ការធ្វើទំនើបកម្មការជួញដូរចល័តនេះ ធ្វើឡើងក្រោយផ្សារមូលបត្រកម្ពុជាសង្កេតឃើញការជួញដូរមូលបត្រចល័តតាមកម្មវិធី MTS (Mobile Trading System)មានការកើនឡើងខ្ពស់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែងនៅឆ្នាំ២០២១ ការជួញដូរភាគហ៊ុនមានទំហំជាង២៧ម៉ឺនដុល្លារក្នុង១ថ្ងៃមានការកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២០។
នាពិធីប្រកាសដាក់ឲ្យប្រើប្រាស់បឋមនូវកម្មវិធីជួញដូរមូលបត្រចល័តតាមទូរសព្ទ CSX Trade នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះកម្មវិធីនេះក្នុងការធ្វើឲ្យទីផ្សារភាគហ៊ុនកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមរំពឹងថា តាមរយៈការធ្វើទំនើបកម្មពីកម្មវិធី Mobile Trading System ដែលមានលក្ខណៈជាគេហទំព័រមកជាកម្មវិធីទូរសព្ទ ដែលអាចធ្វើប្រតិបត្តិការទាំងប្រព័ន្ធ IOS និង Android នេះ វានឹងជួយជំរុញកំណើនការជួញដូរភាគហ៊ុននៅកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត ក៏ដូចជាជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបោះទុនវិនិយោគក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើន។ ឯកឧត្តមបានបន្តថា គោលបំណងនៃការដាក់ឲ្យដំណើរការកម្មវិធីនេះគឺដើម្បីជួយសម្រួលអតិថិជនក្នុងការជួញដូរភាគហ៊ុនឲ្យកាន់តែរហ័ស និងមានសុវត្ថិភាពជាងមុន។
ជាមួយគ្នានេះឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកការដាក់ឲ្យដំណើរកម្មវិធី CSX Trade នេះ ជាការបោះជំហានទៅមុខមួយកម្រិតរបស់ផ្សារមូលបត្រកម្ពុជាក្នុងការឆ្លើយតបភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងការជំរុញឲ្យមានការជួញភាគហ៊ុនតាមបែបឌីជីថល។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីនេះវានឹងជួយឲ្យផ្សារមូលបត្រកម្ពុជាមានការប្រកួតប្រជែងកាន់តែខ្ពស់ និងផ្តល់ភាពងាយស្រួលដល់ការអភិវឌ្ឍន៍ទីផ្សារមូលបត្រ ក៏ដូចជាជួយសម្រួលដល់ការវិនិយោគលើផ្សារភាគហ៊ុនដល់វិនិយោគិនជាតិ និងអន្តរជាតិ។
ពាក់ព័ន្ធទីផ្សារមូលបត្រកម្ពុជាឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ កន្លងទៅ ផ្សារមូលបត្រកម្ពុជាបានបំបែកកំណត់ត្រាថ្មី ដោយមានការជួញដូរភាគហ៊ុនជាមធ្យមជាង២៧ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ មានការកើនឡើង១២៧% បើធៀបនឹងការជួយដូរប្រចាំថ្ងៃកាលពីឆ្នាំ២០២០។ សម្រាប់ឯកឧត្តម ហុង សុហួរ ចាត់ទុកការកើនឡើងនេះមិនមែនជារឿងចៃដន្យនោះទេ ពោលគឺកំណើននេះបានកើតឡើងបន្ទាប់ពីផ្សារមូលបត្រកម្ពុជាដាក់ដាក់ឲ្យដំណើរការនូវប្រព័ន្ធជួយដូរចល័ត Mobile Trading System កាលពីឆ្នាំ២០១៨។
ជាក់ស្តែងចំនួនបញ្ជាដែលដាក់មកទីផ្សារមូលបត្រនៅឆ្នាំ២០២១ សរុបបានកើនដល់ជិត៥០ម៉ឺនបញ្ជាដែលស្មើនឹង៣២ដងបើធៀបនឹងឆ្នាំ២០១៧ ដែលក្នុងនោះ ៩៩% នៃចំនួនបញ្ហាសរុបគឺជាបញ្ជាតាមរយៈប្រព័ន្ធជួញដូរចល័ត ខណៈការដាក់បញ្ជាតាមរយៈភ្នាក់ងារមូលបត្រមានត្រឹមតែ១%ប៉ុណ្ណោះ។ ការជួញដូរតាមប្រព័ន្ធ MTS ដំបូងមានត្រឹមតែជាង៣ពាន់៤រយគណនីប៉ុណ្ណោះ ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង១ម៉ឺន៧ពាន់គណនីស្មើនឹង៥៥% នៃគណនីជួយដូរសរុប ដែលមានជាង៣ម៉ឺនគណនី៕