លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចស្នើឲ្យសមាជិកជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃមួយសមរម្យនាពេលនេះ គឺដោយសារមើលឃើញមានប្រជាកសិករមួយចំនួន បាននិងកំពុងប្រមូលផលស្រូវស្រាល ជួបបញ្ហាគ្រោះទឹកជំនន់ដូចជាការដាច់ផ្លូវជាដើមធ្វើឲ្យស្ទះចលនាទិញលក់ស្រូវ ដូច្នេះ បានជាសហព័ន្ធស្នើឲ្យសមាជិកបន្ដជួយទិញស្រូវទាំងនោះ បីទោះជា ផលស្រូវដែលប្រមូលបានមានសភាពសើមយ៉ាងណាក៏ដោយចុះ ត្រូវទិញក្នុងតម្លៃមួយសមរម្យ។
ជុំវិញទៅនឹងផលប៉ះពាល់លើផលិតកម្មស្រូវ ដោយសារតែគ្រោះទឹកជំនន់នាពេលនេះ ត្រូវបានលោកឧកញ៉ា សុង សារ៉នបញ្ជាក់ថា ស្ថានភាពនៃគ្រោះទឹកជំនន់ទើបតែចាប់ផ្តើម ដូច្នេះមិនទាន់អាចធ្វើការវាយតម្លៃពីផលប៉ះពាល់ក្នុងកម្រិតណាមួយបាននៅឡើយទេ។ ទោះយ៉ាងណា ក្នុងនាមជាប្រធានសហព័ន្ធ គឺជំរុញឲ្យសមាជិកជួយទិញស្រូវពីប្រជាកសិករស្ថិតក្នុងឱកាសដែលប្រជាកសិករជួបបញ្ហាលំបាកឲ្យបានទាន់ពេលវេលា និងតម្លៃមួយសមរម្យ។
លោកឧកញ៉ា បានបញ្ជាក់ទៀតថា យើងព្យាយាមឲ្យសមាជិកជួយទិញស្រូវ កុំឲ្យស្ថានភាពអាក្រក់កើតមានឡើងទៅថ្ងៃខាងមុខ ព្រោះមានតែការជួយទិញស្រូវទេ ទើបជួយពួកគាត់បាន ខណៈស្រូវដែលខូចគុណភាព គឺតម្លៃប៉ុន្មានក៏ប្រជាកសិករលក់ដែរ ដូច្នេះបានជាយើងត្រូវជំរុញឲ្យសមាជិកជួយទិញស្រូវពួកគាត់ឲ្យទាន់ពេលវេលា។ លោកថា ភាគច្រើនខេត្តដែលរងផលប៉ះពាល់ គឺខេត្តស្ថិតនៅក្នុងតំបន់ទំនាបកណ្តាលមានដូចជា បន្ទាយមានជ័យ ខេត្តបាត់ដំបង និងពោធិ៍សាត់ គឺប៉ះពាល់ខ្លាំងជាងគេ។
ប្រធានសហព័ន្ធស្រូវអង្កររូបនេះ បានបន្ថែមទៀតថា តម្លៃស្រូវដែលសមាជិកសហព័ន្ធទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យកន្លងមកគឺស្ថិតនៅក្នុងតម្លៃចន្លោះពី ១.០០០ ទៅ១.១៥០ រៀលក្នុងមួយគីឡូក្រាម។ លោកបន្តថា តម្លៃស្រូវឆ្នាំនេះ គឺជាតម្លៃស្រូវមួយល្អ ហើយសមរម្យបំផុត ដែលអាចនិយាយបានថា តម្លៃនេះ មិនអាក្រក់ដូចឆ្នាំទៅមិញនោះទេ ដោយក្នុង១គីឡូក្រាមថ្លៃត្រឹម៧០០រៀល ទៅ៨០០រៀលប៉ុណ្ណោះ។
តាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្កររបស់កម្ពុជា សម្រាប់រយៈពេល ៩ខែដំបូង នៃឆ្នាំ២០២០នេះ នៅតែរក្សាបានកំណើនជិត ២៣% ធៀបនឹង៩ខែឆ្នាំមុននេះ ដោយក្នុងនោះ ប្រាក់ចំណូលដែលបានពីការនាំចេញអង្ករ សម្រេចបានដល់ទៅជិត ២៣០ លានដុល្លារអាមេរិក៕