នៅក្នុងជំនួបជាន់ខ្ពស់មួយនៅសេតវិមាន ដែលមានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុនគ្រីបតូកំពូលៗ និងមន្ត្រីហិរញ្ញវត្ថុអាម៉េរិកចូលរួម លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសភាអាម៉េរិកប្រញាប់ប្រញាល់អនុម័តច្បាប់ Clarity Act ដោយច្បាប់នេះមានតួនាទីចាត់ថ្នាក់ឱ្យច្បាស់លាស់ថា តើទ្រព្យសកម្មគ្រីបតូណាខ្លះជាមូលបត្រ ហើយប្រភេទណាជាទំនិញ ព្រមទាំងកំណត់អំណាចគ្រប់គ្រងឱ្យដាច់ស្រឡះរវាង គណៈកម្មការមូលបត្រអាម៉េរិក និងគណៈកម្មការជួញដូរទំនិញ។
ទោះបីជាលោក ត្រាំ បានអនុវត្តគោលនយោបាយគាំទ្រ និងលើកស្ទួយវិស័យគ្រីបតូយ៉ាងខ្លាំងក្លាចាប់តាំងពី លោក ត្រឡប់មកកាន់អំណាចអាណត្តិទី២នេះក៏ដោយ ប៉ុន្តែសេចក្តីព្រាងច្បាប់ប្រវត្តិសាស្ត្រនេះនៅតែជួបភាពទល់ច្រក និងជាប់គាំងយ៉ាងរ៉ាំរ៉ៃនៅក្នុងព្រឹទ្ធសភា។ ក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកសភាបក្សសាធារណរដ្ឋមួយចំនួន បានសម្តែងការព្រួយបារម្ភ និងទាមទារឱ្យមានការបន្ថែមខច្បាប់រឹងមាំ ដើម្បីទប់ស្កាត់មិនឱ្យអ្នកនយោបាយជាន់ខ្ពស់ ពិសេសរូបលោក ដូណាល់ ត្រាំ ប្រើប្រាស់អំណាចរដ្ឋដើម្បីកេងចំណេញ ឬទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពីអាជីវកម្មគ្រីបតូផ្ទាល់ខ្លួន។
ភាពចម្រូងចម្រាសកាន់តែពុះកញ្ជ្រោលខ្លាំង បន្ទាប់ពីលទ្ធផលស្ទង់មតិរួមគ្នារវាង Reuters និង Ipsos បានបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើនយល់ឃើញថា លោក ត្រាំ និងក្រុមគ្រួសារ កំពុងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនមិនសមស្របពីការកើនឡើងនៃតម្លៃគ្រីបតូ។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ដោយអះអាងថា លោកមិនបានចូលរួមក្នុងប្រតិបត្តិការអាជីវកម្មគ្រួសារប្រចាំថ្ងៃនោះទេ ហើយទ្រព្យសកម្មទាំងអស់ត្រូវបានគ្រប់គ្រងដោយឯករាជ្យបំផុត ខណៈដែលសេតវិមានក៏បានចេញមុខច្រានចោលការចោទប្រកាន់នោះថា គ្មានមូលដ្ឋានពិតប្រាកដ៕
ដោយ: តែម សុខុម