ទីផ្សារជ័រកៅស៊ូ

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៥០០លានដុល្លារ បានបើកការសាងសង់ ខណៈអ្នកជំនាញរំពឹងជួយជំរុញតម្លៃជ័រកៅស៊ូឱ្យកើនឡើង


រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមួយតម្លៃ៥០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង នៅលើផ្ទៃដីប្រមាណ៣២ហិកតា។ អ្នកជំនាញរំពឹងថា តាមរយៈរោងចក្រនេះវានឹងជួយស្រូបទាញជ័រកៅស៊ូ និងជំរុញតម្លៃជ័រកៅស៊ូឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ព្រោះតាមរយៈរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ដែលបានបើកដំណើរការនៅកម្ពុជា នាពេលកន្លងមកបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកបានប្រមាណជាង២០%។
ទីផ្សារជ័រកៅស៊ូ
ដោយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុករោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលទើបបើកការដ្ឋានសាងសង់នៅខេត្តស្វាយរៀង កាលពីពេលថ្មីៗ ជាសមិទ្ធផលដ៏មានតម្លៃក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេសវាជាផ្នែកមួយជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកការផលិតសំបកកង់យានយន្ត គឺជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។

លោក ម៉ែន សុភ័ក្រ្ត ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា រំពឹងថា តាមរយៈវត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តខាងលើនេះ វានឹងជួយធ្វើឱ្យទីផ្សារកៅស៊ូក្នុងស្រុកកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត ជាពិសេសជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកបានកាន់តែច្រើន ដែលនឹងជួយកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារខាងក្រៅ ក៏ដូចជាជួយរក្សាស្ថិរភាពតម្លៃកៅស៊ូក្នុងស្រុក។ បើតាមប្រធានសមាគមរូបនេះ តាមរយៈវត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ដែលបានបើកប្រតិបត្តិការដំណាក់កាលដំបូងរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក បានជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកបានប្រមាណ២០% នៃទិន្នផលជ័រកៅស៊ូសរុបរបស់កម្ពុជា។

​​គួរបញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង។ រោងចក្រនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៣២ហិកតា ជាមួយទំហំទុនវិនិយោគប្រមាណ៥០០លានដុល្លារ និងរំពឹងបង្កើតការងារជូនពលរដ្ឋបានប្រមាណ១ពាន់កន្លែង៕




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមក្រពើជាច្រើនបានបោះបង់ការចិញ្ចឹម ខណៈកម្ពុជា កំពុងចរចាបើកទីផ្សារនាំចេញទៅចិន

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើជាច្រើនបានរងការខាតបង់ និងខ្លះបានបោះបង់ការចិញ្ចឹម ដោយសារទីផ្សារ និងតម្លៃក្រពើបានធ្លាក់ចុះខ្លាំងនៅអំឡុងពេលនៃក…

កសិករដាំដំឡូងមីដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃ ស្នើឱ្យភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលជួយរកទីផ្សារ

កាលពីពេលកន្លងទៅថ្មីៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរោងម៉ាស៊ីនកិនស្រូវប្រមាណ២៣ ដើម្បីជួយប្រមូលទិញស្រូវប្រភេទ អូអឹម ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ