ទីក្រុងញូវយ៉កប្ដឹងក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia រឿងរថយន្តងាយលួចបាន

ទីក្រុងញូវយកប្ដឹងក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងចំនួន ២ ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធសុវត្ថិភាពអន់ ងាយឲ្យចោរលួចបាន


ទីក្រុងញូវយ៉កនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី០៦ ខែមិថុនា បានដាក់ពាក្យប្តឹងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia ដោយចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំង២នេះពីបទធ្វេសប្រហែស និងបទបង្កើតការរំខានជាសាធារណៈ ដោយសារតែការលក់រថយន្តដែលងាយឱ្យគេលួចខ្លាំងពេក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីក្រុងញូវយ៉កប្ដឹងក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia រឿងរថយន្តងាយលួចបាន

ទីក្រុងញូវយ៉កដែលមានចំនួនប្រជាជនច្រើនជាងគេនៅសហរដ្ឋអាមេរិក រួមជាមួយទីក្រុងធំៗជាច្រើនទៀត ដូចជាទីក្រុងបល់ទីម័រ (Baltimore) ទីក្រុងគ្លីវឺឡេន (Cleveland) ទីក្រុងមីលវ៉ូគី (Milwaukee) ទីក្រុងសានឌីអេហ្គូ (San Diego) និងទីក្រុងស៊ីអាថុល (Seattle) បានរួមគ្នាដាក់ពាក្យប្ដឹងក្រុមហ៊ុន Hyundai និង Kia ពាក់ព័ន្ធនឹងចោរកម្ម។

ពាក្យបណ្តឹងដែលបានដាក់ទៅតុលាការសហព័ន្ធក្នុងសង្កាត់ម៉ាន់ហាតាន់ (Manhattan) បានរៀបរាប់ថា ទីក្រុងញូវយ៉កបានស្តីបន្ទោសក្រុមហ៊ុនផលិតរថយន្តទាំង២នេះកាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២ ចំពោះការមិនបំពាក់ឧបករណ៍ប្រឆាំងនឹងការលួចរថយន្តនៅលើផលិតផលភាគច្រើនរបស់ពួកគេ គឺខុសប្លែកពីក្រុមហ៊ុនផលិតរថយន្តដទៃៗទៀត។

ទីក្រុងញូវយ៉កបាននិយាយថា ការមិនបំពាក់ឧបករណ៍នេះ បានបើកឱកាសឱ្យមានការលួចរថយន្ត ឧក្រិដ្ឋកម្ម ការបើកបរគ្មានការប្រុងប្រយ័ត្ន និងការខូចខាតជាសាធារណៈកាន់តែធ្ងន់ធ្ងរឡើង។ គេឃើញមានទាំងវីដេអូនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ដែលបង្ហាញពីរបៀបលួចរថយន្ត ដែលគ្មានបំពាក់ឧបករណ៍ផ្ដាច់ចរន្តភ្លើងក្នុងរថយន្តនៅពេលមានករណីលួចរថយន្តកើតឡើង ឬហៅថា Immobilizer។

ទីក្រុងញូវយ៉កបាននិយាយថា ចំនួននៃការលួចរថយន្ត Hyundai និងរថយន្ត Kia បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២២ ហើយនៅក្នុងពេល ៤ ខែដំបូងនៃឆ្នាំ២០២៣នេះ ករណីចោរកម្មកាន់តែកើនឡើងថែមទៀត ដោយមាន ៩៧៧ លើក នៅពេលដែលវាមានចំនួនតែ ១៤៨ ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ពាក្យបណ្តឹងរបស់ទីក្រុងញូយ៉កទាមទារសំណងជំងឺចិត្ត និងឱ្យដាក់ទណ្ឌកម្ម ចំពោះការខូចខាតដែលមិនបានបញ្ជាក់ច្បាស់លាស់។

ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននេះបានបង្កើត ស្តង់ដារឧបករណ៍ប្រឆាំងចោរកម្ម (Immobilizers) នៅលើយានយន្តទាំងអស់ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានចាត់វិធានការមួយចំនួន រួមទាំងការកែលម្អប្រព័ន្ធបញ្ជា ដើម្បីកាត់បន្ថយការគំរាមកំហែងពីចោរកម្មផងដែរ។

កាលពីខែកុម្ភៈ ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានឱ្យដឹងថា ពួកគេនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធបញ្ជាសម្រាប់រថយន្តចំនួនជាង ៨ លានគ្រឿងនៅសហរដ្ឋអាមេរិក ដែលខ្វះឧបករណ៍ប្រឆាំងចោរកម្ម។

កាលពីខែមុន ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានទូទាត់សំណងជាទឹកប្រាក់ចំនួន ២០០ លានដុល្លារ ឱ្យអ្នកប្រើប្រាស់របស់ពួកគេ ពាក់ព័ន្ធនឹងការលួចរថយន្ត។ ក្រុមមេធាវីរបស់ម្ចាស់រថយន្តបាននិយាយថា ករណីនេះពាក់ព័ន្ធនឹងម្ចាស់យានយន្តប្រហែល ៩ លាននាក់ និងបានបញ្ចូលប្រាក់ចំណាយលើការបាត់បង់រថយន្តចំនួន ១៤៥ លានដុល្លារផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនាំឲ្យការនាំចូលប្រេងដូងប្រទេសឥណ្ឌាបានធ្លាក់ចុះទាបក្នុងរយៈពេល ២៧ ខែមកនេះ ?

ព័ត៌មាន
ប្រភពពីក្រុមឈ្មួញធំៗបានអះអាងថា ការនាំចូលប្រេងដូងទៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពី…

តើកម្ពុជារំពឹងទាញប្រយោជន៍អ្វីខ្លះពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម?

ព័ត៌មាន
នៅទីបំផុត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឈានដល់ការចុះហត្ថលេខាជាផ្លូវការហើយ នៅថ្ងៃទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ