
ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី បានគូសបញ្ជាក់ឱ្យដឹងថា ស្របពេលដែលកម្ពុជា និងថៃមានការបិទច្រកព្រំដែនគោកជាមួយគ្នា ចង់ ឬមិនចង់វានឹងមានផលប៉ះពាល់មួយចំនួនដល់អ្នករកស៊ីនៅក្នុងប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មរវាងគ្នា ពិសេសពលរដ្ឋនៅតាមព្រំដែនតែម្តង។ តែយ៉ាងណា អ្នកជំនួញរូបនេះយល់ឃើញថា នៅក្នុងបញ្ហានេះ វាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ ក្រោយពលរដ្ឋកម្ពុជាចាប់ផ្តើមពហិការឈប់ប្រើប្រាស់ផលិតផលថៃ។ តួយ៉ាងសម្រាប់ក្រុមហ៊ុន បូទីកា គឺបានពហិការទាំងស្រុងក្នុងការនាំចូលផលិតផលសម្ភារៈសំណង់ពីថៃបន្តទៀតចូលមកកម្ពុជា ដោយជំនួសដោយការពង្រឹងសមត្ថភាពផលិតនៅក្នុងស្រុកដោយខ្លួនងង និងនាំចូលពីបណ្តាប្រទេសផ្សេងៗ។
ជាមួយគ្នានេះឧកញ៉ា កែវ បូណ៌ភិរក្ស លើកទឹកចិត្តដល់សហគ្រាសក្នុងស្រុកនានាត្រូវពង្រឹងខ្លួនឱ្យបានកាន់តែខ្លាំងបន្ថែមទៀតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដើម្បីចូមរួមលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការពង្រឹងខ្លួនដើរឱ្យទាន់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាតែម្តង។ ម្យ៉ាងទៀត ការចំណាយទៅលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមរបស់សហគ្រាននីមួយៗ គឺជាកត្តាសំខាន់ក្នុងការជំរុញអាជីវកម្មរបស់ខ្លួនឱ្យរីកចម្រើនបានកាន់តែលឿនផងដែរ។
បើតាមការបញ្ជាក់របស់អ្នកជំនួញខាងលើថា សម្ភារៈសំណង់ដែលកម្ពុជានាំចូលមកពីទីផ្សារប្រទេសថៃនាពេលកន្លងមកភាគច្រើនមានដូចជាផលិតផលប្រើប្រាស់នៅក្នុងបន្ទប់ទឹក ស៊ីម៉ងត៍ និងផលិតផលមួយចំនួនទៀត។ ទន្ទឹមនេះឧកញ៉ា កែវ បូណ៌ភិរក្ស ជឿជាក់ថា នៅក្រោយពេលកម្ពុជា និងថៃមានបញ្ហាជម្លោះព្រំដែនជាមួយនាពេលនេះ ការនាំចូលផលិតផលសម្ភារៈសំណង់ពីថៃចូលមកកាន់ទីផ្សារកម្ពុជានឹងមានការធ្លាក់ចុះខ្លាំងជាក់ជាមិនខាន៕