ការផ្ញើប្រាក់មកស្រុកកំណើនពីពលរដ្ឋចំណាកស្រុកវៀតណាមដែលទៅធ្វើការនៅជុំវិញពិភពលោក មានចំនួន ១៥,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៦% ពីឆ្នាំ២០១៩ដែលមានទឹកប្រាក់ដល់ទៅ ១៧ពាន់លានដុល្លារអាមេរិក។
ទោះជាមានការរអិលធ្លាក់បន្តិច ប៉ុន្តែវៀតណាមនៅតែជាប្រទេសមួយក្នុងចំណោមប្រទេសបេក្ខភាពធំៗទាំង១០ ដែលទទួលបានការផ្ទេរប្រាក់ចូលក្នុងស្រុកច្រើនជាងគេក្នុងពិភពលោក អមជាមួយនឹងប្រទេសធំៗជាច្រើនទៀតរួមមានឥណ្ឌា ចិន ភីលីពីន ម៉ិចសិចកូ ជាដើម។
ស្ថាប័នហិរញ្ញវត្ថុនិងធនាគារក្នុងស្រុកជាច្រើនបានគូសបញ្ជាក់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពលករវៀតណាមដែលធ្លាប់តែផ្ញើប្រាក់មកស្រុកកំណើតសម្រាប់ផ្គត់ផ្គង់គ្រួសារ បានបង្វែរសាច់ប្រាក់នេះ មកជាលក្ខណៈបណ្តាក់ទុន ឬធ្វើជាដើមទុនឲ្យគ្រួសាររបស់ពួកគេរកស៊ីវិញ។ កត្តានេះបានបង្កើតឲ្យមានការចាក់បញ្ចូលសាច់ប្រាក់បន្ថែមទៀតទៅក្នុងចរន្តសេដ្ឋកិច្ចវៀតណាម។
សូមបញ្ចាក់ដែរថា វៀតណាមមានពលករចំនួន ៥៨ម៉ឺននាក់ដែល កំពុងធ្វើការនៅប្រទេសជាច្រើនជុំវិញពិភពលោកដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី អាឡឺម៉ង់ និងបារាំង ការផ្ទេរប្រាក់ក៏មានមកពីបណ្តាប្រទេសនៅអាស៊ី និងអាស៊ីអាគ្នេយ៍ដែរ ដូចជាជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ហុងកុង ម៉ាកាវ និងសិង្ហបុរី ហើយនៅក្នុងមួយឆ្នាំៗមានទឹកប្រាក់រាប់ពាន់លានដុល្លារត្រូវបានផ្ទេរមកវៀតណាម រួចហូរចូលទៅក្នុងចរន្តសេដ្ឋកិច្ចប្រទេសមួយនេះ៕