បើតាមអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំក្នុងទីក្រុងឌូបៃ បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលទទូចថា សន្និសីទនៅទីក្រុងឌូបៃ គួរផ្តោតតែលើការកាត់បន្ថយការបំពុលអាកាសធាតុប៉ុណ្ណោះ ពុំគួរផ្តោតលើឥន្ធនៈហ្វូស៊ីល ដែលបង្កឱ្យមានការបំពុលអាកាសធាតុកើតឡើងនោះទេ។
ខណៈដែលនៅម្ខាងទៀត យ៉ាងហោចណាស់មានប្រទេសចំនួន៨០ រួមទាំងសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រទេសក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុជាច្រើនកំពុងទាមទារឱ្យកិច្ចព្រមព្រៀង COP28 អំពាវនាវឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
ប្រធាន COP28 លោក Sultan al-Jaber បានប្រាប់កិច្ចប្រជុំកាលពីល្ងាចថ្ងៃសៅរ៍ថា គួរតែពន្លឿនការងាររបស់ពួកគេ ដើម្បីស្វែងរកកិច្ចព្រមព្រៀងចុងក្រោយ ព្រោះបើតាមលោក កិច្ចព្រមព្រៀងបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅតែមានផ្នែកជាច្រើនទៀត នៃភាពខុសគ្នាជាងការត្រូវរ៉ូវគ្នា។
ស្របពេលដែលអគ្គលេខាធិការអង្គការផលិតប្រេង OPEC លោក Haitham Al Ghais មុននោះបន្តិចបាននិយាយនៅក្នុងសេចក្តីអធិប្បាយ ដែលបានអានទៅកាន់គណៈប្រតិភូនៅឯកិច្ចប្រជុំថា យើងត្រូវការវិធីសាស្រ្តជាក់ស្តែង ដើម្បីដោះស្រាយការបំភាយឧស្ម័ន ដែលអនុញ្ញាតឱ្យមានកំណើនសេដ្ឋកិច្ច ជួយលុបបំបាត់ភាពក្រីក្រ និងបង្កើនភាពធន់ក្នុងពេលតែមួយ។
នេះជាលើកទីមួយហើយដែលប្រធានអង្គការ OPEC បានធ្វើអន្តរាគមន៍ក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ជាមួយនឹងលិខិតបែបជំទាស់បែបនេះ។ នេះបើយោងតាមលោក Alden Meyer នៅវិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុ E3G climate change។ លោកបាននិយាយថា សារនេះបង្ហាញពីការភ័យស្លន់ស្លោរបស់ក្រុមប្រទេសផលិតប្រេង OPEC+។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសផលិតកំពូលនៅក្នុងអង្គការ OPEC និងជាមេដឹកនាំជាក់ស្តែងនៃអង្គការនេះ ហើយប្រទេស រុស្ស៊ី គឺជាសមាជិកនៃអង្គការមួយនេះដែរ។
ទោះជាយ៉ាងណា ប្រទេសផ្សេងទៀតរួមទាំងឥណ្ឌា និងចិន មិនបានបង្ហាញការគាំទ្រច្បាស់លាស់ដល់អង្គការ OPEC លើការលុបពាក្យ«ឥន្ធនៈហ្វូស៊ីល»នៅ COP28 នោះទេ ប៉ុន្តែបានគាំទ្រការអំពាវនាវជំរុញឱ្យបង្កើនថាមពលកកើតឡើងវិញ។ ប្រេសិតអាកាសធាតុកំពូលរបស់ប្រទេសចិន លោក Xie Zhenhue បានពណ៌នាកិច្ចប្រជុំកំពូលអាកាសធាតុឆ្នាំនេះថា ជាការលំបាកបំផុតក្នុងអាជីពរបស់លោក។
នៅក្នុងរយៈ១៦ឆ្នាំនៃការចូលរួមកិច្ចប្រជុំអាកាសធាតុ លោកថា ឆ្នាំនេះគឺជាពេលមួយ ដ៏លំបាក ព្រោះតែការខ្វែងគំនិត និងបញ្ហាច្រើន។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ឥណ្ឌា លោក Bhupender Yadav បានទាមទារឱ្យមានសមធម៌ និងយុត្តិធម៌នៅក្នុងកិច្ចព្រមព្រៀងណាមួយ ដោយថាប្រទេសអ្នកមានគួរតែជាអ្នកដឹកនាំសកម្មភាពលុបបំបាត់ការបំពុលអាកាសធាតុពិភពលោក។
គួរជម្រាបថា កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដែលគ្រោងនឹងបញ្ចប់កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីរដ្ឋាភិបាល មកពីប្រទេសជិត២០០នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឌូបៃ បានចូលរួមក្នុងការព្យាយាមដោះស្រាយភាពជាប់គាំងនៃឥន្ធនៈហ្វូស៊ីល។
ប៉ុន្តែកំណែចុងក្រោយបំផុតនៃអត្ថបទចរចា ដែលទើបបានចេញផ្សាយកាលពីថ្ងៃសុក្រនេះបានបង្ហាញថា ប្រទេសជាច្រើននៅតែស្ថិតនៅក្នុងការពិចារណាជម្រើសជាច្រើន ចាប់តាំងពីការយល់ព្រមលើការលុបចេញពាក្យឥន្ធនៈហ្វូស៊ីល រហូតដល់ការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមិនទាន់បានប្រើ រហូតដល់ជម្រើសមិនគួរលើកឡើងពីពាក្យឥន្ធនៈហ្វូស៊ីលនេះ នៅក្នុងកិច្ចព្រមព្រៀងលុបបំបាត់ការបំពុលអាកាសធាតុតែម្តង ដូចបណ្តាប្រទេស OPEC លើកឡើងខាងលើ៕