ប្រធានអាស៊ាន

ប្រធានអាស៊ានទទូចឱ្យសមាជិករួបរួមគ្នារកដំណោះស្រាយសន្តិភាពសម្រាប់មីយ៉ាន់ម៉ា បញ្ចៀសការបែងចែកជំហរ


រដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំរយៈពេល២ថ្ងៃជាលើកដំបូងរបស់ខ្លួនហើយ កាលពីចុងសប្តាហ៍មុន។ ក្នុងនោះ ឥណ្ឌូនេស៊ីដែលជាប្រធាន បានទទូចឱ្យរដ្ឋជាសមាជិកអាស៊ាន រួបរួមដោះស្រាយបញ្ហានិងរកសន្តិភាពដល់មីយ៉ាន់ម៉ា កុំបែងចែកជំហររៀងខ្លួន។ ការទទូចនេះធ្វើឡើងក្រោយពេល ដែលប្រទេសសមាជិកអាស៊ានមានការឆ្លើយតបមិនដូចគ្នាឡើយ បន្ទាប់ពីអស់ពេល២ឆ្នាំដែលគ្រប់គ្រងដោយរបបសឹក មីយ៉ាន់ម៉ាមិនបានបង្ហាញពីវឌ្ឍនភាពឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ប្រធានអាស៊ានទទូចឱ្យសមាជិករួបរួមគ្នារកដំណោះស្រាយសន្តិភាពសម្រាប់មីយ៉ាន់ម៉ា!
ដោយ

លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា អាស៊ានបានពិភាក្សា និងស្នើឱ្យអនុវត្តផែនការសន្តិភាព ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីសមាជិក។ លោកស្រី Marsudi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា ផែនការនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាស៊ាន ជាពិសេសប្រធានអាស៊ានដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងលក្ខណៈរួបរួម។ ទោះយ៉ាងណា កិច្ចប្រជុំកាលពីចុងសប្តាហ៍មុន មិនមានរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធារបស់មីយ៉ាន់ម៉ា ចូលរួមឡើយ។

កិច្ចព្រមព្រៀងប្រាំចំណុច ឬ 5PC ត្រូវបានគ្រប់ភាគីព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងខែមេសាឆ្នាំ២០២១ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈឆ្នាំដដែលនោះចេញពីអំណាច។ កិច្ចព្រមព្រៀងរួមមាន ការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេស ខណៈមកទល់ពេលនេះអំពើហិង្សានៅតែកើតមាន។

ទោះយ៉ាងណា ការលើកឡើងពីភាគីឥណ្ឌូនេស៊ីឱ្យមានរួបរួមគ្នាក្នុងក្របខណ្ឌអាស៊ាន ធ្វើឡើងបន្ទាប់ពី សមាជិកហាកបង្ហាញការឆ្លើយតបផ្សេងគ្នាទៅនឹង របបសឹកមីយ៉ាន់ម៉ា ក្រោយអស់ពេលពីឆ្នាំហើយ វិបត្តិមិនមានវឌ្ឍនភាព និងហាក់ដើរថយក្រោយថែមទៀត។

ជាក់ស្តែង កាលពីខែធ្នូឆ្នាម២០២២ ប្រទេសថៃ ដែលកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងរឹងមាំជាមួយសមភាគីមីយ៉ាន់ម៉ា បានរៀបចំការជួបប្រជុំក្រៅផ្លូវការមួយជាមួយរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា។ កាលនោះ កម្ពុជា វៀតណាម និងឡាវបានទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការមួយនេះតាមការអញ្ជើញរបស់ថៃ ខណៈសមាជិកចំនួនប្រាំទៀតគឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រ៊ុយណេ មិនបានទៅចូលរួមឡើយ។

គួរជម្រាបថា ក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង និងសមាជិកភាពរបស់ទីម័រខាងកើតនៅក្នុងប្លុកក៏ស្ថិតក្នុងរបៀបវារៈដែរ។ ទីម័រខាងកើតបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅក្នុងកិច្ចប្រជុំជាលើកដំបូងក្នុងនាមជាអ្នកសង្កេតការណ៍។ មេដឹកនាំអាស៊ានក្នុងខែវិច្ឆិកាបានយល់ព្រមជាគោលការណ៍ក្នុងការទទួលស្គាល់ទីម័រខាងកើតជាសមាជិកទី១១ និងផ្តល់ឋានៈជាអ្នកសង្កេតការណ៍នៅគ្រប់កិច្ចប្រជុំទាំងអស់។

រដ្ឋមន្ត្រីទាំងអស់ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្លុកនេះ ក្នុងការបញ្ចប់កិច្ចចរចា ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយជាមួយនឹងការទាមទារដែនទឹកត្រួតស៊ីគ្នានៅសមុទ្រចិនខាងត្បូង៕




អត្ថបទបន្ទាប់


IMF ថា ពពកខ្មៅពីលើវិស័យអចលនទ្រព្យនៅចិនមិនទាន់រសាត់ទៅណានៅឡើយទេ

ព័ត៌មាន
ប្រទេសចិនចាំបាច់ត្រូវធ្វើការងារច្រើនទឿតដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងស្រុក។ នេះគឺជាអះអាងពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្ម…

ជប៉ុនត្រូវការ៥៤ពាន់លានដុល្លារក្នុងការផលិតបន្ទះឈីបបច្ចេកវិទ្យាថ្មីមួយប្រភេទ ដើម្បីប្រជែងជាមួយបច្ចេកវិទ្យាចិន

ព័ត៌មាន
ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Rapidus ដែលជាក្រុមហ៊ុនគាំទ្រការផលិតដោយរដ្ឋរបស់ប្រទេសជប៉ុន លោក Tetsuro Higashi បានប្រាប់សារព័ត៌មានរ៉យទ័រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ