តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ បានធ្វើឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសម្ដេច បានបញ្ជាក់ថា ការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្ដាខេត្តមកព្យាបាលនៅភ្នំពេញ មានតែធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅវិញទេ។ សម្តេចតេជោ បញ្ជាក់ទៀតថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។
ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្តដែលបានខិតខំធ្វើការងារក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមបណ្ដាខេត្ត។ សម្ដេចតេជោបានគូសបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីចៀសវាង ការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ និងចៀសវាងគ្រោះថ្នាក់ដល់អ្នកជំងឺអំឡុងពេលបញ្ជូនមកភ្នំពេញ។
គិតត្រឹមថ្ងៃទី១៨ ខែតុលា កម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបជាង ១១ម៉ឺន៦ពាន់នាក់ អ្នកជាសះស្បើយជាង ១១ម៉ឺន១ពាន់នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានជាង ២ពាន់៦រយនាក់៕