
លោក តាន់ វិសាល តំណាងអង្គការអុកស្វាមនៅកម្ពុជា លើកទឹកចិត្តដល់កម្មករធ្វើការងារតាមផ្ទះបន្តសាមគ្គីភាព ចងក្រងជាក្រុម ពង្រឹងចំណេះដឹង ជំនាញ និងអាកប្បកិរិយា ហើយបន្តចូលរួមក្នុងការជជែកពិភាក្សា និងតស៊ូមតិសម្រាប់ជាប្រយោន៍ដល់កម្មករ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានកម្មករធ្វើការតាមផ្ទះជាង៣៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាល នៃកម្មករទាំងអស់នៅទូទាំងពិភពលោក ហើយជាង៨០% ជាស្ត្រី។ លោកបានបន្ថែមទៀតថា កម្មករធ្វើការងារតាមផ្ទះបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានគូសបញ្ជាក់ថា កម្មករធ្វើការងារតាមផ្ទះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដោយសាអ្នកធ្វើការតាមផ្ទះ គឺជាកម្លាំងចលករមួយដែលជួយឱ្យអ្នកដែលមានកិច្ចការងារសំខាន់ៗមានពេលវេលាគ្រប់គ្រាន់ទៅបំពេញការងារផ្សេងៗ។ លោក វន់ ពៅ បានបន្ថែមថា អ្វីដែលកម្មករធ្វើការងារតាមផ្ទះត្រូវទទួលបានពីភាគីពាក់ព័ន្ធ ដូចជាកិច្ចគាំពារសង្គមតាមរយៈបណ្ណ ប.ស.ស មានលក្ខខណ្ឌការងារសមរម្យ មានឱកាសឈប់សម្រាកប្រចាំសប្ដាហ៍ ប្រចាំឆ្នាំ ក៏ដូចជាមានម៉ោងកំណត់ធ្វើការច្បាស់លាស់ជាដើម។
ពាក់ព័ន្ធគ្នានេះដែរ លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្មករធ្វើការងារតាមផ្ទះ គឺមានតម្លៃដូចគ្នាទៅនឹងការងាររកប្រាក់នៅខាងក្រៅដែរ ដោយពួកគេបានចូលរួមយ៉ាងសកម្មជំរុញដល់កំណើនសេដកិច្ចជាតិ។ សម្រាប់លោកជំទាវរូបនេះ ការផ្សព្វផ្សាយដល់ម្ចាស់ផ្ទះឱ្យយល់ដឹងពីសេចក្តីប្រកាស ស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារតាមផ្ទះជារឿងសំខាន់ដែលក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវចូលរួមធ្វើទាំងអស់គ្នា។
អង្គការអុកស្វាម និងដៃគូពាក់ព័ន្ធបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានា ដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅកម្ពុជា ដើម្បីធានាថា រាជរដ្ឋាភិបាលកម្ពុជា អាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
អង្គការនេះ កត់សម្គាល់ឃើញថា ទិដ្ឋភាពទូទៅនៃការគាំពារផ្លូវច្បាប់ដល់កម្មករតាមផ្ទះ និងការធានារ៉ាប់រងក្រោមច្បាប់ការងារ នៅមិនទាន់បានគ្របដណ្តប់ពេញលេញនៅឡើយទេ ដូចជាគ្មានការកំណត់ម៉ោងធ្វើការប្រចាំសប្តាហ៍ ពុំទាន់បានកំណត់ ឬផ្តល់សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ពុំទាន់មានច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា មិនទាន់មានការផ្តល់សិទ្ធិឈប់សម្រាកលំហែមាតុភាព មិនទាន់មានការផ្តល់សិទ្ធិទទួលបានប្រាក់បៀវត្សរ៍ជំនួស មិនទាន់មានការផ្តល់សិទ្ធិឈប់សម្រាកឈឺ មិនត្រូវបានផ្តល់សិទ្ធិទទួលបានអត្ថប្រយោជន៍គ្រោះថ្នាក់ការងារជាដើម៕