ចៅក្រមអាមេរិកលោក ធឺរី ដូទី (Terry Doughty) នៅទីក្រុងម៉ុនរ៉ូ (Monroe) រដ្ឋ លូវីហ្សីអានណា (Louisiana) បានរារាំងការអនុវត្តគោលនយោបាយវ៉ាក់សាំង របស់រដ្ឋបាលលោកចូ បៃឌិន ជាបណ្ដោះអាសន្ន សម្រាប់បុគ្គលិកសុខាភិបាល រហូតដល់តុលាការអាចដោះស្រាយបញ្ហាប្រឈមនានាតាមផ្លូវច្បាប់បានរួចរាល់។ គោលនយោបាយវ៉ាក់សាំងនេះ តម្រូវឲ្យបុគ្គលិកសុខាភិបាលទាំងអស់ គ្រប់ផ្នែកគ្រប់តួនាទី ត្រូវតែទទួលយកថ្នាំវ៉ាក់សាំង ទោះបីសហរដ្ឋអាមេរិកតែងប្រកាសថា ការទទួលយកវ៉ាក់សាំងជារឿងស្ម័គ្រចិត្តក្តី។
ការរារាំងនេះ នឹងទៅគ្រប់ដណ្តប់នៅទូទាំងសហរដ្ឋអាមេរិកតែម្តងចាប់ពីពេលនេះតទៅ លើកលែងតែរដ្ឋចំនួន១០ប៉ុណ្ណោះ ដោយហេតុថារដ្ឋទាំង១០នោះបាន ផ្អាកការអនុវត្តបម្រាមខាងលើពីពេលកន្លងមករួចហើយ។
ចៅក្រមអាមេរិកលោក ធឺរី ដូទី បានបង្ហាញភាពជឿជាក់លើការសម្រេចចិត្តរារាំងគោលនយោបាយមួយនេះ ដោយលោកបានអះអាងថា ការកំណត់បម្រាម ឬវិធានការនានានៅអាមេរិក គួរតែត្រូវបានសម្រេចពីរដ្ឋសភា មិនមែនចេញពីរដ្ឋាភិបាលតែឯកឯងនោះទេ។
ដោយឡែក ចៅក្រមមួយរូបទៀតមកពីរដ្ឋ ខេនថាក់គី (Kentucky) បានសម្រេចបិទខ្ទប់ការអនុវត្តវិធានការថ្មីមួយរបស់ក្រុងវ៉ាស៊ីតោនដូចគ្នាដែរ។ ចៅក្រមរូបនេះ បានរារាំងក្រុមហ៊ុនរដ្ឋនិងឯកជន ពីការអនុវត្តបទប្បញ្ញត្តិកិច្ចសន្យាការងារថ្មី ដែលមានរួមបញ្ចូល មាត្រាដែលតម្រូវឱ្យបុគ្គលិក ទទួលថ្នាំបង្ការកូវីដ១៩ផងដែរ។
សេតវិមានអាមេរិកបានបដិសេធក្នុងការឆ្លើយតប ពេលសារព័ត៌មានរ៉យទ័រព្យាយាមសុំប្រតិកម្មជុំវិញការរារាំងលើគោលនយោបាយទាំងពីរខាងលើនេះ។
គួរកត់សម្គាល់ថា ការរារាំងគោលនយោបាយវ៉ាក់សាំងរបស់លោកប្រធានាធិបតី ចូ បៃឌិន កើតឡើងស្របពេលកំពុងមានការព្រួយបារម្ភថាកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង អាចបង្កឱ្យមានរលកឆ្លងថ្មី និងអាចឈានទៅកាត់បន្ថយការធ្វើដំណើរ និងសកម្មភាពសេដ្ឋកិច្ចនៅអាមេរិក និងនៅទូទាំងពិភពលោក។
សូមជម្រាបថា គោលនយោបាយវ៉ាក់សាំងទាំងពីរខាងលើ ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ចេញនៅក្នុងខែកញ្ញាឆ្នាំនេះ ដើម្បីបង្កើនអត្រាការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យឲ្យបានលើស ៧០%។ ប៉ុន្តែគោលនយោបាយទាំងនេះ បានរងការរិះគន់ និងប្តឹងប្រឆាំងពីមជ្ឈដ្ឋានជាតិជាច្រើន រួមមាន អ្នកនយោបាយមកពីគណបក្សសាធារណៈរដ្ឋ ក្រុមអ្នកអភិរក្សនិយម និងក្រុមហ៊ុនឯកជននានាផងដែរ ដោយពួកគេចាត់ទុក ថាជាការបង្ខិតបង្ខំប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ៕