
លោក ជេម ហូត (James Hodge) ប្រធានទីប្រឹក្សាយុទ្ធសាស្ត្រសម្រាប់ទ្វីបអឺរ៉ុប នៅក្រុមហ៊ុន ទូរគមនាគមន៍មួយវាយតម្លៃថា ការគំរាមកំហែងតាមអ៊ីធឺណិតនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបធ្ងន់ធ្ងរក្នុងទំហំរហូតដល់១០ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ នេះ។ ការវាយតម្លៃបែបនេះរបស់អ្នកជំនាញរូបនេះធ្វើឡើងដោយផ្អែកលើសន្ទុះនៃការគំរាមកំហែងដែលកំពុងកើតឡើងនៅសហភាពអឺរ៉ុប ហើយបញ្ហាគំរាមកំហែងតាមអ៊ីនធឺណិតនេះនឹងបន្តវាយប្រហារប្លុកនេះរហូតដល់ឆ្នាំ២០២៩ ដោយគេប៉ាន់ប្រមាណថា អាចនឹងកើតឡើងយ៉ាងហោចណាស់៦៤% ទៀត។
ដោយសារភាពស៊ាំញ៉ាំនៃការរវិន្តរបស់វិស័យបច្ចេកវិទ្យាឌីជីថលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ លោក ហូត ជឿជាក់ថា ការវាយប្រហារតាមអ៊ីនធឺណិតនឹងបន្តកើតមាន ដែលអាចបង្កផលលំបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់អឺរ៉ុប ជាពិសេសនៅពេលវាប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រព័ន្ធបច្ចេកវិទ្យា។ អ្នកជំនាញរូបនេះ បានវាយតម្លៃថា អាជីវកម្មខ្នាតតូចនឹងក្លាយជាអ្នកងាយរងគ្រោះខ្លាំងជាងគេពីការគំរាមកំហែងតាមអ៊ីធឺណិតទូទាំងសហភាពអឺរ៉ុប។
លោកបានលើកឡើងថា អាជីវកម្មដែលមានប្រាក់ចំណូលតិចជាង២៥០លានដុល្លារទំនងជារងផលប៉ះពាល់ពីការគំរាមកំហែងតាមអ៊ីនធឺណិតខ្លាំងជាងអាជីវកម្មដែលមានប្រាក់ចំណូលជាង៥ពាន់លានដុល្លារ ដោយសារភាពខុសគ្នានៃការវិនិយោគលើការការពារតាមអ៊ីនធឺណិត។
បើយោងតាមទិន្នន័យពីក្រុមហ៊ុន Check Point ឧស្សាហកម្មដែលងាយរងគ្រោះបំផុតពីការវាយប្រហារតាមអ៊ីនធឺណិត រួមមានវិស័យអប់រំ ភ្នាក់ងាររដ្ឋាភិបាល ការថែទាំសុខភាព ទូរគមនាគមន៍ និងសំណង់។ ការវាយប្រហារតាមអ៊ីនធឺណិតមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពលរដ្ឋនៅអឺរ៉ុប ផងដែរ៕
ដោយៈ សរ សុជាតិ