ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏សកម្មភាពនៃដំណើរការស្នើសុំច្បាប់អនុញ្ញាតសាងសង់សំណង់នៅកម្ពុជានៅតែមានជាបន្តបន្ទាប់នៅឆ្នាំ២០២០នេះ។ ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់នាពេលនេះ រួមមានអគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគារ សំណង់អគារ ពហុមុខងារសំណង់រោងចក្រឧស្សាហកម្មនានានៅតែដំណើរការស្នើសុំសាងសង់ជាបន្តបន្ទាប់ ហើយរាល់សំណង់ទាំងអស់នេះ ពិតជាបានដំណើរការសាងសង់តាមការស្នើសុំភ្លាមៗតែម្តងសម្រាប់ឆ្នាំ ២០២០នេះ។
ដោយឡែក ចំពោះខេត្តព្រះសីហនុ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានគូសបញ្ជាក់ទៀតថា គម្រោងសំណង់ដែលបានស្នើសុំច្បាប់អនុញ្ញាតនៅ១១ខែឆ្នាំ២០២០ ភាគច្រើនសុទ្ធសឹងជាប្រភេទសំណង់លំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រភេទសំណង់ដែលបម្រើដល់វិស័យទេសចរណ៍ និងសំណង់ប្រភេទឧស្សាហកម្ម។
ទិន្នន័យពីក្រសួងរៀបចំដែនដី បានបង្ហាញថា គិតពីឆ្នាំ២០០៥មកដល់ពេលនេះ សំណង់អគារខ្ពស់កម្ពស់ចាប់ពី៥ជាន់ឡើងដល់៥៣ជាន់នៅខេត្តព្រះសីហនុមាន៥៦៦ គម្រោង ក្នុងនោះសម្រាប់ឆ្នាំ២០២០ គម្រោងអគារខ្ពស់ដែលទទួលបានលិខិតអញ្ញាតសាងសង់មានចំនួន១៤១គម្រោង។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា នៅអំឡុងពេលនេះ វាគឺជាឱកាសសម្រាប់អ្នកវិនិយោគនៅក្នុងអចលនទ្រព្យ ដែលអាចទិញអចលនទ្រព្យក្នុងតម្លៃទាប និងអាចលក់វិញក្នុងតម្លៃខ្ពស់។ បើតាមឧកញ៉ាចេង ខេង នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យរបស់កម្ពុជានឹងស្ទុះងើបឡើងវិញ ទៅតាមកំណើនសេដ្ឋកិច្ចដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា វិស័យអលនទ្រព្យនៅខេត្តព្រះសីហនុនេះនឹងនៅតែមានការរីកចម្រើនឡើងវិញលឿនជាងទីផ្សារអលនទ្រព្យស្ថិតនៅខេត្តផ្សេងៗទៀត បន្ទាប់ពីរាជធានីភ្នំពេញ។ លោកហ៊ានធានាអះអាងដូច្នេះ ដោយសារតែមើលឃើញថា អ្នកវិនិយោគិននៅតែបន្តការវិនិយោគច្រើនជាបន្តបន្ទាប់ ស្របទៅនឹងតម្លៃដីធ្លីក៏មិនមានការប្រែប្រួលកើនឡើង៕