ឧក្រិដ្ឋកម្មស្កេមអនឡាញ

មហារីកសកល! ឧក្រិដ្ឋកម្មស្កេមអនឡាញអុកឡុកដល់អឺរ៉ុប បោកលុយបានជិត៥៨ពាន់លានដុល្លារ សូម្បីអាល្លឺម៉ង់ ក៏ទប់មិនជាប់


ពេលនេះឧក្រិដ្ឋកម្មស្កេមអនឡាញ បានក្លាយជាមហារីកស៊ីរូងយាយីដល់សន្តិសុខពិភពលោក បន្ទាប់ពីសេចក្តីរាយការណ៍ចុងក្រោយបានលាតត្រដាងថា សូម្បីតែពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប ដែលសម្បូរទៅដោយអ្នកចេះដឹង និងបច្ចេកវិទ្យាខ្ពស់ ក៏កំពុងធ្លាក់ខ្លួនជាជនរងគ្រោះយ៉ាងដំណំផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ DW ត្រឹមតែរយៈពេល១២ខែចុងក្រោយនេះ ពលរដ្ឋអឺរ៉ុប ត្រូវក្រុមស្កេមបោកប្រាស់អស់លុយរហូតដល់ទៅជិត៥៨ពាន់លានដុល្លារអាម៉េរិក។
ឧក្រិដ្ឋកម្មស្កេមអនឡាញ
ដោយ

កន្លងមកមហាជនទូទៅតែងតែគិតថា ឧក្រិដ្ឋជន និងជនរងគ្រោះនៃបណ្តាញបោកប្រាស់ស្កេមអនឡាញមានវត្តមានតែនៅក្នុងតំបន់អាស៊ី ជាពិសេសនៅអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះស្ថានការណ៍បានប្រែប្រួលទាំងស្រុង ដោយសារតែមហារីកឧក្រិដ្ឋកម្មអនឡាញមួយនេះបានរីករាលដាលឆ្លងទៅដល់ទឹកដីអឺរ៉ុបហើយ។ យោងតាមការសិក្សាស្រាវជ្រាវដ៏ស៊ីជម្រៅ​ពីសម្ព័ន្ធប្រឆាំងឧក្រិដ្ឋកម្មស្កេមសកល តាមរយៈការស្ទង់មតិប្រជាពលរដ្ឋជាង២២,០០០នាក់ នៅក្នុងប្រទេសអឺរ៉ុបចំនួន១៥ បានរកឃើញតួលេខដ៏រន្ធត់មួយ ដោយទឹកប្រាក់ដែលប្រជាជនអឺរ៉ុប ត្រូវខាតបង់ទៅលើដៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា​មានទំហំរហូតដល់ទៅជិត៥៨ពាន់លានដុល្លារត្រឹមរយៈពេល១២ខែចុងក្រោយ។

ផ្អែកតាមលទ្ធផលដ៏ជូរចត់នេះ ថ្នាក់ដឹកនាំអឺរ៉ុប បានចាប់ផ្តើមចាត់ទុកស្កេមអនឡាញថា ជាវិបត្តិធ្ងន់ធ្ងរបំផុត ដែលកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ វាមិនមែនគ្រាន់តែជាការបោកប្រាស់លុយកាក់កំប៉ិកកំប៉ុកធម្មតានោះទេ ប៉ុន្តែវាគឺជាទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការចាត់តាំងជាប្រព័ន្ធដោយមានការរៀបចំទុកជាមុន និងមានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនឹងអំពើជួញដូរមនុស្សថែមទៀតផង។

ទោះជាយ៉ាងណា បើទោះបីជាជនជាតិអឺរ៉ុប កំពុងខាតបង់លុយរាប់ពាន់លានដុល្លារក៏ដោយ ប៉ុន្តែសហភាពអឺរ៉ុប ហាក់បីដូចជាកំពុងដើរយឺតជាងគេមួយជំហានក្នុងការចាត់វិធានការក្តៅដើម្បីបង្ក្រាបបទល្មើសនេះ បើប្រៀបធៀបទៅនឹងល្បឿននៃការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេសចិន។ ៧៥%នៃពលរដ្ឋអឺរ៉ុបដែលរងគ្រោះ គឺជាមនុស្សពេញវ័យ ក្នុងនោះប្រទេសដែលរងការវាយប្រហារខ្លាំងជាងគេរួមមានស្វីស ដាណឺម៉ាក់ និងប៊ែលហ្ស៊ិក។ ដោយឡែកសម្រាប់មហាអំណាចសេដ្ឋកិច្ចអឺរ៉ុបដូចជា អាល្លឺម៉ង់វិញ ក៏ត្រូវរបួសធ្ងន់មិនតិចដែរ ដោយសារតែល្បិចបោកប្រាស់តាមប្រព័ន្ធអនឡាញនេះបានធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ដុនដាប និងខាតបង់ទឹកប្រាក់អស់ជាង១១ពាន់លានដុល្លារនៅមួយឆ្នាំចុងក្រោយនេះ។

ជុំវិញបញ្ហាប្រឈមដ៏ក្តៅគគុកនេះលោក ប្រាយអេន ហានឡេ (Brian D. Hanley) នាយកអង្គការសម្ព័ន្ធប្រឆាំងឧក្រិដ្ឋកម្មស្កេមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា មូលហេតុដែលធ្វើឱ្យអឺរ៉ុបងាយរងគ្រោះ និងក្លាយជាគោលដៅធំរបស់ក្រុមឧក្រិដ្ឋជន គឺដោយសារតែអឺរ៉ុបហាក់មិនសូវមានភាពសកម្ម និងខ្វះយុទ្ធសាស្ត្រវាយបកឱ្យចំគោលដៅ បើធៀបនឹងសហរដ្ឋអាម៉េរិក និងចិន។

ស្ថិតក្នុងស្ថានភាពនេះ អឺរ៉ុបបានទទួលស្គាល់ថា ស្កេមអនឡាញ គឺជាការគំរាមកំហែងលំដាប់ខ្ពស់ដល់ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន។ លោក ប្រាយអេន បានសង្កត់ធ្ងន់ថា ពេលនេះអឺរ៉ុបកំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងការបង្ខំចិត្តត្រូវតែចេញមុខចាត់វិធានការច្បាប់ឱ្យកាន់តែតឹងរ៉ឹងបំផុត ទៅលើបណ្តាញបក្សពួកស្កេម ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យា និងវេទិកា Social Media ធំៗ ដែលឧក្រិដ្ឋជនតែងតែយកមកប្រើប្រាស់ធ្វើជាឧបករណ៍បោកប្រាស់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនជាច្រើនគ្រោងរើផលិតកម្មចេញពីសិង្ហបុរី ទៅម៉ាឡេស៊ី ដោយសារថ្លៃដើមផលិតទាប និងមានការលើកលែងពន្ធខ្ពស់

នៅប៉ុន្មានខែចុងក្រោយនេះ និន្នាការនៃការផ្លាស់ប្តូរទីតាំងអាជីវកម្មពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសម៉ាឡេស៊ី កំពុងមានសម្ទុះកើនឡើងគួរឱ្យកត់សម្គ…

ប្រទេសចំនួន២២ ចេញលិខិតព្រមានអ៊ីរ៉ង់ ឱ្យឈប់វាយប្រហារលើទឹកដីរបស់ខ្លួន

បញ្ហាភូមិសាស្ត្រអន្តរជាតិ បានឡើងកម្តៅកាន់តែខ្លាំង ដោយនៅថ្ងៃទី១១ ខែមិថុនា ប្រទេសចំនួន២២ ជុំវិញពិភពលោក ដែលរួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ