
លោក ល័រ ជាំងប៉ អ្នកគ្រប់គ្រងគម្រោងបានឲ្យដឹងថា ការផ្តល់ប្រាក់ទឹកចិត្តដល់កម្មកររបស់លោកនាពេលនេះ គឹគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់កម្មករ ដែលនៅតែបន្តការងារដោយរលូន ទោះបីជាថ្ងៃចូលឆ្នាំក៏ដោយ។ ម្យ៉ាងវិញទៀត ទោះបីរាជរដ្ឋាភិបាលប្រកាសថា ថ្ងៃចូលឆ្នាំនេះតម្រូវឲ្យធ្វើការងារជាធម្មតាក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តផ្តល់ប្រាក់បន្ថែមនេះដែរ ដើម្បីកម្មករនិយោជិតទាំងអស់មានកម្លាំងធ្វើការងារ ហើយបើទោះបីជាថ្ងៃក្រោយ លែងមានបញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យមានការឈប់សងយ៉ាងណា ក៏នៅតែអនុវត្តតាមដដែល ។

លោក រិទ្ធិ តំណាងឲ្យកម្មករនិយោជិតនៃក្រុមហ៊ុនសាងសង់ផ្លូវដែកចិនCRCC ដែលកំពុងសាងសង់គម្រោង The Peak បានបង្ហាញពីចំណាប់អារម្មណ៍រីករាយ ចំពោះការផ្តល់ប្រាក់រង្វាន់លើកចិត្តនេះ។ លោកថា«កម្មករនៅទីនេះ គឺមិនមាននរណាអាក់អន់ស្រពោនចិត្ត ដែលមិនបានទៅស្រុកកំណើត នាឱកាសចូលនេះនោះទេ ព្រោះថាពួកគាត់សុទ្ធតែដឹងថា ប្រទេសយើងកំពុងតែមានការរាតត្បាតនៃវីរុសកូរ៉ណានេះ ដូច្នេះថ្វីត្បិតតែយើងនៅធ្វើការដដែលមែន តែយើងក៏បានប្រាក់កម្រៃជាធម្មតា ថែមទាំងបានប្រាក់លើកទឹកចិត្តបន្ថែមទៀត»។

ក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd ដែលហៅកាត់ថា ("CRUCG") គឺជាក្រុមហ៊ុនដែលបានកាន់កាប់ជាអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោង The Peak ។ ក្រុមហ៊ុន Oxley Gem មានជំនឿទុកចិត្តលើក្រុមហ៊ុនមួយនេះថា នឹងអាចបញ្ចប់ការងារសាងសង់ដោយរលូន។ បើតាមអ្នកលោក ល័រ ជាំងប៉ អ្នកគ្រប់គ្រងគម្រោង បញ្ជាក់ថា គម្រោងThe Peak នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះហើយ៕