លោក រ៉ូណាដុល នូមមុនដា ( Ronadol Numnonda ) ទេសាភិបាលរងធនាគារកណ្តាលថៃ បានត្រូវដកស្រង់សំដីដោយសារព័ត៌មានថៃ នៅក្នុងសន្និសីទកាសែតថ្មីៗនេះ ថា ធនាគារកណ្តាលបានចាប់ផ្តើមវិធានការ ដើម្បីដោះស្រាយបំណុលគ្រួសារប្រកបដោយនិរន្តរភាពចាប់តាំងពីថ្ងៃទី ២១ ខែ កក្កដា មក ។
លោកបានមានប្រសាសន៍ថា វិធានការដែលធនាគារកណ្តាលដាក់ចេញនឹងជួយដោះស្រាយបញ្ហាប្រាក់កម្ចីមិនដំណើរការ បំណុលចាស់ ឫ បំណុលថ្មី ដោយរួមទាំងបំណុលក្រៅផ្លូវការប្រកបដោយប្រសិទ្ធភាព ហើយចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំក្រោយ ធនាគារកណ្តាលក៏នឹងដាក់ចេញនូវការអនុវត្តវិធានការទាក់ទងនឹងការផ្តល់ប្រាក់កម្ចី ដោយការទទួលខុសត្រូវបន្ថែមទៀត ។
លោករ៉ូណាដុលបានបន្ថែមថា នៅពេលនេះធនាគារកណ្តាលក៏កំពុងពិចារណាគោលការណ៍ណែនាំបន្ថែម ដើម្បីគ្រប់គ្រងបញ្ហាបំណុលគ្រួសារនេះ ដូចជា មូលដ្ឋានហានិភ័យតម្លៃ និងសមាមាត្រសេវាបំណុលជាដើម។
លោក ផេវង្ស ស្រ៊ីវ៉ានិច (Payong Srivanich) ប្រធានសមាគមធនាគារថៃ បាននិយាយថា បំណុលគ្រួសារប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេស ដូចនេះការដោះស្រាយបញ្ហាបំណុលគ្រួសារត្រូវបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្របីឆ្នាំរបស់សមាគម។
ប្រធានសមាគមធនាគារថៃរូបនេះ បានលើកឡើងនូវប្រាំចំណុចសំខាន់ៗក្នុងការដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើងនាពេលនេះ។ ទី១ ជួយឲ្យអ្នកជាប់បំណុលមានគោលការហិរញ្ញវត្ថុ និងការខ្ចីប្រាក់ឲ្យបានត្រឹមត្រូវ។ ទី២ អនុញ្ញាតឲ្យកូនបំណុលទទួលបានព័ត៌មានពាក់ព័ន្ធនឹងប្រាក់កម្ចី។ ទី៣ កំណត់ច្បាប់ផ្ដល់ប្រាក់កម្ចីដោយយុត្ដិធម៌ក្នុចំណោមម្ចាស់បំណុលរួមទាំង ស្ថាប័នធនាគារ និងមិនមែនធនាគារ។ ទី៤ កំណត់អត្រាការប្រាក់ ដោយផ្អែកលើហានិភ័យរបស់កូនបំណុល ដើម្បីកាត់បន្ថយបន្ទុករបស់ពួកគេ។ និងទី៥ អនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មើលឃើញពីអត្ថប្រយោជន៍ទៅវិញទៅមកក្នុងការដោះស្រាយបំណុលគ្រួសារនេះ។
អ្នកជំនាញជឿជាក់ថា "កិច្ចសហប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដោះស្រាយបំណុល នៅក្នុងសេដ្ឋកិច្ច" ខណៈដែលបំណុលគ្រួសារកំពុងឆ្លុះបញ្ចាំងពីបញ្ហាពាក់ព័ន្ធ ផ្សេងៗដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងវិសមភាពប្រាក់ចំណូល។
លោកបានថ្លែងថា ផលប៉ះពាល់ដោយសារអត្រាការប្រាក់គឺគួរឱ្យព្រួយបារម្ភ ហើយការកាត់បន្ថយអត្រាការប្រាក់ពី ២៥ភាគរយ ទៅ១៥ភាគរយជារៀងរាល់ឆ្នាំអាចជួយសង្គ្រោះកូនបំណុលបាន និងអាចជួយឲ្យពួកគេលទ្ធភាពហិរញ្ញវត្ថុអាចដោះស្រាយបំណុលបានប្រកបដោយនិរន្ដរភាព។
លោក ឆាតឆៃ ស៊ីរីឡៃ (Chatchai Sirilai)ប្រធានធនាគារកសិកម្ម និងសហករណ៍កសិកម្ម ថៃមានប្រសាសន៍ថា អ្នកខ្ចីចំនួន ៣ លាននាក់ គឺជាកសិករ ដែលកំពុងប្រឈមនឹងការលំបាកក្នុងការសងបំណុល ។
ដោយសារតែបញ្ហានេះលោកបាននិយាយថា ធនាគាររបស់លោក បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីដែលមានទំហំទឹកប្រាក់សរុបដល់ទៅ ២០ ពាន់លានបាតឫជិត ៥៨០ លានដុល្លារ ដើម្បីជួយកសិករវ័យចំណាស់ចំនួន ៤២ ០០០នាក់ ដោយពួកគេអាចនឹងរំដោះខ្លួនចេញពីបំណុលបាននៅត្រឹម ខែមីនាឆ្នាំក្រោយ៕
ដោយៈ សរ សុជាតិ