ដុំមាសត្រូវបានជួញដូរនៅទីផ្សារអាស៊ីក្នុងតម្លៃ២,៦២៧ដុល្លារអាម៉េរិកក្នុងមួយអោន ឬប្រមាណ៣,២០៤ដុល្លារអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ដោយហាងឆេងបានហក់ឡើង០,៥% ហើយកត្តាចម្បងដែលធ្វើឱ្យហាងឆេងមាសហក់ឡើងនេះ គឺដោយសារការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិក និងការកើនឡើងកម្ដៅនៃភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោក។
បណ្ដាវិនិយោគិនក៏បានបញ្ចេញប្រតិកម្មព្រួយបារម្ភផងដែរ ឆ្លើយតបទៅនឹងការធ្លាក់ចុះយ៉ាងគំហុកនូវទំនុកចិត្តរបស់អតិថិជនជាអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក ស្របពេលគោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។
មាសបន្តហក់ឡើងថ្លៃឈានដល់ការបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅឆ្នាំ២០២៤ នេះ ដោយជារួមមាសបានហក់ឡើងថ្លៃរហូតដល់ជាង២៧%ឯណោះ នៅពេញមួយឆ្នាំមកនេះ។ ការបន្ធូរបន្ថយផ្នែករូបិយវត្ថុដោយសហរដ្ឋអាម៉េរិក និងការសម្រុកទិញចូលមាសដោយធនាគារកណ្តាលនៃប្រទេសធំៗដូចជារុស្ស៊ី និងមហាយក្សចិនជាដើម បានជំរុញឱ្យហាងឆេងមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា ការហក់ឡើងថ្លៃនៃហាងឆេងមាសនៅមួយរយៈពេលខ្លីចុងក្រោយនេះបានបង្អង់ល្បឿនដោយសារតែប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីជាថ្មីគួរឱ្យភ្ញាក់ផ្អើល។
លោក ជីតទី តាងស៊ីតប៉ាក់ឌី (Jitti Tangsithpakdi) ប្រធានសមាគមអ្នកជួញដូរមាសរបស់ថៃ បានលើកឡើងថា ការបង្អង់ល្បឿននៃការហក់ឡើងហាងឆេងមាសកាលពីពេលថ្មីៗនេះ គឺដោយសារការប៉ាន់ស្មាននៅក្នុងទីផ្សារ ដែលមិនផ្អែកលើទិន្នន័យជាក់ស្ដែង។
លោកបានថ្លែងប្រាប់កាសែត បាងកក ប៉ុស្តិ៍ ថា ហាងឆេងមាសនឹងហក់ឡើងស្រឺតៗនៅឆ្នាំក្រោយ ពីព្រោះលោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យសេដ្ឋកិចច្ចពិភពលោកធ្លាក់ចូលក្នុងភាពចលាចល ដែលនឹងជំរុញឱ្យតម្រូវការមាសកើនឡើងខ្លាំងក្នុងស្ថានភាពបែបនេះ ហើយកំណើនតម្រូវការនេះនឹងធ្វើឱ្យហាងឆេងមាសហក់ឡើងខ្ពស់៕
ដោយ: តែម សុខុម