នៅក្នុង រយៈពេលជិត១១ខែកន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បង្ក្រាប និងរឹបអូសសាច់បង្កកចម្រុះខូចគុណភាព និងផ្ទុកសារធាតុហាមឃាត់បានជិត២ពាន់តោន កើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា ក្រោយមានការណែនាពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ដែលទទួលបាននីតិសម្បទារជានគរបាលយុត្តិធម៌អនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានចុះត្រួតពិនិត្យការចរាចរនៅតាមបណ្តាឃ្លាំងស្តុកសាច់បង្កកនានានៅទូទាំងប្រទេសយ៉ាងសកម្ម សំដៅជួយទប់ស្កាត់ការចរាចរផលិតផលសាច់នាំចូលខុសច្បាប់ មានសារធាតុគីមី ឬមានចម្លងមេរោគ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់។ ជាក់ស្តែងនៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឃាត់ទុកផលិតផលសាច់បង្កកបានជាង១៦តោន និងបង្គារស្រស់ជាង១តោន ដើម្បីអនុវត្តតាមនីតិវិធី។
ប៉ុន្តែបើគិតក្នុងរយៈពេលជិត១១ខែកន្លងមកនេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរឹបអូសផលិតផលសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនយកទៅកម្ទេចចោល។ បើតាមការអះអាងរបស់ឯកឧត្តម ផាន អូន ដោយសារតែតម្រូវការទីផ្សារកើនឡើងបទល្មើសនៃការនាំចូលសាច់បង្កកមកពីបណ្តាប្រទេសផ្សេងៗ ដែលត្រូវបានបង្ក្រាបមានការកើនឡើងប្រមាណ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ទន្ទឺមនឹងនេះថ្នាក់ដឹកនាំរូបនេះប្តេជ្ញាថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្កើនការចុះត្រួតពិនិត្យដូចភ្លៀងរលឹមនៅតាមបណ្តាឃ្លាំងស្តុក និងចែកចាយសាច់បង្កកនានាទូទាំងប្រទេស សំដៅជួយទប់ស្កាត់ការនាំចូលផលិតផលសាច់ និងស៊ុតគ្មានការអនុញ្ញាត ឬគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកត់សម្គាល់ឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញវិធានការរួចមក គឺមន្រ្តីជំនាញពាក់ព័ន្ធបានចេញធ្វើប្រតិបត្តិការការងារយ៉ាងមានប្រសិទ្ធភាព។ អ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វរូបនេះ បានចាត់ទុកសកម្មភាពរបស់មន្រ្តីជំនាញនាពេលនេះថា គឺវាស្របនឹងអ្វីដែលខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចង់បានជាយូរមកហើយ ហើយតាមរយៈសកម្មភាពបង្ក្រាបរបស់មន្ត្រីជំនាញលោករំពឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹងមានសកម្មភាពល្អឡើងវិញ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា មកទល់ពេលនេះកសិករជាអ្នកចិញ្ចឹមសត្វចាប់ផ្ដើមទទួលបានអារម្មណ៍សប្បាយឡើងវិញ បន្ទាប់ពីពួកគេបានជួបប្រឈមនូវបញ្ហាតម្លៃសាច់សត្វរស់ធ្លាក់ចុះជាច្រើនឆ្នាំមកហើយនោះ។
សូមបញ្ជាក់ថា នៅក្នុងជំនួបរវាងរាជរដ្ឋាភិបាលជាមួយផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រីខុសច្បាប់ ដែលមានថ្លៃថោក និងខូចគុណភាព ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករជាអ្នកចិញ្ចឹមសត្វ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាការប្រកួតប្រជែងឱ្យស្មើភាពលើការធ្វើពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និង ការពារសុខភាពរបស់ប្រជាជន។ បន្ថែមលើនេះ សម្តេចធិបតីជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window)សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាត ឱ្យបានលឿនផងដែរ៕