សំណង់-​អចលនទ្រព្យ

វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នៅ​តែ​រក្សា​កំណើន​ល្អ


មន្ត្រី​ជំនាញ ក៏​ដូចជា​​អ្នក​ជំនួញ​នៅ​ក្នុង​វិស័យ​ដីធ្លី​និង​អចលនទ្រព្យ បាន​ឲ្យ​ដឹង​ថា សុខភាព​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​២០១៨​ខាង​មុខ នឹង​នៅ​តែ​មាន​ស្ថានភាព​ល្អ។ ល្អ​ត្រង់​ថា អ្នក​វិនិយោគ​មាន​ទំនុក​​ចិត្ត​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ការ​ជឿជាក់​លើ​ភាព​ចាស់ទុំ​នៃ​អ្នក​នយោបាយ នៅ​កម្ពុជា​។
ផ្ទះគំរូ នៃ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ឌឹ ផាម
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០១៧​នេះ គម្រោង​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​កើន​ឡើង ២៨​ភាគរយ។ 

លោក​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ខាង​មុខ តម្រូវការ​លំនៅដ្ឋាន អគារ​ការិយាល័យ នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ស្រប​ទៅ​នឹង​កំណើន​ប្រជាជន ការ​ហូរ​ចូល​នៃ​វិនិយោគ​ទុន​បរទេស និង​ភ្ញៀវ​ទេសចរ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងរៀបចំ​ដែន​ដី​ដដែល​ ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​គិត​ថា ឆ្នាំ​២០១៨ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​នៅ​តែ​បន្ត​រីក​ចម្រើន​ខ្លាំង​ក្លា​ដដែល។ ខ្ញុំ​អះអាង​ដូច្នេះ​ដោយសារ​តែ​កម្លាំង​ទិញ​​លំនៅដ្ឋាន ការ​ជួល​អគារ​ស្នាក់​នៅ និង​ការ​ជួល​អគារ​ការិយាល័យ​មាន​ច្រើន ហើយ​តម្រូវការ​ច្រើន​ទាំង​អស់​នេះ ក៏ដោយសារ​តែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​រឹង​​មាំ»។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ KFA។

អ្នក​ជំនាញ​អចលនទ្រព្យ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ KFA បាន​ឲ្យ​ដឹង​ដែរ​ថា ការ​វិវឌ្ឍ​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ធៀប​នឹង​ឆ្នាំ​មុន មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​​ក្លា​ទេ សម្រាប់​ទីតាំង​កណ្តាល​រាជ​ធានី​ភ្នំពេញ ក៏​ប៉ុន្តែ​ ក្នុង​រយៈពេល​៩​ខែ​ចុង​ក្រោយ​នេះ សកម្មភាព​វិនិយោគ​និង​ការ​ដោះដូរ​អចលនទ្រព្យ​នៅ​តំបន់​ជាយៗ​ក្រុង​ឯណោះ​វិញ ផុសផុល​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​តំបន់​ខ្លះ​​បាន​កើន​ឡើង​តម្លៃ​ទ្វេ​ដង ពិសេស គឺ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​រាជ​ធានី​ភ្នំពេញ។

លោក​ឧកញ៉ា នួន រិទ្ធី មានប្រសាសន៍​ដូច្នេះ​ថា ៖ «នៅ​តំបន់​ជុំ​វិញ​ទីក្រុង​ភ្នំពេញ និង​ជាយ​ក្រុង មាន​ភាព​រំជើប​រំជួល​ខ្លាំង ហើយ​ដីធ្លី​តំបន់​ខ្លះ តម្លៃ​កើន​ឡើង​ទ្វេ​ដង នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង ខណៈ​វិនិយោគិន​ងាក​​ទៅ​ធ្វើការ​វិនិយោគ​កាន់​តែ​ច្រើន​នៅ​តំបន់​ជាយៗ​ក្រុង រួមមាន គម្រោង​អភិវឌ្ឍន៍​ពិភពថ្មី បុរី​ប៉េងហួត បុរី​ជីបម៉ុង បុរី ឌឹផាម និង ​ពិសេស​ទៀត គឺ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​សារធារណៈ ដែល​មាន​តម្លៃ​ទាប ដែល​​គាំទ្រ​ដោយ​រាជ​រដ្ឋាភិបាល​ សរុប មក​ទល់​ពេល​នេះ មាន​ជិត​១​ម៉ឺន​ខ្នង​ហើយ»។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ CPL។

មិន​ខុស​ពី​លោក​ឧកញ៉ា នួន រិទ្ធី ទេ លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអែល បាន​គូស​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​យើង​មើល​ឃើញ​ប៉ែក​ខាង​ជើង ក៏​មាន​ប៉ែក​ខាង​ត្បូង​ក៏​មាន ​ពោល​គឺ​រីក​ចម្រើន​គ្រប់​ទិស​នៃ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ បើ​ឲ្យ​យើង​ធ្វើការ​វាយ​តម្លៃ​ថា ប៉ែក​ខាង​ណា​មាន​សន្ទុះនៃ​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ខ្លាំង​ជាង​គេ គឺ​ប៉ែក​ខាង​ជើង​ទីក្រុង ស្ថិត​នៅក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ឫស្សីកែវ ព្រែកព្នៅ និង​សែនសុខ។

ប៉ុន្តែ លោកឧកញ៉ា ចេង ខេង បន្ត​ថា ជា​ការ​កត់​សម្គាល់ ស្ថានភាព​នា​ឆ្នាំ​កន្លង​ទៅ ទីផ្សារ​អចលនទ្រព្យ​មុន​ពេល​បោះឆ្នោត អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ភាគ​ច្រើន​បាន​បង្ហាញ​ពី​ក្តី​បារម្ភ និង​បាន​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​នៅ​ទ្រឹង ទាំង​សកម្មភាព​ទិញ​ដូរ ទាំង​តម្លៃ ប៉ុន្តែ ក្រោយ​ពេល​បោះឆ្នោត ស្ថានភាព​នេះ​បាន​ប្រែក្លាយ​ជា​ល្អ​ឡើង​វិញ ដោយ​រាល់​សកម្មភាព​វិនិយោគ​អចលន​ទ្រព្យ​ដំណើរការ​ជា​ធម្មតា អាច​និយាយ​បាន​ថា ល្អ​ជាង​នៅ​មុន​អំឡុង​ពេល​បោះឆ្នោត​ទៅ​ទៀត។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​តែង​ជួប​បញ្ហា​ប្រឈម​នៅ​រាល់​ពេល​​បោះឆ្នោត ដោយសារ​តែ​អ្នក​វិនិយោគ​បារម្ភ​ពី​ការ​ធ្វើ​នយោបាយ​របស់​អ្នក​នយោបាយ។ លោកថា អ្នក​នយោបាយ​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច។

លោក គីម ហ៊ាង ថ្លែង​យ៉ាង​ដូច្នេះ ៖ «ជាទូទៅ មិន​អាច​និយាយ​បាន​ថា មាន​តែ​ប្រទេស​កម្ពុជា​ទេ ប្រទេស​ណា​ក៏​ដោយ ឲ្យ​តែ​មាន​ការ​បោះឆ្នោត​គឺ​តែងតែ​មាន​ភាព​ជ្រួល​ច្របល់​ខាង​ផ្នែក​នយោបាយ ហើយ​ស្ថានភាព​ពិភព​លោក សព្វថ្ងៃ​នេះ គឺ​នយោបាយ​ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ច មិនមែន​មាន​តែ​នៅ​កម្ពុជា អាមេរិក សិង្ហបុរី និង​អឺរ៉ុប​ទេ មាន​ន័យ​ថា បើ​អ្នក​នយោបាយ​បត់​ទៅ​ខាង​ណា នោះ​សេដ្ឋកិច្ច​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​នោះ​ដែរ។ នៅ​ពេល​ជិត​ដល់​បោះឆ្នោត ខ្ញុំ​គិត​ថា វា​នឹង​មាន​ការប៉ះពាល់ តែ​ប៉ះពាល់​ត្រឹម​កម្រិត​ណា​នោះ គឺ​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ។ ខ្ញុំ​អាច​និយាយ​ថា​ស្ថានភាព​នយោបាយ​ប្រទេស​យើង​បច្ចុប្បន្ន គឺ​កំពុង​ល្អ ដូច្នេះ នៅ​ពេល​ស្ថានភាព​នយោបាយ​ល្អ នោះ​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​អលនទ្រព្យ​ក៏​ល្អ​ដែរ ប៉ុន្តែ នៅ​ពេល​នយោបាយ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​កម្រិត​ជា​វិជ្ជមាន​វិស័យ​ដីធ្លី​កាន់​តែ​ល្អ​ប្រសើរ តែ​បើ​ផ្លាស់ប្តូរ​ក្នុង​កម្រិត​ជា​អវិជ្ជមាន​វិញ សេដ្ឋ​កិច្ច​និង​ធ្លាក់​ចុះ ដីធ្លី​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ផលិត​ទឹក​ដោះគោ​ធំ​មួយ​ទៀត គ្រោង​បង្កើត​កសិដ្ឋាន​​​គោ​ទឹកដោះ​នៅ​ឆ្នាំ​២០២០

ព័ត៌មាន
ទើប​បើក​ដំណើរការ​បាន​ត្រឹម​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែល​បាន​បោះទុន​ជាង​២០​លាន​ដុល្លារ បង្កើត​រ…

ឆ្នាំ​នេះ សិស្ស​​អន្តរទ្វីប​អាមេរិកាំង​ជាប់​បាក់ឌុប​​បាន​និទ្ទេស A កើន​ចំនួន​ទ្វេ​ដង!

ព័ត៌មាន
ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ​ដែល​សាលា​រៀន​ចំណេះ​ទូទៅ​ឯកជន អន្តរទ្វីប​ អាមេរិកាំង (AIS) ផលិត​បាន​សិស្ស​ដែល​មាន​គុណភាព​ខ្ពស់​ក្នុង​ចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ