អ្វីដែលគេកំពុងបារម្ភខ្លាំងនោះ នៅត្រង់ថា តើសហអាមេរិក ដែលបានរក្សាស្ថានភាពកូវីដ-១៩ស្ងប់ស្ងាប់ និងសម្រុកចាក់វ៉ាក់សាំងដ៏សម្បើមនោះ អាចនឹងក្លាយជាគោលដៅថ្មីនៃការរាតត្បាតមេរោគបំប្លែងថ្មី ឌែលតានេះដែរ ឬយ៉ាងណា ដ្បិតថានៅសប្ដាហ៍ក្រោយនេះ សហរដ្ឋអាមេរិកនឹងមានថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិរបស់ខ្លួន ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពលរដ្ឋអាមេរិកចេញធ្វើដំណើរកម្សាន្ដទ្រង់ទ្រាយធំ។
យើងក្រឡេកទៅមើលការចុះផ្សាយរបស់ការសែត The New York Times ទោះបីតួលេខករណីវិជ្ជមានកូវីដ-១៩ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកទាំងមូល មិនបានបង្ហាញពីការហក់កើនឡើងខ្លាំងខុសប្រក្រតីក៏ពិតមែន ប៉ុន្តែ បើគេមើលទៅលើទិន្នន័យនៅតាមរដ្ឋមួយចំនួននៅអាមេរិកដូចជា ដូចជា នេវ៉ាដា អារីហ្សូណា មីសូរី និងអូតាជាដើម ឃើញថា តួលេខមានការប្រែប្រួលកើនតិចតួច បើធៀបនឹងរយៈពេល ២សប្តាហ៍ចុងក្រោយ។ តួយ៉ាង រដ្ឋទាំងនេះសុទ្ធសឹងជារដ្ឋដែលមានការចាក់វ៉ាក់សាំងក្រោមចំនួនគោលដៅកំណត់នៅឡើយ។
លោកវេជ្ជបណ្ឌិត អេនតូនី ហ្វោស៊ី (Dr. Anthony Fauci) ទីប្រឹក្សាទទួលបន្ទុកកូវីដ១៩ប្រចាំសេតវិមាន បានទាញសញ្ញាអាសន្នថា ភាគរយនៃចំនួនមេរោគឌែលតា នឹងកើនឡើងទ្វេដងនៅសប្តាហ៍បន្ទាប់ពោលគឺនឹងកើនពី ១០% ទៅ ២០% ឬ ៤០% ហើយអាចនឹងឈានដល់១០០%តែម្ដង នៅចុងខែកក្កដាខាងមុខ។
សូមបញ្ជាក់ថា ការទាញសញ្ញាអាសន្ននេះ ធ្វើឡើងនៅស្របពេលដែលថ្ងៃសម្រាកវិស្សមកាលបុណ្យឯករាជ្យជាតិអាមេរិកនឹងចូលមកដល់ នៅថ្ងៃទី៤ខែកក្កដានេះ ហើយអាជ្ញាធរកំពុងព្រួយ បារម្ភថា ការធ្វើដំណើរកំសាន្តរបស់ពលរដ្ឋអាចបង្កការរាតត្បាត និងចម្លងកូវីដ១៩កាន់ច្រើន ជាពិសេសមេរោគបំប្លែងខ្លួនឌែលតាតែម្តង។ បើតាមការប៉ាន់ស្មាន នឹងមានពលរដ្ឋអាមេរិកជិត ៥០លាននាក់ចេញធ្វើដំណើរកំសាន្ត ស្របពេលតំបន់ទេសចរណ៍ រោងភាពយន្ត ក្លឹប និងការប្រគំតន្ត្រី បានបើកដំណើរការឡើងវិញផងដែរ។
បច្ចុប្បន្នសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃគិតជាមធ្យមជាង១ម៉ឺននាក់ ខណៈករណីឆ្លងសរុប មានដល់ជាង៣៣លាននាក់ ស្លាប់ជាង ៦០ម៉ឺននាក់ ស្របពេលដែលការចាក់វ៉ាក់សាំងវិញ បានសម្រេចដល់ជាង ៣២០លានដូសហើយ៕