ថ្លែងនាឱកាសសិក្ខាសាលាស្តីពី «ជម្រើសហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» ថ្ងៃទី២៧ ខែធ្នូ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតកម្ពុជា បាននិងកំពុងប្រយុទ្ធនឹងជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ តែកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញពីភាពរឹងមាំ និងវិជ្ជមាន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃនិយ័តករមូលបត្រកម្ពុជា ក៏បានបង្ហាញក្ដីរំពឹង ដែរថា នៅឆ្នាំបន្ទាប់ សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានកំណើន ដោយមានការចូលរួមបន្ថែមពីវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនិងជំរុញវិស័យ SME នៅកម្ពុជា និយ័តករផ្សារមូលបត្រកម្ពុជា បានធ្វើវិសោធនកម្មនូវបទបញ្ញាតិ្ត និងច្បាប់ពាក់ព័ន្ធមួយចំនួន ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចមានលទ្ធភាពបោះផ្សាយលក់ជាមូលបត្រ ជាសាធារណៈ ព្រមទាំងចុះបញ្ជីលក់មូលបត្រនៅទីផ្សារ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ជាមួយការចុះបញ្ជីនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៤ ក្រុមហ៊ុន។ ក្នុងនោះ មាន៨ក្រុមហ៊ុន ចុះបញ្ជីលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ នៅចុងត្រីមាសទី ៣ឆ្នាំ២០២១ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃផ្សារមូលបត្រកម្ពុជាមានជាង១ពាន់៨រយលានដុល្លារអាមេរិក, ទំហំជួញដូរភាគហ៊ុនសរុបមានជាង៧លានភាគហ៊ុន ធៀបនឹងត្រីមាសទី៣ឆ្នាំ២០២០កើនឡើង ១១៤%។ រីឯ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានជាង១១ម៉ឺនភាគហ៊ុន ដោយមានតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃមានជាង២៥ម៉ឺនដុល្លារ៕