វិបត្តិសេដ្ឋកិច្ចចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ត្រូវការកម្លាំងពលកម្មចំណាកស្រុកបន្ថែមទៀតដើម្បីស្ដារកំណើន


ចក្រភពអង់គ្លេសត្រូវការកម្លាំងពលកម្មចំណាកស្រុកបន្ថែមទៀត ដើម្បីបង្កើនផលិតភាពការងារ ខណៈដែលប្រទេសនេះប្រឈមមុខនឹងការលាយឡំគ្នាយ៉ាងស្មុគស្មាញរវាងការកើនឡើងនូវអតិផរណា និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។ នេះបើតាមក្រុមសម្របសម្រួលអាជីវកម្មសំខាន់របស់ប្រទេសនេះ បានព្រមានឡើងកាលពីថ្ងៃចន្ទ និងត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើននៅថ្ងៃនេះ។
ចក្រភពអង់គ្លេសដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ត្រូវការកម្លាំងពលកម្មចំណាកស្រុកបន្ថែមទៀតដើម្បីស្ដារកំណើន

ការវិនិច្ឆ័យ​​របស់​សហព័ន្ធឧស្សាហកម្មអង់គ្លេស (CBI) ​អំពីតម្រូវការ​កម្លាំងពលកម្មចំណាកស្រុក​បន្ថែម​សម្រាប់​រុញកំណើនផលិតភាពការងាររបស់អង់គ្លេសនេះ ​​បានធ្វើឡើងនៅឯកិច្ច​ប្រជុំ​ប្រចាំឆ្នាំរបស់ខ្លួនមួយ​​នៅទីក្រុង​ប៊ឺមីង​ហេម​ (Birmingham)​ ដែលជាទីក្រុងធំបំផុតទី២របស់ចក្រភពអង់គ្លេស ហើយកិច្ចប្រជុំនេះទៀតសោត បានកើតឡើងបន្ទាប់ពី ​រាជរដ្ឋាភិបាល​របស់​នាយករដ្ឋ​មន្ត្រី​អង់​គ្លេស​លោក រីស៊ី ស៊ូណាក់​ កាល​ពី​សប្ដាហ៍​មុន​​បាន​កាត់​បន្ថយ​ចំណាយ​ និងបាន​​ដំឡើង​ពន្ធ​​​ក្នុងកញ្ចប់​ថវិកា ​បើ​ទោះ​ជា​បាន​សារ​ភាព​ថា ប្រទេស​ដែលរង​គ្រោះ​ដោយ​​អតិផរណា​មួយ​​នេះ ​បាននិងកំពុង​​ធ្លាក់​ចូល​ក្នុង​វិបត្តិសេដ្ឋ​កិច្ចក៏ដោយ​​។​

លោក តូនី ​ដេនឃឺ​ (Tony Danker)​ អគ្គនាយក​សហ​ព័ន្ធឧស្សាហកម្មអង់គ្លេស CBI ​បានប្រាប់​ក្រុមប្រតិភូ​​នៅ​ទីក្រុង​ប៊ឺមីង​ហេម​​នៅ​ភាគ​កណ្តាលប្រទេសអង់គ្លេសថា​ ពួកគេ​​បាន​ជួប​ជុំ​គ្នាជា​ថ្មី​ទៀត​​នៅ​ក្នុង​ពេលវេលាមិនធម្មតា ហើយ​ថា អង់គ្លេសស្ថិតនៅចំកណ្ដាល​​នៃការជាប់គាំង​​​អតិផរណា ដែល​ចេះ​តែ​កើន​​​ឡើង និង​កំណើនអវិជ្ជមាន​​ជាលើកដំបូង។

អតិផរណាចក្រភពអង់គ្លេសបានស្ថិត​នៅ​ក្នុង​កម្រិតខ្ពស់បំផុត ១១,១%​ ដែល​ជា​ការ​​កើន​ឡើង​ដល់​កំពូល​មិន​ធ្លាប់​មាន​ក្នុង​​រយៈពេល ៤១ ឆ្នាំ​មក​នេះ ​​ធ្វើ​ឱ្យ​តម្លៃអាហារ និងថាមពល​កើនឡើងយ៉ាងគំហុក ​ក្រោយ​ពី​មាន​​ការ​ផ្ទុះ​ឡើង​​នូវ​សង្គ្រាម​​​អ៊ុយក្រែន​។

តម្លៃទំនិញប្រើប្រាស់បានឡើងថ្លៃខ្ពស់ មួយផ្នែកក៏ដោយសារតម្រូវការស្ទុះងើបឡើងវិញ​​ បន្ទាប់ពីការ​ដកវិធាន​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺរាតត្បាត​កូវីដ​១៩​។ ប្រការ​នោះ​បានធ្វើឱ្យវិបត្តិ​នៃ​ការ​ចំណាយ​សម្រាប់​ការរស់នៅ​កាន់តែអាក្រក់ទៅៗ​​សម្រាប់​ក្រុម​ហ៊ុន​ និង​ពលរដ្ឋ​ដែលបាន​​រងផលប៉ះពាល់រួច​ទៅ​ហើយ​​ដោយការដំឡើង​អត្រាការប្រាក់​​ ខណៈដែល​ធនាគារ​កណ្តាល​អង់​គ្លេស​បាន​ព្យាយាមកាត់​បន្ថយ​​​​អតិផរណា​​ដ៏​សែន​​ពិបាក​គ្រប់​គ្រង​នេះ​។​

ចក្រភពអង់គ្លេសបានព្យាករថាសេដ្ឋកិច្ចរបស់ខ្លួននឹងធ្លាក់ចុះ ១,៤% ​នៅឆ្នាំក្រោយ ហើយផលប៉ះពាល់សេដ្ឋកិច្ចទាំងនោះ មួយផ្នែក​ក៏ដោយសារតែការ​ចាក​ចេញ​របស់អង់គ្លេស​ពី​សហ​ភាព​អឺរ៉ុប​របស់​អង់​គ្លេស​ (Brexit)​ ដ្បិតថា វាបានធ្វើ​​ឱ្យ​កម្មករបរទេស​​ត្រឡប់ទៅប្រទេស​របស់​ពួកគេ​វិញ​។​

លោក តូនី ​ដេនឃឺ​ (Tony Danker)​ អគ្គនាយក​សហ​ព័ន្ធឧស្សាហកម្មអង់គ្លេសគូសបញ្ជាក់ថា ម៉ោងធ្វើការមានការកើនឡើងកាន់តែច្រើន ​​ដោយសារអន្តោប្រវេសន៍កាន់តែច្រើន​​ ហើយ​ថា​មនុស្សកំពុងជជែកតវ៉ាប្រឆាំងនឹងរឿងជនអន្តោប្រវេសន៍នេះ ប៉ុន្តែ វាជាកត្តាតែ​មួយគត់ដែលបានបង្កើនសក្តានុពលកំណើនរបស់អង់គ្លេស​​ចាប់តាំងពីខែមីនា​មក។

យ៉ាងណាក៏ដោយចុះ លោក ស៊ូណាក់ ​​ថា លោកយល់​ស្រប​ពីការអំពាវនាវរបស់​សហ​ព័ន្ធ​ CBI ​សម្រាប់ការងារចំណាកស្រុកស្របច្បាប់បន្ថែមទៀត ​ប៉ុន្តែលោក​មិន​យល់​ស្រប​ចំពោះ​ការធ្វើចំណាកស្រុកខុសច្បាប់​នោះ​ទេ​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


អាមេរិក និងអឺរ៉ុបអាចឈប់ពឹងផ្អែកលើអាគុយរថយន្ដអគ្គិសនីពីចិនបាន ប៉ុន្ដែត្រូវចំណាយទុន១៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០

សហរដ្ឋអាមេរិក និងអឺរ៉ុប អាចនឹងកាត់បន្ថយ ឬបញ្ឈប់ការពឹងផ្អែករបស់ពួកគេលើដង្ហើមប្រទេសចិន សម្រាប់អាគុយរថយន្តអគ្គិសនី ដោយតាមរយៈការចំណាយទុនថ្…

កូរ៉េខាងត្បូងវ៉ាដាច់ចិនក្លាយជាប្រទេសលក់សព្វាវុធធំបំផុតទីបួនក្នុងលោក

ការលក់អាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះបានកើនឡើងដល់ ១៧ ពាន់លានដុល្លារ កើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំធៀបនឹងឆ្នាំមុន ហើយអ្នកអង្កេត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ