ឯកសារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប បានបង្ហាញថា ប្លុកនេះកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗរួមមាន រ៉ែកម្រ រ៉ែតង់ស្ទីន និងរ៉ែអង់ទីម៉ូនី ដែលមានសារសំខាន់សម្រាប់ឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាទំនើប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា។ សហភាពអឺរ៉ុប កំពុងពិចារណាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ឧស្សាហកម្មរុករករ៉ែ និងកែច្នៃរ៉ែរបស់វៀតណាម ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជំនួសចិន ខណៈការរឹតបន្តឹងការនាំចេញរបស់ទីក្រុងប៉េកាំង កាលពីឆ្នាំមុន បានបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់អឺរ៉ុប។
ទន្ទឹមនេះ ម៉ាឡេស៊ី កំពុងជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប នៅខែមិថុនា ឆ្នាំ២០២៧ ខណៈការចរចាបានសម្រេចប្រមាណ៨០% ហើយ។ បញ្ហាពាណិជ្ជកម្មប្រេងដូង និងរថយន្តនៅតែជាចំណុចសំខាន់ដែលត្រូវដោះស្រាយបន្ត។ កិច្ចព្រមព្រៀងនេះអាចជួយពង្រីកទីផ្សារ និងទាក់ទាញការវិនិយោគ ខណៈម៉ាឡេស៊ី ព្យាយាមពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ដោយមិនបោះបង់ទំនាក់ទំនងជាមួយអាម៉េរិក និងចិន។ ក្រៅពីពាណិជ្ជកម្ម សហភាពអឺរ៉ុប ក៏កំពុងគាំទ្រការពង្រីកឧស្សាហកម្មបន្ទះឈីបនៅម៉ាឡេស៊ី ផងដែរ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យា និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើប្រភពតែមួយ។
សរុបមកការខិតខំប្រឹងប្រែងទាំងនេះបង្ហាញថា អាស៊ីអាគ្នេយ៍កំពុងមានតួនាទីកាន់តែសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់អឺរ៉ុប។ សម្រាប់បណ្ដាប្រទេសក្នុងតំបន់ វាអាចបើកផ្លូវឱ្យមានការវិនិយោគថ្មី ឱកាសនាំចេញកាន់តែច្រើន និងការចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គផ្គង់សកល ខណៈមហាអំណាចពិភពលោកកំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំង៕
ដោយ: តែម សុខុម