ប៉ុន្តែក៏មានដែរអ្នកវិភាគខ្លះទៀតជឿថា អាជីវកម្ម និងសេដ្ឋកិច្ច នឹងដំណើរការទៅធម្មតា។ នេះបើតាមបទវិភាគមួយពីសារព័ត៌មានជប៉ុន Nikkei។ តើការបោសសំអាតអំពើពុករលួយនៅក្បាលម៉ាស៊ីនប្រទេសក្បែរខាងកម្ពុជាមួយនេះ ពិតជាធ្វើឱ្យរង្គោះរង្គើដល់សេដ្ឋកិច្ចមែន ឬយ៉ាងណា?
អ្នកវិភាគខ្លះព្យាករថា ក្រុមហ៊ុន សារអាជីវកម្មនានា គឺនឹងមានសភាពដូចធម្មតា ព្រោះថាគោលការណ៍គ្រប់គ្រងដោយបក្សកុម្មុយនិស្តវៀតណាម គឺនឹងមិនលូកដៃចូលក្នុងឯកជនភាពនៃក្រុមហ៊ុនអាជីវកម្មទាំងនោះទេ ដែលនេះផ្ទុយស្រឡះពីការគ្រប់គ្រងរបស់ប្រទេសចិន។ ហេតុនេះការរុះរើបោសសំអាតក្បាលម៉ាស៊ីនដឹកនាំធំៗដូចបានរៀបរាប់ខាងលើ អនុញ្ញាតឱ្យសេដ្ឋកិច្ចមានសន្ទុះរីកចម្រើនតទៅមុខទៀតដូចធម្មតា។
ដោយឡែក អ្នកវិភាគផ្សេងទៀតយល់ឃើញថា រដ្ឋាភិបាលខ្លួនឯងមិនដូចជាមិនមានបញ្ហាឡើយ តែបញ្ហានៅត្រង់ថា អ្នកវិនិយោគ និងអ្នករកស៊ីនៅវៀតណាមខ្លួនឯងទៅវិញទេ ដែលព្រួយបារម្ភ ពិសេសអ្នកវិនិយោគដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការណ៍នេះកំពុងធ្វើឱ្យសកម្មភាពវិនិយោគ ការប្រមូលធាតុចូល និងដេញថ្លៃ ក្នុងគម្រោងវិនិយោគអសកម្មជាងមុន។
ទាំងនេះហើយ ទោះចង់ឬមិនចង់វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍មួយនេះ ខណៈពេលដែលវៀតណាមបានក្លាយទៅជាខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនធំៗរាប់ចាប់ពីក្រុមហ៊ុនលំដាប់ពិភពលោក Apple រហូតដល់ក្រុមហ៊ុនគ្រឿងសង្ហារឹម អាយគៀ (IKEA)។
មែនទែនទៅ នេះមិនមែនជាលើកដំបូងឡើយ ចំពោះយុទ្ធនាការបោសសំអាតអំពើពុករលួយនៅវៀតណាម កាលពីឆ្នាំមុនៗក៏មានករណីជាច្រើនកើតឡើងដែរ គ្រាន់តែមិនមែនក្នុងជួរក្បាលម៉ាស៊ីនដឹកនាំធំៗ ដូចនេះហើយ អ្នកវិនិយោគវៀតណាមចាប់ផ្តើមមានការប្រុងប្រយ័ត្នខ្លះៗហើយកន្លងមក។ ទើបតែនៅឆ្នាំនេះប៉ុណ្ណោះដែល វិនិយោគគិន ផ្តើមភ្ញាក់ផ្អើល និងរង្គោះរង្គើខ្លាំងជាងមុន ក្រោយការចុះចេញរបស់ប្រធានាធិបតី និងឧបនាយករដ្ឋមន្ត្រី២រូប បន្តបន្ទាប់គ្នា។
ក្រុមអ្នកវិភាគបាននិយាយថាវិនិយោគិន បានចាត់ទុកបុរសទាំងបីនាក់នេះថា ជាអ្នកសម្របសម្រួល ដែលអាចទុកចិត្តបាន ខណៈដែលសេដ្ឋកិច្ចរបស់វៀតណាមបានរីកចម្រើនខ្លាំងក៏ដោយសារតែលោក ង្វៀន ស៊ូនហ្វុក ដែលទើបតែលាលែងពីតំណែងថ្មីៗនេះដែរ។ ពួកគេជឿថា អ្នកមកថ្មីទំនងជាមិនងាយនិយាយគ្នាដូចអ្នកចាស់ទាំងបីរូបនេះឡើយ។
ពិសេសនៅស្របពេលដែល ដំណឹងលេចធ្លាយមកថា អ្នកដែលអាចស្នងតំណែងជាប្រធានាធិបតីវៀតណាម គឺរដ្ឋមន្ត្រីក្រសួងសន្តិសុខ។ ប្រសិនបើការផ្លាស់ប្តូរបែបនេះកើតឡើងមែន អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅវៀតណាម និយាយថា វានឹងក្លាយជាការផ្លាស់ប្តូរពីការអនុវត្តម៉ាក្រូសេដ្ឋកិច្ចដែលមានកន្លងមករបស់ ស៊ូនហ្វុក ទៅជារដ្ឋបាលដែលគ្រប់គ្រងកាន់តែខ្លាំងឡើង ដោយអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខ ដែលផ្តល់អាទិភាពខ្ពស់លើការអនុវត្តច្បាប់។
សូមជម្រាបថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើង៨%ក្នុងឆ្នាំ២០២២ទោះបីជាបានឆ្លងកាត់ពេលវេលាដ៏លំបាក ជាមួយនឹងកំណើនទាបកាលពីឆ្នាំ២០២១ក៏ដោយ ដែលកាលនោះ រោងចក្រជាច្រើនបានបិទដោយសារការរាតត្បាតកូវីដ១៩៕