លោកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិធនធានមនុស្ស នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានចាត់ទុកព្រឹត្តិការណ៍ថ្នាក់ជាតិ នៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ថា ជាការផ្សាភ្ជាប់រវាងនិយោជក ជាមួយអ្នកដែលកំពុងស្វែងរកការងារធ្វើតាមក្ដីស្រមៃ។
នៅក្នុងពិព័រណ៍នេះ AMK នឹងផ្ដល់ឱកាសការងារធ្វើរហូតដល់ជាង ២០០កន្លែង សម្រាប់យុវជន និងសិស្ស និស្សិត ខណៈដែលបច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ កំពុងពង្រីកសមត្ថភាពប្រតិបត្តិការរបស់ខ្លួនកាន់តែខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ឮ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះដែរ លោក កុយ គឹមរឿន អ្នកសម្របសម្រួលអង្គការពលកម្មអន្តរជាតិ (ILO) បានអះអាងថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ក្នុងឆ្នាំនេះ ហាក់មានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ដោយសារតែមានបណ្ដាក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនបានសហការចូលរួម។
បើតាម លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រៅពីវិសាលភាពនៃពិព័រណ៍នេះ ក្រសួងក៏បានរៀបចំយន្តការស្វែងរកការងារជូនដល់ពលរដ្ឋ តាមរយៈមជ្ឈមណ្ឌលការងារចល័តនៅតាមតំបន់ដាច់ស្រយាលនៃបណ្ដាខេត្តនានាផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១១ មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ចំនួន១២លើករួចមកហើយ ហើយពិព័រណ៍នាឆ្នាំនេះ ត្រូវបានរំពឹងទុកថា នឹងនាំយកឱកាសការងារជាង២ម៉ឺនកន្លែង ហើយនឹងទាក់ទាញ អ្នកចូលរួម ទស្សនាប្រមាណ ៣ម៉ឺននាក់៕
អត្ថបទ៖ បូ ដូឡា