ក្រោមកិច្ចព្រមព្រៀង RCEP ដែលកូរ៉េខាងត្បូងនឹងដាក់ឲ្យចូលជាធរមាននៅដើមខែកុម្ភៈឆ្នាំក្រោយ ប្រទេសទាំងពីរនឹងអាចផ្តើមដោះដូរពាណិជ្ជកម្មរវាងគ្នា ដោយលើកលែងរនាំងពន្ធគយលើទំនិញជាច្រើន ដោយការរំពឹងទុកថា វានឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាឡើងថែមមួយកម្រិតទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
រដ្ឋសភាកូរ៉េខាងត្បូង បានផ្តល់សច្ចាប័នដល់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយគ្រោងនឹងដាក់ចូលជាធរមាននៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២២។ ដោយឡែក សម្រាប់សមាជិកចំនួន១០ប្រទេសដែលបាន ផ្តល់សច្ចាប័នរួចគិតត្រឹមខែវិច្ឆិកា រួមមានប្រទេសចិន ជប៉ុន អូស្ត្រាលី ញូហ្សេលែន សិង្ហបុរី ថៃ វៀតណាម ប្រ៊ុយណេ ឡាវ និង កម្ពុជា នឹងផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះ ចាប់ពីថ្ងៃចូលជាធរមាន នាថ្ងៃទី០១ខែមករាឆ្នាំ២០២២តទៅ។
សម្រាប់កូរ៉េខាងត្បូង ទោះយឺតជាងសមាជិកដទៃរយៈពេលមួយខែ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងឈានទៅលុបចោលភ្លាមៗ នូវការយកពន្ធលើផលិតផលជាច្រើន។ ក្នុងនោះផងដែរ អត្រាពន្ធនឹងត្រូវបានលុបចោលលើទំនិញប្រហែល៩០% នៅទូទាំងតំបន់ពាណិជ្ជកម្មសេរី ដែលគ្របដណ្តប់ប្រហែល ៣០%នៃផលិតផលក្នុងស្រុកសរុប និងចំនួនប្រជាជនសរុបរបស់ពិភពលោក។
គួរជម្រាបថា នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីមួយហើយ ដែលនាំយកជប៉ុន និងកូរ៉េខាងត្បូង ឲ្យខិតមកជិតគ្នាក្នុងការធ្វើពាណិជ្ជកម្មដូចនេះ។ បើតាមការអះអាងពីភាគីរាជរដ្ឋាភិបាលជប៉ុន កិច្ចព្រមព្រៀង RCEP នឹងបង្កើនការកាត់បន្ថយពន្ធក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ ពីជិត ២០% កើនដល់ជាង៩០%ឯណោះ។
ជប៉ុនរំពឹងផងដែរថា នឹងមានការជំរុញដល់ការនាំចេញរថយន្ត និងផលិតផលគីមីរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង។
ជាក់ស្តែង កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធលើគ្រឿងបន្លាស់រថយន្តប្រហែល៧៨% សម្រាប់ប្រទេសកូរ៉េខាងត្បូង។ ផ្ទុយទៅវិញ ជប៉ុនអាចទទួលបានការកាត់បន្ថយពន្ធលើ ស្រា និងគ្រឿងស្រវឹងផ្សេងៗ ពីកូរ៉េខាងត្បូង ដែលគេរំពឹងថា វានឹងអាចធ្វើឲ្យតម្លៃផលិតផលទាំងនេះ នឹងមានកាន់តែសមរម្យជាងតម្លៃសព្វថ្ងៃនេះផងដែរ៕