ថ្កោលទោសការវាយប្រហារ

រុស្ស៊ី អ៊ីរ៉ង់ ចិន និងប្រទេសជាច្រើនទៀតថ្កោលទោសការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា


ប្រទេសមហាអំណាចធំៗរួមមានចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសជាច្រើនទៀតបានចេញមកថ្កោលទោសការវាយប្រហារដោយយោធារបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអេឡា និងបានចាត់ទុកការវាយប្រហារនេះថា ជាការរំលោភលើដែលអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា។ ជាមួយគ្នានេះ សហគមន៍អន្តរជាតិកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃទី៤ ខែមករា។
ថ្កោលទោសការវាយប្រហារ
ដោយ

ប្រទេសសម្ព័ន្ធមិត្តរបស់វេណេស៊ុយអេឡាជាច្រើនដូចជារុស្ស៊ី អ៊ីរ៉ង់ និងចិនជាដើមបានថ្កោលទោសប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា កាលពីថ្ងៃទី៣ ខែមករា ខណៈប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់អាម៉េរិកបានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងប្រកាសថា ពួកគេនឹងតាមដានស្ថានការណ៍ជម្លោះនៅក្នុងតំបន់នេះយ៉ាងដិតដល់។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសចំពោះការវាយប្រហាររបស់អាម៉េរិកលើប្រទេសវេណេស៊ុយអេឡា និងបានលើកឡើងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ រឿងសំខាន់ដែលត្រូវធ្វើ គឺទប់ស្កាត់ការកើនឡើងនៃភាពតានតឹង និងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា។ មិនខុសគ្នានោះទេ អ៊ីរ៉ង់ក៏បានផ្កោលទោសចំពោះទង្វើរបស់អាម៉េរិកផងដែរ និងបានចាត់ទុកការវាយប្រហារនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា និងទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីថ្លែងការណ៍ឱ្យបញ្ឈប់ការឈ្លានពានខុសច្បាប់នេះជាបន្ទាន់ និងនាំខ្លួនអ្នកដែលបង្កហេតុការណ៍នេះមកកាត់ទោស។

ជាមួយគ្នានេះ ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកបានថ្កោលទោសសហរដ្ឋអាម៉េរិកចំពោះការប្រើកម្លាំងយោធាវាយឆ្មក់ចូលចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការរំលោភដែនអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសដទៃ។ ចំណែកប្រទេសអាល្លឺម៉ង់ ដែលជាបងធំនៅសហភាពអឺរ៉ុបបានអះអាងថា ខ្លួនកំពុងតាមដានស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា យ៉ាងយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង ហើយថា ក្រុមការងារនឹងជួបប្រជុំគ្នានៅពេលឆាប់ៗនេះ ដើម្បីពិភាក្សាបន្ថែមទៀតអំពីស្ថានការណ៍ដ៏តានតឹងនេះ។

ស្រដៀងគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក អង់តូនីញ៉ូ តាចានី (António Tajani) បានអះអាងថា ប្រទេសអ៊ីតាលីកំពុងតាមដានយ៉ាងដិតដល់ពីការវិវត្តថ្មីៗនៅក្នុងប្រទេសវេណេស៊ុយអេឡា ជាពិសេសសហគមន៍អ៊ីតាលីនៅក្នុងវេណេស៊ុយអេឡា ដែលមានសមាជិកប្រមាណ១៦ម៉ឹននាក់។ ចំណែកប្រទេសអេស្ប៉ាញឯណោះវិញ បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង អត់ធ្មត់ និងគោរពច្បាប់អន្តរជាតិនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញ និងប្រកាសស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួល ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធីទៀតផង។

ជាមួយគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គោតេរ៉េស ក៏បានចេញប្រតិកម្ម និងបង្ហាញការព្រួយបារម្ភចំពោះការវាយប្រហាររបស់យោធាអាម៉េរិកលើប្រទេសវេណេស៊ុយអេឡារហូតឈានដល់ការចាប់ខ្លួនមេដឹកនាំប្រទេសនេះរួមទាំងភរិយាផងដែរ។ ទន្ទឹមនឹងនេះ មេ UN រូបនេះចាត់ទុកទង្វើរបស់លោក ត្រាំ ជាគំរូដ៏អាក្រក់បំផុតមួយ។

ក្រៅពីបណ្តាប្រទេសទាំងនេះ ក៏មានប្រទេសជាច្រើនទៀតផងដែរ ដែលបានចេញមកប្រតិកម្មចំពោះការបើកប្រតិបត្តិការយោធារបស់អាម៉េរិកមកលើប្រទេសវេណេស៊ុយអេឡា និងស្នើឱ្យបន្ធូរបន្ថយស្ថានការណ៍ និងងាកមកគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអង្គការសហប្រជាជាតិ៕

អត្ថបទ សួន ឡង់ទី, រូបភាពឯកសារ




អត្ថបទបន្ទាប់


ការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា បង្ខំឱ្យជើងហោះហើររាប់រយជើងត្រូវបានលុបចោល

ប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាក្រោមហេតុ…

អ្នកជំនាញ និងសមាជិកសភាប្រឆាំងនឹងចំណាត់ការរបស់លោក ត្រាំ លើវេណេស៊ុយអេឡា

ទោះបីជាប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីហេតុផលជាបន្តបន្ទាប់ចំពោះការសម្រេចចិត្តវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ហើយចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ