប្រេងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ពីប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងអ៊ុយក្រែន។ កំពូលអ្នកនាំចូលប្រេងដូងនេះជាធម្មតាពឹងផ្អែកលើប្រេងដូង ដោយអាស្រ័យលើកត្តាពីរយ៉ាង គឺតម្លៃថោក និងពេលវេលាដឹកជញ្ជូនរហ័ស។
ប៉ុន្តែប្រេងសម្រាប់ចម្អិនអាហារបានចាប់ផ្តើមជួញដូរក្នុងតម្លៃពិសេសខ្ពស់ជាងតម្លៃប្រេងសណ្តែក និងប្រេងឈូករ័ត្ន ក្នុងរយៈពេលប៉ុន្មានខែមកនេះ ជាហេតុធ្វើឱ្យអ្នកទិញងាកទៅរកប្រេងសាកជាតិដែលមានតម្លៃថោកជាងវិញ។ នេះបើតាមលោក សានឌីប បាចូរៀ (Sandeep Bajoria) នាយកប្រតិបត្តិក្រុមហ៊ុន Sunvin Group ដែលជាក្រុមហ៊ុនឈ្មួញជើងសាប្រេងសាកជាតិ និងជាក្រុមហ៊ុនប្រឹក្សាយោបល់ផងដែរ។
កាលពីខែមេសា ក្រុមអ្នកទិញបានសម្រេចលុបចោលការបញ្ជាទិញប្រេងដូងក្នុងបរិមាណដ៏ច្រើនសម្រាប់ការនាំចូលនៅក្នុងខែឧសភា។ នេះជាលើកដំបូងហើយដែលពួកគេធ្វើដូច្នេះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ការនាំចូលប្រេងឈូករ័ត្នរបស់ឥណ្ឌាក្នុងខែឧសភាបានកើនឡើង ២៨% គឺឡើងដល់ជាង ៣ សែនតោន បើធៀបនឹងខែមេសា ខណៈដែលការនាំចូលប្រេងសណ្តែកសៀងបានកើនឡើង ១០% គឺឡើងដល់ជិត ៣ សែនតោន ក្នុងរយៈពេលដូចគ្នា។ នេះបើយោងតាមការប៉ាន់ស្មានជាមធ្យមរបស់ក្រុមឈ្មួញ។
លោក រ៉ាចេស ប៉ាតែល (Rajesh Patel) ដៃគូផ្នែកគ្រប់គ្រងនៅក្រុមហ៊ុនស្រាវជ្រាវ GGN ដែលជាពាណិជ្ជករ និងឈ្មួញកណ្តាលប្រេងអាហារ បានបាននិយាយថា "ប្រេងដូងបានបាត់បង់ចំណែកទីផ្សារក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយទំនងជាមិនអាចដណ្ដើមទីផ្សារបានមកវិញទេ លុះត្រាតែវាក្លាយជាទំនិញប្រកួតប្រជែងខ្លាំង"៕