ការអះអាងបែបនេះរបស់មន្ត្រីរាជរដ្ឋាភិបាល គឺដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយនៅតំបន់អាស៊ាន។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាទទួលទានបាយជាអាហារ មិនដូចប្រទេសប៉ែកអឺរ៉ុប ដែលភាគច្រើនហូបនំប៉័ង ដែលផលិតឡើងពីស្រូវសាលីនោះទេ។ យ៉ាងណាក៏ដោយចុះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន ព្រមានថា ពិភពលោកនឹងប្រឈមវិបត្តស្បៀងអាហារ ប្រសិនបើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តអូសបន្លាយ។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា វិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជានោះទេ។ ហើយឯកឧត្តមជឿជាក់ថា វិបត្តិស្បៀងអាហារក៏ទំនងជាមិនអាចកើតមានឡើងនៅកម្ពុជានោះដែរ។ មិនអាចកើនមាន ក៏ព្រោះតែកម្ពុជាមានការត្រៀមលក្ខណៈខ្ពស់ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀង ហើយកម្ពុជារួមជាមួយប្រទេសសមាជិកអាស៊ានទាំងអស់បានរួមគ្នាបង្កើតឲ្យមានសន្តិសុខស្បៀងក្នុងក្របខណ្ឌអាស៊ាន។
យើងសង្កេតឃើញថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ក្រៅតែពីបានរុញច្រានឲ្យកើតមានវិបត្តិកង្វះខាតស្បៀងអាហារពិភពលោកហើយនោះ វាក៏បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក ហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ក៏មានការកើនឡើងទៅតាមនឹងផងដែរ ដែលធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកជួបប្រទះបញ្ហាការកើនឡើងអតិផរណា។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទោះបីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការកើនឡើងខ្ពស់ដោយសារកើនឡើងតម្លៃប្រេងសកលក៏ដោយ តែកម្ពុជាមិនបានជួបប្រទះបញ្ហាអតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើងនោះទេ។ ហើយឯកឧត្តម ជឿជាក់ថា កម្ពុជាក៏ទំនងជាមិនអាចជួបប្រទះបញ្ហានេះដែរ ព្រោះកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម និងជាអ្នកនាំចេញផលិតផលកសិកម្មដ៏ធំមួយដែរនៅតំបន់អាស៊ាន។
នាកិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ កាលពីពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានថា វិបត្តិស្បៀងអាហារពិភពលោកនឹងកើតមានឡើងនៅអំឡុងឆ្នាំ២០២៣ ប្រសិនបើពុំមានការដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនឲ្យបានឆាប់ ហើយទុកឲ្យបន្តអូសបន្លាយពេលយូរបន្ថែមទៀត។ ការវាយតម្លៃបែបនេះ ព្រោះ សម្តេចតេជោ មើលឃើញថា វិបត្តសង្គ្រាមនៅអ៊ុយក្រែននឹងឲ្យប៉ះពាល់ការផលិត និងនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំមួយនៅលើពិភពលោក។ ទោះយ៉ាងណាសម្តេចរំពឹងថា កម្ពុជារួមជាមួយប្រទេសជាសមាជិកអាស៊ាននឹងមិនជួបបញ្ហាវិបត្តិស្បៀងអាហារនេះឡើយ៕