ជម្លោះតំបន់មជ្ឈិមបូព៌ា

ក្រុមហួធីរឹបអូសនាវារបស់ជប៉ុន ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាសព្រមដោះដូរចំណាប់ខ្មាំងជាថ្នូរនឹងផ្អាកការប្រយុទ្ធ៥ថ្ងៃ


ក្រុមកងកម្លាំងហួធី នៅប្រទេសយេម៉ែន បានរឹបអូសកប៉ាល់ដឹកទំនិញរបស់ជប៉ុនមួយគ្រឿងនៅសមុទ្រក្រហមភាគខាងត្បូង ដោយចោទថា ជារបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលថា គ្មានជាប់ពាក់ព័ន្ធនឹងនាវានេះនោះទេ និងបានហៅទង្វើនេះ គឺជាសកម្មភាពភេរវកម្ម ដែលបង្កគ្រោះថ្នាក់សម្រាប់សន្តិសុខនាវាចរណ៍អន្តរជាតិ។ ស្របពេលជាមួយគ្នានេះ មានសេចក្តីរាយការណ៍មកថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដោះដូរចំណាត់ខ្មាំងនឹងគ្នាហើយ ជាថ្នូរសម្រាប់ការផ្អាកការប្រយុទ្ធ រយៈពេល៥ថ្ងៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ជម្លោះតំបន់មជ្ឈិមបូព៌ា
ដោយ

អ្នកនាំពាក្យក្រុមហួធី បាននិយាយថា ពួកគេពិតជាបានរឹបអូសកប៉ាល់មួយគ្រឿងនៅសមុទ្រក្រហមមែន និងថា នាវានោះ គឺជារបស់អ៊ីស្រាអែល។ យ៉ាងណាមិញ យោងតាមក្រុមហ៊ុនដឹកជញ្ជូនជប៉ុន Nippon Yusen ដែលជាក្រុមហ៊ុនរបស់កប៉ាល់នេះបានបញ្ជាក់ថា កប៉ាល់សម្រាប់ដឹករថយន្តដែលធ្វើប្រតិបត្តិការនៅសមុទ្រក្រហមនោះ ពិតជាត្រូវបានរឹបអូសមែន ហើយខ្លួនកំពុងប្រមូលព័ត៌មានបន្ថែម។ បើតាមការកាសែតជប៉ុននីកេ មាននាវិកចំនួន២២នាក់នៅលើនាវានោះ រួមទាំងជនជាតិប៊ុលហ្គារី និងហ្វីលីពីន ប៉ុន្តែមិនមានជនជាតិជប៉ុនទេ។

ទន្ទឹមគ្នានេះ មន្ត្រីការពារជាតិអាម៉េរិកម្នាក់បាននិយាយថា គេក៏បានដឹងអំពីហេតុការណ៍នេះដែរ និងកំពុងតាមដានយ៉ាងដិតដល់។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយថា គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់នៅលើកប៉ាល់នោះទេ ហើយវាក៏មិនមែនជាកម្មសិទ្ធរបស់អ៊ីស្រាអែលដូចការចោទរបស់ក្រុមហួធីដែរ។ តែលោកថា នេះគឺជាអំពើភេរវកម្មមួយផ្សេងទៀតរបស់អ៊ីរ៉ង់ ដែលគាំទ្រក្រុមឧន្ទាម និងបានប៉ះពាល់ជាអន្តរជាតិ ទៅនឹងសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនសកល។

មែនទែនទៅ កងកម្លាំងហួធីដែលកំពុងគ្រប់គ្រងមួយភាគធំនៃទឹកដីយេម៉ែន និងមានការគាំទ្រជួយពីក្រោយដោយអ៊ីរ៉ង់ បានប្រកាសគាំទ្រហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល តាំងពីដើមដំបូងមកម្ល៉េះ។ ក្រុមនេះក៏បាននិងកំពុងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាច្រើនទៅកាន់អ៊ីស្រាអែលផងដែរ។ កាលពីពេលថ្មីៗ ក្រុមហួធី បាននិយាយថា កប៉ាល់ទាំងអស់ដែលគ្រប់គ្រង ឬធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអ៊ីស្រាអែល ឬមានទង់ជាតិអ៊ីស្រាអែលអាចនឹងត្រូវបានកំណត់គោលដៅ។

យ៉ាងណាមិញ បើតាមការរាយការណ៍មួយដោយកាសែត Washington Post កាលពីថ្ងៃសៅរិ៍ អ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្អាកការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ។ បើតាមកិច្ចព្រមព្រៀងកម្រាស់៦ទំព័រនោះ ភាគីទាំងអស់នឹងត្រូវផ្អាកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់៥ថ្ងៃ ដើម្បីឱ្យចំណាប់ខ្មាំង៥០នាក់ ឬច្រើនជាងនេះ ត្រូវបានដោះលែងក្នុងរយៈពេល២៤ម៉ោង។

យោងតាមប្រភពដែលដឹងអំពីរឿងនេះបានប្រាប់ Washington Post ថា ការដោះលែងនឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមិនទាន់មានការបញ្ជាក់ណាមួយពីសំណាក់សេតវិមាន និងរដ្ឋាភិបាលអ៊ីស្រាអែលនៅឡើយទេ ជុំវិញព័ត៌មាននេះ។

គួររំលឹកថា ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់ អំឡុងការវាយឆ្មក់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលា និងកំពុងឃុំទុកនៅតំបន់ហ្គាហ្សា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញពិនិត្យប្រទីបរាជរដ្ឋាភិបាល

ព័ត៌មាន
នាល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញពិន…

មន្ត្រី ក.ប.ប រឹបអូសសាច់បង្កកខូចគុណភាពបានជិត២ពាន់តោននៅជិត១១ខែឆ្នាំនេះ

ព័ត៌មាន
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានរឹបអូសផលិតផលសាច់បង្កកចម្រុះ និងបង្គារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ