របាយការណ៍ទ្រព្យសម្បត្តិបានបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានប្រាក់ចំណូល៦៣៥ លានដុល្លារពីសិទ្ធិកាន់កាប់លើកាក់ឌីជីថល Trump Meme Coin ដែលលោកបានដាក់ឱ្យដំណើរការមុនចូលកាន់តំណែងប៉ុន្មានថ្ងៃ ទោះបីជាតម្លៃកាក់នេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលក្រោយក៏ដោយ។ ក្រៅពីនេះ លោក ក៏រកចំណូលបានជាង៥០០លានដុល្លារពីក្រុមហ៊ុន Crypto World Liberty Financial ដែលត្រូវបានបង្កើតឡើងដោយកូនប្រុសរបស់លោក និងក្រុមគ្រួសាររបស់ប្រេសិតពិសេសលោក ស្ទេវ វីតខូហ្វ (Steve Witkoff)។
របាយការណ៍ដដែលលក៏បង្ហាញដែរថា លោក ដូណាល់ ត្រាំ នៅតែរកចំណូលរាប់សិបលានដុល្លារពីអាជីវកម្មអចលនទ្រព្យ និងក្លឹបវាយកូនហ្គោលរបស់លោក ព្រមទាំងទទួលបានប្រាក់ពីការលក់ផលិតផលដែលមានម៉ាក Trump ដូចជានាឡិកា ព្រះគម្ពីរ ស្បែកជើង ទឹកអប់ និងហ្គីតាផងដែរ។ 0ចំណែកភរិយារបស់លោក គឺជំទាវទី១ មេឡានែរ ត្រាំ (Melania Trump) ក៏បានប្រកាសប្រាក់ចំណូលជាង១៦លានដុល្លារផងដែរ ក្នុងនោះមានប្រាក់បានពីកិច្ចព្រមព្រៀងភាពយន្តឯកសារ និងការលក់ទ្រព្យសកម្មឌីជីថល NFT។
ជុំវិញការរិះគន់ថា លោក ត្រាំ អាចទទួលផលប្រយោជន៍ពីតំណែងប្រធានាធិបតីដោយមិនត្រឹមត្រូវ សេតវិមានបានបដិសេធយ៉ាងដាច់ខាតដោយបញ្ជាក់ថា អាជីវកម្មរបស់លោកត្រូវបានដាក់ឱ្យកូនប្រុសរបស់លោកជាអ្នកគ្រប់គ្រង ហើយសកម្មភាពទាំងអស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺធ្វើឡើងដើម្បីផលប្រយោជន៍របស់ពលរដ្ឋអាម៉េរិក។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក ត្រាំ ធ្លាប់ចាត់ទុក Bitcoin ដែលជាគ្រីបតូធំបំផុតរបស់ពិភពលោកថាជាការបោកប្រាស់ និងជាគ្រោះមហន្តរាយ ដែលកំពុងរង់ចាំកើតឡើង ប៉ុន្តែបន្ទាប់ពីវិលត្រលប់មកកាន់តំណែងនៅសេតវិមានវិញ លោក បានបង្ហាញជំហរគាំទ្រឧស្សាហកម្មគ្រីបតូយ៉ាងខ្លាំង ហើយបានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីជំរុញឱ្យអាម៉េរិកក្លាយជាអ្នកឈានមុខគេក្នុងពិភពលោកលើវិស័យទ្រព្យសកម្មឌីជីថល។
យោងតាមទស្សនាវដ្តី Forbes បង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់លោក ត្រាំ បានកើនឡើងដល់ប្រមាណ៦ពាន់លានដុល្លារ ខណៈសន្ទស្សន៍មហាសេដ្ឋីពាន់លានដុល្លារ Bloomberg Billionaires Index បានវាយតម្លៃថា ទ្រព្យសម្បត្តិរបស់លោក ត្រាំ មានប្រមាណ៧,៦ពាន់លានដុល្លារ៕
ដោយ: តែម សុខុម