ធនធានរ៉ែកម្រ

ក្រៅពីដើរតួជាធុងអាគុយអគ្គិសនី ឡាវ ជាជម្រុកធនធានរ៉ែកម្រដ៏ធំមួយនៅតំបន់អាស៊ាន


ក្រៅពីថាមពលវារីអគ្គិសនី ឡាវ កំពុងបង្កើនការយកចិត្តទុកទៅលើការរុករក និងកែច្នៃធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់មិនអាចខ្វះបានសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទំនើប និងអាវុធយុទ្ធភណ្ឌ ដែលប្រទេសមហាអំណាចស្រេកឃ្លានចង់បាន។ សារព័ត៌មាន Laotian Times បានរាយការណ៍ថា ឡាវ បានកំណត់តំបន់សក្តានុពល ដែលសម្បូរធនធានរ៉ែកម្រធំៗថ្មីចំនួន២ ដែលលាតសន្ធឹងលើខេត្តចំនួន៤។
ធនធានរ៉ែកម្រ
ដោយ

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានបញ្ជាក់ថា ប្រទេសឡាវ ដែលជាប្រទេសគ្មានព្រំដែនជាប់សមុទ្របានបិទបញ្ចប់ការស្ទង់មើលកំណប់រ៉ែ និងបានកំណត់អត្តសញ្ញាណតំបន់សម្បូរធនធានរ៉ែកម្រយុទ្ធសាស្ត្រចំនួនពីរ ដោយតំបន់ទី១ ស្ថិតនៅចន្លោះព្រំប្រទល់ខេត្តបូលីខាំសៃ និងខាំមួន និងតំបន់ទី២ ស្ថិតនៅចន្លោះខេត្តសេកុង និងអាត់តាពឺ ភាគខាងត្បូងប្រទេស។
ទោះបីជារដ្ឋាភិបាលឡាវ មិនទាន់បង្ហាញទិន្នផល ឬទំហំរ៉ែកម្រនេះក៏ដោយ ប៉ុន្តែអ្នកជំនាញមើលឃើញថា នេះជាធាតុផ្សំលោហៈដ៏កម្រ ដែលពិភពលោកកំពុងស្រេកឃ្លានចង់បាន ដើម្បីយកទៅផលិតបន្ទះឈីប គ្រឿងបន្លាស់អេឡិចត្រូនិក បច្ចេកវិទ្យាឡាស៊ែរ និងថាមពលបៃតង។
បច្ចុប្បន្នឡាវ មានគម្រោងអាជីវកម្មរ៉ែកម្រចន្លោះពី១៥ ទៅ២០គម្រោងរួចទៅហើយ ដោយភាគច្រើនលើសលប់ស្ថិតក្រោមការក្តោបក្តាប់ និងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។ ការកើនឡើងនូវការស្វែងរកប្រភពរ៉ែថ្មីនេះធ្វើឱ្យឡាវ ក្លាយជាកែវភ្នែកដ៏សំខាន់សម្រាប់ចិនក្នុងការរក្សាឧត្តមភាពផ្គត់ផ្គង់រ៉ែកម្រនៅលើពិភពលោក។

ទោះជាយ៉ាងណាការហក់លោតចូលក្នុងឧស្សាហកម្មរ៉ែកម្ររបស់ឡាវនេះ កំពុងចោទជាបញ្ហាដល់បរិស្ថានព្រោះដំណើរការចម្រាញ់រ៉ែកម្រតម្រូវឱ្យប្រើប្រាស់សារធាតុគីមីពុលខ្ពស់ ដែលអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដី និងប្រភពទឹកក្រោមដីធ្ងន់ធ្ងរ ប្រសិនបើខ្វះយន្តការគ្រប់គ្រងច្បាស់លាស់។ បញ្ហាប្រឈមសម្រាប់ក្រុងវៀងចន្ទន៍ នៅពេលនេះ គឺការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ចពីការទាញយកធនធាន និងការការពារបរិស្ថានដើម ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិធនធាននាពេលអនាគត៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ និង Little Caesars រួមគ្នាចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ

ដោយឈរលើស្មារតីនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអប់រំសម្រាប់កុមារ ធនាគារ ប្រ៊ីដ (BRIDGE Bank) ថ្មីៗនេះ បានសហការជ…

លោក ត្រាំ ប្រកាសដាក់គំនាបសេដ្ឋកិច្ចអ៊ីរ៉ង់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន និងព្រមានប្រទេស ដែលជួយអ៊ីរ៉ង់ឱ្យដកខ្លួនជាបន្ទាន់

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបើកការវាយប្រហារផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ