ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាមប៉ាន់ប្រមាណថា មានកម្មករប្រមាណជិត១៣ លាននាក់បានរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩ ក្នុងត្រីមាសទី ២ ឆ្នាំ២០២១ កើនឡើង ៤១ ភាគរយបើធៀបនឹងឆ្នាំ២០២។ ការកើនឡើងនេះដោយសារតែផលប៉ះពាល់នៃកូវីដ-១៩ បានបង្អាក់ចង្វាក់ផលិតកម្មផ្សេងៗ និងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសង្គមទាំងមូល។ ដោយក្នុងនោះមនុស្ស៧៥ ភាគរយមានអាយុពី ២៥-៥៤ ឆ្នាំដែលបាត់បង់ការងារ មានម៉ោងធ្វើការត្រូវបានកាត់បន្ថយ ឬប្រាក់ចំណូលធ្លាក់ចុះដោយសារតែវិបត្តិជម្ងឺកូវីដ-១៩។
តែយ៉ាងណាមិញ អ្នកធ្វើការនៅតាមទីក្រុងហាក់ដូចជា ទទួលរងផលប៉ះពាល់ខ្លាំងជាងអ្នកជនបទខណៈ២២%នៃអ្នកនៅទីក្រុងទទួលផលប៉ះពាល់អវិជ្ជមាន ផ្ទុយពីតំបន់ជនបទទទួលរងផលប៉ះពាល់ តែជាង១៤%ប៉ុណ្ណោះ។ អត្រាគ្មានការងារធ្វើនៅទូទាំងប្រទេសបានកើនឡើង ៧,៣%ក្នុងត្រីមាសទី ១ ហើយបានកើនកើនដល់ចំនួន ១,២ លាននាក់នៅក្នុងត្រីមាសទី ២ ខណៈដែលប្រាក់ចំណូលមធ្យមបានធ្លាក់ចុះជិត ៤% ស្មើនឹង ប្រមាណ ២៦៤ដុល្លារ ក្នុងមួយខែ។
គួរបញ្ជាក់ថា នេះជារលកទី៤នៃជម្ងឺកូវីដ-១៩នៅប្រទេសវៀតណាម ដែលមានរីករាលដាលលឿន និងពិបាកគ្រប់គ្រងបានបង្កើនបញ្ហាកង្វះការងារនៅក្នុងទីក្រុងកើនឡើង ២,៨%បើប្រៀបធៀបទៅនឹង កំណើនកង្វះការងារនៅជនបទប្រមាណជាង ២,៥%៕
អត្ថបទ៖ ស៊ើង និមល់