ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីវឌ្ឍនភាពជុំវិញការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿ នភ្នំពេញ-បាវិត ក្រោយបើកការសាងសង់អស់រយៈពេលជិត១ឆ្នាំកន្លងនេះថា បច្ចុប្បន្នគម្រោងនេះ កំពុងស្ថិតក្នុងសំណាក់កាលឈានទៅបញ្ចប់ការងារនីតិវិធី និងដំណើរការការដ្ឋាន។
តែយ៉ាងណា ឯកឧត្តម មិនទាន់អាចវាយតម្លៃពីលទ្ធផលការងារ ដែលសម្រេចបានកន្លងមកនៅឡើយទេ ដោយសារបច្ចុប្បន្នកំពុងស្ថិតក្នុងការដំណាក់កាលឈូសឆាយ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះអះអាងថា គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ កំពុងដំណើរការទៅមុខមិនមានបញ្ហារាំងស្ទះអ្វីមួយកើតឡើងនោះទេ។
ពាក់ព័ន្ធគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា គម្រោងនេះកំពុងដំណើរការទៅមុខដោយគ្មានការរាថយ ខណៈបច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចរចា និងដោះស្រាយចំណុចតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា ជាមួយប្រទេសវៀតណាម។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅបង្គោលគីឡូម៉ែត្រលេខ១៦២ គឺជាទីតាំងដែលប្រមូលផ្ដុំដោយអគាររដ្ឋបាល និងមានដីធំទូលាយ ហើយមិនអាចផ្លាស់ប្ដូរទៅទីតាំងបាវិត-ម៉ុកបៃបានឡើយ ដោយសារទីតាំងនោះមានសភាពតូចចង្អៀត។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលមានប្រវែង១៣៥គីឡូម៉ែត្រ គឺជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។
ផ្លូវដែលមានតម្លៃវិនិយោគជាង១ពាន់៣រយលានដុល្លានេះ សាងសង់ឡើងក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលគ្រោងចំណាយថវិកាជាង២៣២លានដុល្លារ ជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមគម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នេះ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧៕
អត្ថបទ៖ បូ ដូឡា