«ក្រុមការងារវ៉ាក់សាំង ខ្ញុំបានទទួលព័ត៌មានពីបង ម៉ម ប៊ុនហេង (រដ្ឋមន្ត្រីក្រសួងសុខាភិបាល) ថា វ៉ាក់សាំងនឹងមកដល់ថ្ងៃទី៧ (ខែកុម្ភៈ)នៅថ្ងៃអាទិត្យ នេះ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន តាមរយៈសារជាសំឡេងដែលសម្តេចផ្ញើជូនទៅមន្ត្រីពាក់ព័ន្ធ ហើយត្រូវបានចែករំលែកក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី៤ កុម្ភៈ នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
«ការប្រកាសរបស់ខ្ញុំកន្លងទៅ គឺខ្ញុំបានបញ្ជាក់ថា ពេលវ៉ាក់សាំងមកដល់ ខ្ញុំនឹងទៅទទួល ហើយឥឡូវនេះ ត្រូវរៀបចំកម្មវិធីទទួលនូវវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន
សម្តេច ធ្លាប់បានបញ្ជាក់កន្លងមកថា ភាគីចិននឹងវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាចំនួន១លានដូស។ ប៉ុន្តែ វ៉ាក់សាំងដំណាក់កាលទី១ ដែលគ្រោងមកកម្ពុជានៅចុងសប្តាហ៍នេះ មានចំនួន ៦០ម៉ឺនដូស។ បើតាមការធ្លាប់បានអះអាងរបស់សម្តេច ហ៊ុន សែន នាពេលកន្លងមក សម្តេច ក៏នឹងធ្វើជាមនុស្សទី១ នឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាផងដែរ៕